ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ ) រកចំណូលបានជិត ១០ លានដុល្លារ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលជាការឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។
របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា ចាប់ពីខែមករា ដល់មីនា ឆ្នាំ ២០២២ អង្គភាពនេះរកចំណូលបាន ៩ ៤៩៨ ១៤៦ ដុល្លារ ជាចំណូលដែលពុំទាន់បានធ្វើសវនកម្ម កើនឡើង ១៧ ភាគរយបើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៨ ១១៨ ០៤២ ដុល្លារ ជាចំណូលក្រោយពីធ្វើសវនកម្មរួច។
ចំពោះប្រភពចំណូលវិញ កំពង់ផែស្វយ័តភ្នំពេញមានប្រភពចំណូល ៤ រួមមាន ទី ១ ចំណូលពីប្រតិបត្តិការផែ មានចំនួន ៧ ៨៨១ ៦០៦ ដុល្លារកើនឡើង ២៧ ភាគរយ ទី ២ ចំណូលបានពីអាជ្ញាធរផែ ចំនួន ១ ០០៣ ០៩៦ ដុល្លារកើន ១៣ ភាគរយ ទី ៣ ចំណូលបានពីសេវាកម្មផ្សេងៗចំនួន ៤៨ ៣៨៧ ដុល្លារ ថយចុះ ៣៨ ភាគរយ និងទី ៤ ចំណូលផ្សេងៗ ៥៦៥ ០៥៧ ដុល្លារ ថយចុះ ៤១ ភាគរយ បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១។
ដោយឡែកចំពោះលទ្ធផលការងារអាជីវកម្មនៃសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ នេះវិញ បានបង្ហាញថា ការដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែនេះមានប្រមាណជាង ១,៣ លានតោន កើន ៤,១៦ ភាគរយ, នាវាផ្ទុកទំនិញឆ្លងកាត់មាន ១ ៦៨៨ ជើង កើនឡើងជិត ១២០ ភាគរយ, បរិមាណកុងតឺន័រមាន ១៣៥ ៥៨២ TEU កើនឡើង ៣៨,២៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២។
ក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី ៧ របស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ លោក ហ៊ឺ បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា ឆ្នាំ ២០២២ នេះ ក.ស.ភ. មានផែនការការងារជាអាទិភាពសម្រាប់អនុវត្តបន្តទៀតដូចជា គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM ១៧ ជំហានទី ៣ ដំណាក់កាល ទី ២ (ឆ្នាំ ២០២២-២០២៣) ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឱ្យបានដល់ ៥០០ ០០០ (ហាសិបម៉ឺន) TEU/ឆ្នាំ។
លោកបានបន្ថែមទៀតថា កំពង់ផែស្វយ័តភ្នំពេញក៏មានគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេនៅតាមទីតាំងមួយចំនួនទៀត រួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែរណបពហុបំណង TS១១, ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM9), ចំណតផែរណបពហុបំណងទន្លេបិទ (UM២), ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម ដើម្បីបង្ខិតសេវាកម្មរបស់ ក.ស.ភ. ឱ្យកាន់តែកៀកទៅអតិថិជន។
លោកបញ្ជាក់ថា៖ «កំពង់ផែស្វយ័តភ្នំពេញជាសហគ្រាសសាធារណៈ ដែលមានភារកិច្ចធ្វើអាជីវកម្ម សេវាកម្មផែ ហើយដែលមានការទទួលស្គាល់ និងតែងតែឈានមុខគេជានិច្ចក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេតាមរយៈការផ្តល់សេវា ប្រកបដោយគុណភាព រហ័ស និងតម្លៃប្រកួតប្រជែង និងតាមរយៈការពង្រីក និងបង្ខិតសេវាទៅជិតអ្នកប្រើប្រាស់»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ឱ្យដឹងថា បើសិនមើលទៅលើរបាយការណ៍ ច្បាស់ណាស់ ដើមឆ្នាំ ២០២២ នេះ ការដឹកជញ្ជូនឆ្លងកាត់កំពង់ផែពិតជាមានការកើនឡើង ដោយសារដើមឆ្នាំ ២០២១ មានការបិទខ្ទប់។ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំនេះ ផលិតកម្មវិស័យវាយនភណ្ឌកាត់ដេរ និងអាជីវកម្មនានាបានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលបានជំរុញឱ្យការដឹកជញ្ជូន ជាពិសេសតាមផ្លូវទឹកមានសកម្មភាពមមាញឹកឡើងវិញ។
លោកអះអាងថា៖ «កាលពីដើមឆ្នាំតម្លៃដឹកជញ្ជូនមានការឡើងថ្លៃខ្លាំង ប៉ុន្តែចូលដល់ខែមេសាតម្លៃដឹកជញ្ជូន មានថយចុះបន្តិចមកវិញ។ ពាក់ព័ន្ធនឹងការដឹកជញ្ជូននេះដែរ គេសង្កេតឃើញថា ការដឹកទំនិញនាំចូលពីខាងប្រទេសចិនមានភាពយឺតយ៉ាវ ដោយសារប្រទេសនេះកំពុងមានផ្ទុះឡើងវិញនូវជំងឺកូវីដ ១៩»។
បើតាមអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញកាលពីឆ្នាំ ២០២១ ក.ស.ភ. សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណ កុងតឺន័រចំនួន ៣៤៨ ៨៩៨ TEUs កើនឡើងចំនួន ២០ ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ ២០២០។ ចំណែកលទ្ធផលហិរញ្ញវត្ថុ ក.ស.ភ. ទទួលបាននូវប្រាក់ចំណេញចំនួន ១២ ៧០៧ ៨៣១ លានដុល្លារ កើនឡើងចំនួន ២៩ ភាគរយធៀបនឹងការអនុវត្តឆ្នាំ ២០២០៕ LA