ភ្នំពេញៈ កម្ពុជា-វៀតណាមបានជួបពិភាក្សារិះរកមធ្យោបាយរួមគ្នាក្នុងការរក្សាឱ្យបាននូវការតភ្ជាប់នៃខ្សែចង្វាក់រវាងឧស្សាហកម្មវៀតណាមជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខា និងដាក់ឱ្យចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម។
ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ រវាងលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ត្រឹង វឹកខាន់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។
លោក សុខ សុភ័ក្ត្រ បានលើកឡើងនៅក្នុងជំនួបនោះថា ភាគីទាំង ២ បានយល់ស្របគ្នាក្នុងការរក្សាឱ្យបាននូវនិរន្តរភាពខ្សែចង្វាក់តម្លៃរវាងឧស្សាហកម្មវៀតណាមជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខា និងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប គឺជាកិច្ចការដ៏ចាំបាច់ និងសំខាន់បំផុត ដើម្បីរក្សាបាននូវវិនិយោគផលិតកង់នៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប និងអង់គ្លេសដែលមានការនាំចូលគ្រឿងបន្លាស់មួយចំនួនផលិតនៅវៀតណាមមករួមបញ្ចូលក្នុងផលិតកម្មនៅកម្ពុជា។
លោកបានបន្តថា ការរួមគ្នាបន្តខ្សែចង្វាក់តម្លៃនេះនឹងផ្តល់ផលចំណេញដល់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំង ២ និងជំរុញឱ្យមានការតភ្ជាប់ខ្សែចង្វាក់តម្លៃក្នុងតំបន់។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមកភាគីទាំង ២ បានប្តេជ្ញាក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្នុងរៀងៗខ្លួន ហើយជូនដំណឹងឱ្យគ្នាទៅវិញទៅមកឱ្យបានឆាប់ៗ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មសុំអត្ថាធិប្បាយបន្ថែមបានទេកាលពីថ្ងៃទី ១២ ខែឧសភា។
លោក ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោករីករាយនឹងចំណាត់ការទាន់ពេលវេលារបស់កម្ពុជា ដែលបានទៅចរចាជាមួយភាគីវៀតណាមក្នុងការរក្សាខ្សែចង្វាក់រវាងឧស្សាហកម្មវៀតណាម និងឧស្សាហកម្មកម្ពុជា ដើម្បីឱ្យកម្ពុជានៅបន្តបានទទួលផលចំណេញពីវិស័យនេះ។
លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមសហគមន៍អឺរ៉ុបនេះ ប្រទេសជាហត្ថលេខីនឹងទទួលសិទ្ធិពិសេសក្នុងការនាំចេញទំនិញ។ ដូច្នេះនៅពេលប្រទេសមួយទទួលសិទ្ធិ ពិសេសនេះវាធ្វើឱ្យប្រទេសផ្សេងទៀត ដែលពុំបានទទួលនោះ គឺមិនទទួលបានផលប្រយោជន៍។
លោកថ្លែងថា៖ «នៅក្នុងករណីនេះ កម្ពុជាជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាចនឹងមិនទទួលបាននូវការផ្គត់ផ្គង់ និងការនាំចេញនៅក្នុងកម្រិតទាប។ ចំណែកវៀតណាមនឹងបន្តមានឧត្តមភាពផ្នែកខាងភាពទាក់ទាញការវិនិយោគពីសហគមន៍អឺរ៉ុប។ ជាមួយគ្នានេះប្រទេសក្នុងសហគមន៍អឺរ៉ុបនឹងក្លាយទៅជាទិសដៅនាំចេញទំនិញពិសេសពីវៀតណាមក្រោមរូបភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពិសេសនោះ»។
យ៉ាងណាលោកបញ្ជាក់ថា ក្នុងករណីនេះ កម្ពុជាអាចនឹងចំណេញខ្លះ និងខាតបង់ខ្លះ។ ចំពោះការខាតបង់នេះ មិនមែនផ្តោតលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាមនោះទេ ប៉ុន្តែវៀតណាមទទួលបាននូវប្រព័ន្ធអនុគ្រោះច្រើននៃការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូច្នេះកិច្ចចរចាលើវិស័យឧស្សាហកម្មរវាងប្រទេសទាំង ២ នឹងធ្វើឱ្យកម្ពុជា និងវៀតណាមក៏ដូចជាប្រទេសក្នុងតំបន់ផ្សេងទៀតទទួលបានផលចំណេញដូចគ្នា តាមរយៈការផ្គត់ផ្គត់សេវា និងទំនិញឧស្សាហកម្មផ្សេងៗ ដើម្បីបំពេញបង្គ្រប់ បើទោះបីកម្ពុជាមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាមួយសហគមន៍អឺរ៉ុបក៏ដោយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហគមន៍អឺរ៉ុប-វៀតណាម បានចូលជាធរមានកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលកិច្ចព្រមព្រៀងនេះលុបចោលពន្ធប្រមាណ ៩៩ ភាគរយនៃមុខទំនិញទាំងអស់ដែលភាគីទាំង ២ ធ្វើពាណិជ្ជកម្មជាមួយគ្នា៕ LA