ភ្នំពេញៈ ក្រសួងកសិកម្មកំពុងព្រួយបារម្ភថា ជំងឺម៉ូសាអ៊ិចនឹងធ្វើឱ្យទិន្នផលដំឡូងមីធ្លាក់ចុះ ខណៈដែលតំបន់មួយចំនួននៅក្នុងប្រទេសបាននិងកំពុងរងផលប៉ះពាល់ដោយសារជំងឺនេះយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជំងឺម៉ូសាអ៊ិចបានវាយលុកលើដំណាំដំឡូងមីរបស់កសិករនៅទូទាំងប្រទេស ៣-៤ ឆ្នាំមកហើយ ដោយបានធ្វើឱ្យទិន្នផលដំឡូងមីធ្លាក់ចុះយ៉ាងគំហុក។ លោកបន្ថែមថា ប្រទេសជិតខាងកម្ពុជាបានកើតមានជំងឺម៉ូសាអ៊ិចនេះ និងបានចម្លងមេរោគនេះមកកម្ពុជា តាមរយៈការនាំចូលពូជ ដោយមិនបានត្រួតពិនិត្យលក្ខខណ្ឌភូតគាមអនាម័យត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ប្រាកដណាស់ ជំងឺនេះនឹងធ្វើឱ្យថមថយទិន្នផលច្រើនគឺប្រមាណ ៨០ ភាគរយ បើសិនវាវាយលុកមកលើដំណាំដំឡូងមី ដោយពុំមានការទប់ស្កាត់។ យើងមានការព្រួយបារម្ភមែនទែនចំពោះបញ្ហានេះ។ យើងបានខិតខំព្យាយាមរកវិធីសាស្ត្រ ដើម្បីទប់ស្កាត់ ព្រោះក្នុងផលិតកម្ម ដែលយើងផលិតបានក្នុង ១ ឆ្នាំជាង ៣៥ លានតោន ផលិតផលដំឡូងមីបានរួមចំណែក ១៤ លានតោន ដែលមានតម្លៃជាង ១ ពាន់លានដុល្លារទើបយើងមានការស្វះស្វែងរកថវិកា ដើម្បីជួយលើការស្រាវជ្រាវទប់ស្កាត់ជំងឺនេះ ដើម្បីបញ្ចៀសការខាតបង់កាន់តែធ្ងន់ធ្ងរចំពោះទិន្នផលដំឡូងមី»។
លោកបន្តថា ដៃគូអភិវឌ្ឍន៍ រួមមាន CAVAC និង JICA ជាដើមបានជួយលើការស្រាវជ្រាវនៅសាកលវិទ្យាល័យខេត្តបាត់ដំបង ដើម្បីសម្អាត និងទប់ស្កាត់មេរោគនេះ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ដែលជាតំបន់កំពុងមានបញ្ហាជំងឺម៉ូសាអ៊ិចបាននិយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺម៉ូសាអ៊ិច បានកើតឡើងទៅលើដំណាំដំឡូងមីនៅខេត្តស្ទឹងត្រែងដែលធ្វើឱ្យទិន្នផលធ្លាក់ចុះយ៉ាងខ្លាំង។
លោកប្រាប់ថា៖ «យើងសង្ឃឹមថាគម្រោងរបស់ CAVAC នឹងជួយដោះស្រាយបញ្ហាចំពោះមុខជូនប្រជាកសិករ តាមរយៈការជួយរៀបចំជាផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស ជាពូជសុទ្ធល្អ គ្មានជំងឺម៉ូសាអ៊ិច ផ្តល់ទិន្នផលខ្ពស់ និងធានាបានគុណភាព»។
ថ្វីដ្បិតជំងឺម៉ូសាអ៊ិចកំពុងធ្វើឱ្យផលិតកម្មដំឡូងមីជួបបញ្ហាពិតមែន ប៉ុន្តែលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានអះអាងថា ទិន្នផលដំឡូងមីនៅខេត្តបាត់ដំបងមិនបានជួបបញ្ហាធ្ងន់ធ្ងរទេ ដោយសារតែខាងមន្ត្រីជំនាញបានផ្លាស់ប្តូរពូជ និងទប់ស្កាត់បានទាន់ពេលវេលា។
លោកបញ្ជាក់ថា៖ «យើងបានរងផលប៉ះពាល់តិចតួចប៉ុណ្ណោះពីជំងឺនេះ ដោយសារយើងបានចុះទៅណែនាំដល់កសិករឱ្យមានការប្រុងប្រយ័ត្ន និងតាមដានឱ្យបានហ្មត់ចត់»។
ចំណែកប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង បាននិយាយថា មន្ទីរបានរៀបចំយុទ្ធនាការប្តូរពូជដំឡូងមី ដោយកាលពីមុន កសិករបានជ្រើសរើសយកពូជហ៊ុយបុង និងរ៉ាក់យ៉ងរបស់ថៃ ដែលភាគច្រើនពូជទាំង ២ នេះ កើតមានវីរុសម៉ូសាអ៊ិច។
លោកប្រាប់ថា៖ «យើងបានសហការជាមួយសាកលវិទ្យាល័យខេត្តបាត់ដំបងដើម្បីស្រាវជ្រាវលើពូជដំឡូងមីថ្មី»។
ដំឡូងមី ជាដំណាំកសិឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ កាលពីឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥» ដើម្បីបង្កើនផលិតកម្ម និងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ៕ LA