ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​អំពី​កៅស៊ូ ទឹកប្រាក់​សរុប​ជិត ១៥០ ​លាន​ដុល្លារ នា​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ កើន​ជាង ១៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​បាន​បង្ហាញថា ការនាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ​ចាប់ពី​ខែមករា​ដល់​ដំណាច់​ខែមេសា ឆ្នាំ ​២០២២ មាន​ទឹកប្រាក់​សរុប ១៤៩,៨០ ​លាន​ដុល្លារ កើនឡើង ១៦,៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១២៨,៥៨ ​លាន​ដុល្លារ​។ ចំនួន​ទឹកប្រាក់​នៃ​ការនាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​អំពី​កៅស៊ូ គឺ​ស្មើ​ជិត ២ ​ភាគរយ​នៃ​ការនាំ​ទំនិញ​ចេញ​សរុប​របស់​កម្ពុជា​រយៈ​ពេល ៤ ​ខែ ដែលមាន​ ៧ ៦០៦,៣ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែមេសា ឆ្នាំ​ ២០២២ ការនាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ​មាន​ទឹកប្រាក់ ៣២,១១​ លាន​ដុល្លារ កើន ៧៣,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន ​១៨,៥ ​លាន​ដុល្លារ​។

លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅក្នុង​ថ្ងៃទី​ ១២ ខែឧសភា​ថា ស្ថានភាព​ទីផ្សារ​នាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​អំពី​កៅស៊ូ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤ ​ខែ ដើមឆ្នាំ​ ២០២២ បានបង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​។ លោក​បន្តថា ជាក់ស្តែង​បរិមាណ​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ (​មិន​គិត​ផលិតផល​ធ្វើ​អំពី​កៅស៊ូ​) ក្នុង​អំឡុងពេល ៤ ​ខែ គឺមាន​ចំនួន ៧៩ ៣៥៨ ​តោន កើនឡើង ២ ២២៣ ​តោន ស្មើនឹង ៣ ​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​កត្តា​ដែល​ជំរុញ​ឱ្យ​ការនាំចេញ​កៅស៊ូ និង​ផលិតផល​ធ្វើ​អំពី​កៅស៊ូ​កើនឡើង គឺមាន​ដូចជា កត្តា​តម្រូវការ​ទីផ្សារ​អន្តរជាតិ​កើនឡើង​, ភាពប្រសើរឡើង​នៃ​កំណើន​សេដ្ឋកិច្ច​សកល​នៅ​ប្រទេស​មួយចំនួន​ (​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ មាន​ប្រសិទ្ធភាព​), និង​អាកាសធាតុ​អំណោយផល​ល្អ​ដល់​ការប្រមូលផល​, ព្រមទាំង​ផ្ទៃដី​ត្រូវចៀរ​ជ័រ​នៅ​កម្ពុជា​កើនឡើង​ជាង​ឆ្នាំមុន​»​។

ទោះបី​យ៉ាងណា លោក ហ៊ឹម អូន ប្រាប់ថា សម្រាប់​តម្លៃ​ជ័រ​កៅស៊ូ​គឺ​មិន​កើនឡើង​ទេ ដោយ​រយៈពេល ៤ ​ខែ ដើមឆ្នាំ​ ២០២២ ជ័រកៅស៊ូ មានតម្លៃ​ជា​មធ្យម ១ ៦០៥​ ដុល្លារ ក្នុង ១ ​តោន ថយចុះ ៦១ ​ដុល្លារ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា បញ្ហា​ទីផ្សារ និង​តម្លៃ​បាន​ធ្វើឱ្យ​ការដាំដុះ​កៅស៊ូ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មិនមាន​វឌ្ឍនភាព​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​។ ទោះជា​យ៉ាងណា កំណើន​នៃ​ការបើក​ដំណើរការ​រោងចក្រ​ផលិត​កៅស៊ូកង់​រថយន្ត និង​ដំឡើងរថយន្ត​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នឹង​អាចជួយ​ធ្វើឱ្យ​ការដាំដុះ និង​ទីផ្សារ​កៅស៊ូ​មាន​ភាពល្អប្រសើរ​ឡើងវិញ​ជាមិនខាន​។

លោក​ប្រាប់ថា​៖ «​ដោយសារ​កន្លងមក​ផលិតផល​កៅស៊ូ​ពឹងផ្អែក​តែ​ទៅលើ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​បញ្ហា​តម្លៃ​វា​ធ្វើឱ្យ​អ្នក​វិនិយោគ​ជួប​បញ្ហា​ប្រឈម​ច្រើន​។ នៅពេល​មាន​រោងចក្រ​កែច្នៃ​ក្នុងស្រុក ការដាំដុះ និង​តម្លៃនឹង​ល្អប្រសើរ​ជាង​មុន​»​។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប ៤០៤ ០៤៤ ​ហិកតា ក្នុងនោះ​ផ្ទៃដី​កំពុង​ចៀរ​ជ័រ ចំនួន ៣១០ ១៩៣ ​ហិកតា និង​ផ្ទៃដី​ថែទាំ ៩៣ ៨៥១ ​ហិកតា​។

កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​ប្រមូលផល​ជ័រកៅស៊ូ​បាន​ចំនួន ៣៦៨ ០០០ ​តោន ក្នុងនោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន ៣៦៦ ០០០ ​តោន ដោយ​ប្រមូល​ចំណូល​បាន ៦១០,២៥ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​៕ LA

វីដេអូ៖