ខេត្តស្ទឹងត្រែងៈ ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បានចំណាយថវិកាជិត ៧០ លានដុល្លារ ក្នុងរយៈពេលជាង ៣ ឆ្នាំ ដើម្បីដាំដុះស្វាយ ៦ ប្រភេទ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។
នៅអំឡុងពេលដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទៅពិនិត្យចម្ការស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង Mr.Jacky នាយកចាត់ការទូទៅក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បាននិយាយថា កម្មវត្ថុនៃផលិតកម្មស្វាយ របស់ក្រុមហ៊ុន គឺសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដោយត្រូវឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្នុងខេត្តព្រះសីហនុ។ ហើយគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០ លានដុល្លារហើយ សម្រាប់ការវិនិយោគលើចម្ការស្វាយនេះ។
លោកបានបន្ថែមថា ពូជស្វាយដែលក្រុមហ៊ុនបានដាំដុះត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្ត្រាលី ដែលរួមមាន ពូជ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , និង Guire។ ហើយមកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ ហិកតា ហើយស្មើនឹង ១២ ភាគរយធៀបនឹងផែនការលើផ្ទៃដីទំហំ ៩ ៧៧២,១១៧៦ ហិកតា។
លោកបានបង្ហាញថា៖ «បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរ ដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្ត្រីជំនាញចុះមកណែនាំអំពីបច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ក្រសួងកសិកម្មគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ភាពជោគជ័យនេះ មិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយ:ការបង្កើតការងារមានការងារមានចំណូល គ្មានចំណាកស្រុកមានជីវភាពល្អប្រសើរទាំងនេះជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រ និងលើកទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស»៕