អាមេរិកៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានជួបពិភាក្សាការងារជាមួយគ្នាមុន ដើម្បីផ្លាស់ប្តូរយោបល់លើការងារ មុននឹងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភា នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះ។
ជំនួបនេះ ធ្វើឡើងនៅក្នុងអំឡុងពេលដែល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា បានមានប្រសាសន៍ថា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។
លោក Muhammad Lutfi រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានថ្លែងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភា ខាងមុខនេះហើយ ឥណ្ឌូនេស៊ី ក៏សូមអញ្ជើញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន រួមមាន កិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគនិងឧស្សាហកម្ម និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខនៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕