ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ៧,៦ ពាន់លានដុល្លារ នារយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនឡើងជាង ៣២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈជញ្ជីងពាណិជ្ជកម្មអន្តរជាតិមានទឹកប្រាក់សរុប ១៧,៦ ពាន់លានដុល្លារ។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២២ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិមានទឹកប្រាក់ ៧,៦ ពាន់លានដុល្លារកើនឡើង ៣១,១ ភាគរយ។ ចំណែកការនាំទំនិញពីគ្រប់គោលដៅមកកម្ពុជាមាន ១០,០៤ ពាន់លានដុល្លារកើន ៥,៤ ភាគរយ។
សម្រាប់ការដោះដូរពាណិជ្ជកម្មអន្តរជាតិក្នុងអំឡុងពេលខាងលើ គឺមានទឹកប្រាក់សរុប ១៧,៥៦ ពាន់លានដុល្លារ កើន ១៥,៥ ភាគរយ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា កម្ពុជាកំពុងទាញយកកាលានុវត្តភាពពីឱកាសនៃការធ្វើពាណិជ្ជកម្មអន្តរជាតិបានជាច្រើនក្នុងអំឡុងពេល ២-៣ ឆ្នាំនេះ តាមរយៈការពង្រឹងសមត្ថភាពផលិតនៅក្នុងស្រុក និងការទាញយកប្រយោជន៍ពាណិជ្ជកម្មពីប្រទេសមួយចំនួនដែលមានវិបត្តិនយោបាយ និងវិបត្តិក្នុងសង្គមដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ ១៩។ លោកបន្តថា កម្ពុជាមិនត្រឹមតែមានច្បាប់វិនិយោគល្អប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្រានៃការឆ្លងជំងឺកូវីដ ១៩ ទាប និងសម្បូរកម្លាំងពលកម្មដែលមានតម្លៃសមរម្យផងដែរ។
លោកថ្លែងថា៖ «ក្រៅពីការនាំចេញកសិផលកាន់តែច្រើនជាងរៀងរាល់ឆ្នាំ កម្ពុជាកំពុងក្លាយជាកន្លែងផលិតទំនិញចម្រុះសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនានាលើពិភពលោកផងដែរ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថាជាមួយនឹងវឌ្ឍនភាពល្អប្រសើរនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច និងការគ្រប់គ្រងជំងឺកូវីដ ១៩ បានល្អ ការផលិត និងនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិត្រូវរំពឹងថា នឹងបន្តសម្ទុះថែមទៀត។ លោកបន្តថា បន្ថែមពីលើនេះ ក្នុងដំណើរទៅបំពេញទស្សនកិច្ចការងារនៅអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីសប្តាហ៍មុន (ថ្ងៃទី ១២-១៣ ខែឧសភា) ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគីកម្ពុជាទាំងផ្នែករដ្ឋ និងផ្នែកឯកជនសុទ្ធតែបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន និងអ្នកជំនួញធំៗជាច្រើននៅអាមេរិក។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវិស័យឯកជនទៅអាមេរិកកាលពីសប្តាហ៍មុននឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់កម្ពុជា តាមរយៈការទាញចំណាប់អារម្មណ៍វិនិយោគិនធំៗឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ខណៈកម្ពុជាត្រូវគេទទួលស្គាល់ថា ជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើគ្រប់វិស័យ»។
ទាក់ទងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូផ្សេងទៀត លោក វណ្ណៈ អះអាងថា សម្ទុះការនាំចេញ-ចូលរបស់កម្ពុជានឹងកើនកាន់តែខ្ពស់នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗទៀតចូលជាធរមាន ខណៈបច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ២ គឺកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងកិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីដើមឆ្នាំនេះ៕LA