ភ្នំពេញៈ ក្រុមហ៊ុន Beijing Urban Construction Group និង Beijing Jiao Tong University(BJTU) របស់ប្រទេសចិនបានសហការគ្នាធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្លូវដែក ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក។
កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន, វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានចុះអនុស្សរណៈយោគយល់គ្នាត្រីភាគីរវាងសាកលវិទ្យាល័យ Beijing Jiao Tong University (BJTU) និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក។
ការចុះអនុស្សរណៈយោគយល់គ្នាត្រីភាគីនេះគឺបានឯកភាពគ្នាជាគោលការណ៍លើការអភិវឌ្ឍលើការអប់រំ ការបណ្ដុះបណ្ដាល និងស្រាវជ្រាវក្នុងដែនសមត្ថកិច្ចរបស់ភាគីនីមួយៗ រួមមាន សហការក្នុងការផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ ការផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ សហការនៅក្នុងការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ចូលរួមសន្និសីទ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍ផ្សេងៗទៀត ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗទៀត ប្រើប្រាស់ឧបករណ៍សម្ភារសំណង់ និងធនធានរួមគ្នាផ្តល់ឱកាសដល់និស្សិត ដើម្បីផ្លាស់ប្តូរបទពិសោធសិក្សាជាដើម។
លោក Chen Daihua តំណាងក្រុមហ៊ុន BUCG បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកជាសហគ្រាសសំណង់មួយរបស់រដ្ឋ ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង ៥០០ របស់ចិន ស្ថិតក្នុងចំណាត់ថ្នាក់ទី ១៤ នៅក្នុង «កំពូលអ្នកម៉ៅការសំណង់ជាសកល ២៥០»នៃ ENR។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន BU-CG អាចឆ្ពោះទៅមុខរួមគ្នាដើម្បីលើកកម្ពស់ការបង្កើតទ្រឹស្តី ក៏ដូចជាការអនុវត្តទ្រឹស្តីទាំងនោះដោយផ្ទាល់ ព្រមទាំងបង្កើតកម្មវិធីសម្រាប់ការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស»។
តំណាងរបស់ BJTU លោក HUANG Taiyan បានលើកឡើងដែរថា កម្ពុជាជាដៃគូយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងជាប្រទេសសំខាន់មួយនៅក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន។ ជាមួយនឹងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលទាំង ២ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
លោកបន្ថែមថា៖ «សាកលវិទ្យាល័យ BJTU នឹងរង់ចាំការពង្រឹងទំនាក់ទំនងជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួម និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែកដែលដើរតួនាទីសំខាន់ក្នុងការរក្សាមិត្តភាព វិបុលភាពរួមគ្នា និងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំង ២»។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងជំរុញឱ្យស្ថាប័នទាំង ៣ ធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងការជួយគ្នា។
លោកបញ្ជាក់ថា៖ «គោលបំណងរបស់វិទ្យាស្ថាន គឺបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិត ចរិយាសម្បតិ្តត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្នផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។
កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលកំពុងពិចារណា និងគិតគូរទៅលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់ និងហួសសម័យ ដោយជំនួសមកវិញនូវផ្លូវរថភ្លើងល្បឿនលឿន។ លោកបន្តថា ការធ្វើដំណើរតាមប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកទាំង ២ ទិសប៉ោយប៉ែត-ភ្នំពេញ និងភ្នំពេញ-ព្រះសីហនុ នាពេលបច្ចុប្បន្ននេះបានត្រឹមតែ ២០ ឬ ៣០ គីឡូម៉ែត្រក្នុង ១ ម៉ោង ដែលមិនឆ្លើយតបទៅសភាពការណ៍នៃការដឹកជញ្ជូននៅក្នុងប្រទេស និងការតភ្ជាប់ទៅកាន់ប្រទេសជិតខាងរបស់កម្ពុជា។
លោកថ្លែងថា៖ «យើងកំពុងពិចារណាអំពីបញ្ហានេះ ហើយរកដៃគូធ្វើជាផ្លូវរថភ្លើងល្បឿនលឿនលើផ្លូវរថភ្លើងចាស់ដដែលហ្នឹង។ អ៊ីចឹងបានដាក់ឱ្យ ស៊ុន ចាន់ថុល ធ្វើការពិចារណា និងលើកគម្រោងរកដៃគូពិភាក្សា ព្រោះបើទុកឱ្យដំណើរការបែបនេះ វាទៅអត់រួចតាមមិនទាន់សភាពការណ៍»៕ LA