ភ្នំពេញៈ ដៃគូអភិវឌ្ឍន៍បានបើកផ្ដល់ហិរញ្ញប្បទានប្រមាណ ១,៣ ពាន់លានដុល្លារនៅក្នុងរយៈពេល ៥ ឆ្នាំសម្រាប់គាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដែលជាគោលនយោបាយមួយក្នុងការជួយកម្ពុជាធ្វើពិពិធកម្មវិស័យឧស្សាហកម្មរបស់ខ្លួន។
យោងតាមប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាបង្ហាញថា នៅចន្លោះឆ្នាំ ២០១៥-២០២០ ដៃគូអភិវឌ្ឍន៍បានបើកផ្តល់ហិរញ្ញប្បទានប្រមាណ ១ ២៨៧,២ លានដុល្លារ ដោយជាមធ្យម ២១៥ លានដុល្លារ ក្នុង ១ ឆ្នាំសម្រាប់គាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP)។ នៅក្នុងនោះ វិធានការគន្លឹះ ៤ ដែលដៃគូអភិវឌ្ឍន៍បានគាំទ្រ រួមមាន ការបញ្ចុះថ្លៃអគ្គិសនី ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្ម ការពង្រឹងទីផ្សារពលកម្ម និងការរៀបចំផែនការមេអភិវឌ្ឍន៍ ខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងទទួលបានការគាំទ្រច្រើនជាងគេ ប្រមាណ ៩៣៨,៥ លានដុល្លារ។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ លោក ហ៊ួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាឧត្តមមន្ត្រីមួយរូបនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា រាជរដ្ឋាភិបាលប្រគល់ភារកិច្ច ដឹកនាំការសិក្សាវាយតម្លៃលម្អិតទៅលើនិន្នាការ និងការផ្លាស់ប្តូរនៃនិម្មាបនកម្មតំបន់ និងសកល ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីកែសម្រួលចក្ខុវិស័យ គោលដៅ និងគោលបំណងនៃគោលនយោបាយ IDP សម្រាប់រយៈពេលបន្តទៅមុខ។
លោកបានបញ្ជាក់ថា៖ «ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាននិងកំពុងធ្វើកិច្ចការនេះ យ៉ាងសស្រាក់សស្រាំ ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន ដោយបាននិងកំពុងការរៀបចំកែសម្រួលគោលនយោបាយ IDP នេះ»។
លោក សុខ ណារិន តំណាងអង្គការ UNIDO បានថ្លែងថា CDC បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក៏ដូចជាការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ធ្វើការជាមួយក្រុមការងារ UNIDO លើការបង្កើតក្របខ័ណ្ឌវិភាគ និងវាយតម្លៃ(Monitoring and Evaluation (M&E) និងការវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ IDP នេះ។
លោកបានបន្ថែមថា UNIDO បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ដូចជាផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការកសាងសមត្ថភាព តាមរយៈគម្រោង «គាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍ចម្បងប្រកបដោយប្រសិទ្ធភាព តាមរយៈការកសាងសមត្ថភាពស្ថាប័ន» ដោយមានការសហការពីសាធារណរដ្ឋកូរ៉េ ក្រោមក្របខ័ណ្ឌកម្មវិធីភាពជាដៃគូប្រទេស (PCP)។
លោកបញ្ជាក់ថា៖ «វាពិតជា មានសារៈសំខាន់ណាស់ក្នុងការរៀបចំឱ្យមានប្រព័ន្ធ M&E និង ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃ IDP ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រសួងពាក់ព័ន្ធអាចវាស់វែងវឌ្ឍនភាព កំណត់បញ្ហាប្រឈម និងគម្លាតធនធាន ហើយធ្វើការកែតម្រូវនៅពេលចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យមានការរីកចម្រើន បន្ថែមទៀត និងដើម្បីសម្រេចគោលបំណង និងអាទិភាពរបស់ IDP»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា ការរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ នៅក្នុងវិស័យឧស្សាហកម្មកម្ពុជា (IDP) ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបញ្ជាក់ថា៖ «កញ្ចប់ថវិកានេះគួរតែបន្តជំរុញលើការបង្កើតថ្មីឱ្យបានច្រើន (នវានុវត្តន៍)។ ម្យ៉ាងវិញទៀត ការគាំទ្រពីរាជរដ្ឋាភិបាលក៏គួរតែធ្វើឱ្យបានល្អជាងនេះ ដោយសារតែយើងបានមើលឃើញថា មានស្ថាប័នច្រើនណាស់ដែលបានចុះទៅធ្វើអធិការកិច្ចជាន់គ្នាដែលអាចធ្វើឱ្យប៉ះពាល់ដល់វិស័យនេះ»។
ការវាយតម្លៃការអនុវត្តគោលនយោបាយ IDP បានបង្ហាញថា ចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស បានកើនពី ២៧,៧ ភាគរយ ក្នុងឆ្នាំ ២០១៥ ដល់ ៣៤,២ ភាគរយក្នុងឆ្នាំ ២០១៩ ខ្ពស់ជាងគោលដៅឆ្នាំ ២០២៥ ដែលបានកំណត់ត្រឹម ៣០ ភាគរយ។ វិស័យកម្មន្តសាល ក្នុង ផ.ស.ស មានការកើនឡើងយឺតជាងការរំពឹងទុកដោយកើនពី ១៦ ភាគរយ ក្នុងឆ្នាំ ២០១៥៕ LA