ភ្នំពេញៈ កម្ពុជាបាននាំចេញកង់ទៅទីផ្សារក្រៅប្រទេសក្នុងតម្លៃជាង ៣០០ លានដុល្លារ នារយៈពេល ៤ ខែ ឆ្នាំ ២០២២ កើន ៥៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ស្ថិតិការនាំចេញ នាំចូលកង់របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២២ ការនាំចេញកង់កម្ពុជាទៅកាន់ទីផ្សារបរទេសមានតម្លៃ ៣០៦,៤៧ លានដុល្លារ កើន ៥៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះការនាំចេញទៅអាមេរិកមានទឹកប្រាក់ច្រើនជាងគេ គឺចំនួន ១២៩,៣៤ លានដុល្លារ។
ដោយឡែកកម្ពុជាក៏បាននាំចូលកង់មកវិញតម្លៃ ៥,០៣ លានដុល្លារ ថយចុះ ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
ដោយសារកំណើននៃការនាំចេញកង់របស់កម្ពុជានៅតែបន្តកើនឡើងទើបមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកាលពីថ្មីៗនេះបានជួបពិភាក្សាជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឱ្យវៀតណាមបន្ដផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកង់នាំចេញទៅទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិកប្រកបដោយនិរន្តរភាព និងមិនខុសគោលការណ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមជាមួយអឺរ៉ុប។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែឧសភាថា បច្ចុប្បន្នកម្ពុជាមិនទាន់ខ្វះខាតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច ដើម្បីផលិតកង់ទេ ប៉ុន្តែការចរចាជាមួយវៀតណាម គឺដើម្បីធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ពីខាងវៀតណាមមាននិរន្តរភាព។
លោកបន្តថា នៅពេលខាងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគមន៍អឺរ៉ុបរួចហើយចំពោះការផ្គត់ផ្គង់វត្ថុធាតុដើមនានាមកកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត ត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនតាមបញ្ញត្តិនៃកិច្ចព្រមព្រៀង។
លោកអះអាងថា៖ «កម្ពុជាជាមួយវៀតណាមត្រូវតែបំពេញបែបបទនេះ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាពនៃការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក ព្រោះក្រសួងមានការព្រួយបារម្ភ ដើម្បីចៀសវាងខុសគោលការណ៍កិច្ចព្រមព្រៀងនាពេលខាងមុខ។ ភាគីទាំង ២ នឹងពិនិត្យមើលលក្ខខណ្ឌផ្សេងទៀត ដែលយើងត្រូវបំពេញ ដើម្បីធ្វើឱ្យខាងអឺរ៉ុបមានការទទួលស្គាល់គឺត្រូវធ្វើរួមគ្នា»។
បើតាមអ្នកនាំពាក្យរូបនេះ វត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផលិតកង់កម្ពុជាបាននាំចូលពីប្រទេសវៀតណាមក្នុងបរិមាណសមល្មម ដោយមិនអាចនាំចូលមកច្រើនពេកទេ ព្រោះអាចខុសនឹងលក្ខខណ្ឌដែលបានកំណត់។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា កំណើនការនាំចេញកង់បានរួមចំណែកនៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាតាំងពីឆ្នាំ ២០១៩ មក។
ចំពោះការផ្គត់ផ្គង់វត្ថុធាតុដើមនេះលោកលើកឡើងថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗក្នុងឋានៈជាប្រទេសក្នុងតំបន់អាស៊ានដូចគ្នា និងក្នុងក្របខ័ណ្ឌមិត្តភាពរវាងប្រទេសទាំង ២ វៀតណាមនឹងមិនអាចកាត់បន្ថយ ឬបញ្ឈប់ការផ្គត់ផ្គង់មកកម្ពុជាបានទេ។
លោកបញ្ជាក់ថា៖ «យើងគួរពិចារណាជាមួយស្ថាប័នក្នុងការសហការជាមួយរោងចក្រផលិតកង់ក្នុងស្រុកធ្វើយ៉ាងណាបង្កើតរោងចក្រផ្គត់ផ្គង់ ឬវត្ថុធាតុដើមចាំបាច់ ឬសម្លឹងមើលទីផ្សារផ្សេងទៀត ដើម្បីបង្ការកុំឱ្យមានបញ្ហាកើតមាន»៕LA