ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មនៅផ្សារមូលបត្រកម្ពុជា (CSX) បានប្រកាសអំពីការបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនពី ៣០០ លានដុល្លារដល់ ៤០០ លានដុល្លារដែលជាកិច្ចខំប្រឹងប្រែងដើម្បីប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ បន្ទាប់ពីការព្យាយាមអស់រយៈពេលជាច្រើនឆ្នាំ។
យោងតាមការប្រកាសដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែឧសភា ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺធនាគារ KB Kookmin Bank បានដំឡើងដើមទុនចុះបញ្ជីរហូតដល់ ៤០០ លានដុល្លារអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងត្រៀមខ្លួនកម្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជដ៏ធំ ពង្រីកសម្ពៀតឥណទាន និងប្រតិបត្តិការអាជីវកម្ម ព្រមទាំងកសាងភាពខ្លាំងរបស់ខ្លួន ដើម្បីបម្រើអតិថិជនដាក់ប្រាក់បញ្ញើ និងសាធារណជនឱ្យកាន់តែល្អ។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់បានឱ្យដឹងថា ប្រាសាក់ បានធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុន ដើម្បីដំឡើងដើមទុនចុះបញ្ជីពី ៣០០ លានដុល្លារដល់ ៤០០ លានដុល្លារ។
លោកបញ្ជាក់ថា ការដំឡើងដើមទុននេះនឹងជួយដល់យុទ្ធសាស្ត្រកំណើនរបស់គ្រឹះស្ថាន និងពង្រឹងជំហរនៅក្នុងទីផ្សារ។ លើសពីនេះ ក៏នឹងជួយស្ថាប័នពង្រីកការផ្ដល់សេវាឱ្យកាន់តែទូលំទូលាយ និងធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុជាពិសេសគឺផ្នែកឌីជីថល។
លោកបន្ថែមថា៖ «យើងពិតជារីករាយ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចំពោះការអនុម័ត និងទទួលស្គាល់ការដំឡើងដើមទុននេះ»។
ប្រាសាក់ ដែលពីដំបូងគឺជាអង្គការក្រៅរដ្ឋាភិបាលត្រូវបានទិញទាំងស្រុងដោយធនាគារ KB Kookmin របស់ប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុន ធនាគារពាណិជ្ជរបស់ KB Fi-nancial Group Inc (KB) បានចុះបញ្ជីនៅញូវយ៉ក ដែលមានតម្លៃប្រហែលជាង ៩២៥ លានដុល្លារ។
ភ្លាមៗបន្ទាប់ពីការទិញយកភាគហ៊ុនទាំងស្រុង ក្រុមមន្ដ្រីមានបទពិសោធជួរមុខរបស់ខ្លួនរួមទាំងអគ្គនាយកផងដែរនោះបានសម្រេចចិត្តលាលែងពីតំណែង។
កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំមុន ប្រាសាក់បានចុះបញ្ជីមូលបត្រសាជីវកម្មនៅផ្សារមូលបត្រកម្ពុជា ដោយបម្រុងទុកភាគហ៊ុនចំនួន ១ ២៧២ ០០០ នៅក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជាមួយនឹងទឹកប្រាក់សរុបចំនួន ១២៧,២ ពាន់លានរៀល (៣១ លានដុល្លារ)។
នៅដំណាច់ត្រីមាសទី ១ ឆ្នាំ ២០២២ ប្រាសាក់ មានទ្រព្យសកម្មសរុប ៤,៥ ពាន់លានដុល្លារ កើនឡើង ២១,៣ ភាគរយ បើប្រៀបធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២១។ សមតុល្យប្រាក់បញ្ញើបានកើនឡើងដល់ ២,៧ ពាន់លានដុល្លារ ហើយសម្ពៀតឥណទានសរុបមាន ៤,០ ពាន់លានដុល្លារ៕ LA