ភ្នំពេញៈ ក្រុមហ៊ុនវិស័យឯកជនមួយបានស្នើសុំជួលដីមួយកន្លែងទំហំ ៣០៨ ហិកតានៅក្នុងរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគទៅជាតំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន និងអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងខេត្ត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរទៅកម្សាន្តនៅទីនោះ។
លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តកោះកុងបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៨ ខែឧសភា ថា សម្រាប់គម្រោងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ ក្រុមការងាររបស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបានចុះទៅពិនិត្យមើលទីតាំងជាក់ស្តែងរួចហើយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ និងបានគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិនេះ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់ទៅលើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងលក្ខខណ្ឌបទដ្ឋានបច្ចេកទេស ជាដើម។
លោកបានបន្ថែមថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ តាមផែនការនឹងវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកសហការជាមួយក្រុមហ៊ុនមកពីក្រៅប្រទេស ដោយនឹងអភិវឌ្ឍទៅជាតំបន់រមណីយដ្ឋានធម្មជាតិសម្រាប់លម្ហែកាយ កន្លែងលេងកម្សាន្ត និងសួនសត្វបក្សាបក្សីជាដើម។ ទោះយ៉ាងណា ការអភិវឌ្ឍនេះមិនប៉ះពាល់ដល់ព្រៃធម្មជាតិនោះទេ។
លោកបញ្ជាក់ថា៖ «តាមច្បាប់វិនិយោគក្នុងទំហំដី ៣០៨ ហិកតានៃដីព្រៃ គេឱ្យតែ ៣០ ភាគរយប៉ុណ្ណោះ ក្រៅពីនោះត្រូវតែរក្សាទុកសភាពដើមដដែល គឺអត់មានប៉ះពាល់ដល់ជីវចម្រុះទេ។ ការជួលដីឱ្យវិស័យឯកជនធ្វើការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ គឺប្រហែល ៥០ ឆ្នាំ។ ទោះយ៉ាងណាការសម្រេចគឺស្ថិតលើក្រសួង និងរាជរដ្ឋាភិបាលដោយយើងគ្រាន់តែចុះពិនិត្យមើលទីតាំងប៉ុណ្ណោះ»។
បើតាម លោក ភក្ត្រា រដ្ឋបាលខេត្តកោះកុងតែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ទៅលើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃការអភិរក្សធនធានធម្មជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមអភិវឌ្ឍទេសចរណ៍ធម្មជាតិ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា លោកស្រីសូមគាំទ្រចំពោះការបង្កើតឱ្យមានតំបន់រមណីយដ្ឋានតាមបែបធម្មជាតិនៅក្នុងខេត្តកោះកុង ព្រោះខេត្តនេះនៅខ្វះតំបន់រមណីយដ្ឋានបែបធម្មជាតិច្រើនក្នុងការឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ ខណៈការស្នើសុំវិនិយោគកន្លងមកមានលក្ខណៈតូចៗ។
លោកស្រីបន្តថា តាមរយៈការអភិវឌ្ឍរបស់ប្រទេស និងនិន្នាការភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ប្រាកដណាស់គឺនៅតែខ្វះការអភិវឌ្ឍគម្រោងទេសចរណ៍បែបធម្មជាតិដែលទាមទារឱ្យមានការអភិវឌ្ឍគម្រោងបែបនេះកាន់តែច្រើនថែមទៀត ដើម្បីផ្តល់ចំណូលសេដ្ឋកិច្ច និងការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមកពីខេត្តផ្សេងទៀត។
លោកស្រីបញ្ជាក់ថា៖ «ខេត្តកោះកុងមានសក្តានុពលលើវិស័យទេសចរណ៍បែបធម្មជាតិច្រើន ដូច្នេះយើងគាំទ្រឱ្យមានការវិនិយោគនេះ ព្រោះថា ការវិនិយោគកែច្នៃឱ្យទៅជាកន្លែងទេសចរណ៍បែបធម្មជាតិនេះនឹងផ្តល់អត្ថប្រយោជន៍ទៅឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងប្រទេស បើគម្រោងនេះធំ វានឹងត្រូវការអ្នកបម្រើការនៅក្នុងទីតាំងកាន់តែច្រើន»។
បើតាមលោកស្រី ស៊ីវលីន នៅពេលគម្រោងនេះកើតឡើងប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រៅពីបម្រើការងារនៅរមណីយដ្ឋាននេះ ពួកគេក៏អាចដាំផ្លែឈើ ឬដំណាំផ្សេងៗលក់ឱ្យភ្ញៀវដែលមកកម្សាន្តនៅតំបន់នេះ ហើយក៏ទទួលបានចំណូលសម្រាប់គ្រួសារមួយកម្រិតផងដែរ។
ទោះយ៉ាងណា លោកស្រីស្នើឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌ និងបច្ចេកទេសបទដ្ឋានគតិយុត្ត ជាពិសេសត្រូវគិត និងថែរក្សាដល់ការអភិរក្សជីវចម្រុះ និងវប្បធម៌ក្នុងតំបន់នេះឱ្យល្អ៕ LA