ភ្នំពេញៈ កម្ពុជា-សិង្ហបុរីបានប្តេជ្ញានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែខ្លាំង ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែសកម្ម និងមានទំហំកាន់តែធំ ខណៈក្នុងឆ្នាំ ២០២១ កន្លងមកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ សម្រេចបានជាង ៥,២ ពាន់លានដុល្លារ កើនជិត ៥០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
ការប្តេជ្ញានេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងឱកាសនោះ លោក សូរស័ក្តិ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ លោក Gan Kim Yong សម្រាប់ការគាំទ្រកន្លងមករបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានសន្យាខិតខំជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យមានទំហំកាន់តែធំបន្ថែមទៀត។
លោកនិយាយថា៖ «យើងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរីឱ្យកាន់តែប្រសើរ និងរីកចម្រើនមួយកម្រិតថែមទៀត»។
តាមរយៈជំនួបនេះភាគីទាំង ២ បានឯកភាពគ្នាក្នុងការផ្លាស់ប្តូរទស្សនកិច្ចសម្រាប់ភាគីពាក់ព័ន្ធក្នុងពេលឆាប់ៗក្នុងប្រទេសសិង្ហបុរី ដើម្បីចែករំលែកបទពិសោធ និងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀតលើវិស័យសំខាន់ក្នុងគោលបំណងពង្រឹងសមត្ថភាពវិស័យឯកជន ពិសេសសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជា។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៩ ឧសភាថា ការធ្វើពាណិជ្ជកម្មអន្តរជាតិតែងមានភាពចំណេញ-ខាត ទៅតាមប្រ-ទេសនីមួយៗ។ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាកាន់តែច្រើន វានឹងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាន់តែច្រើនដែរ។ លោកបន្តថា ដោយសារសិង្ហបុរីមានកំពង់ផែទឹកជ្រៅនៅក្នុងតំបន់ ហេតុនេះការបង្កើតឱ្យមានទំនាក់ទំនងនេះនឹងជួយធ្វើឱ្យការដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិឆ្លងកាត់តាមកំពង់ផែសិង្ហបុរីកាន់តែមានភាពល្អប្រសើរ។
លោកប្រាប់ថា៖ «គ្រប់ទំនាក់ទំនងទោះក្នុងវិស័យការទូត ឬពាណិជ្ជកម្ម គឺសុទ្ធតែផ្តល់ភាពវិជ្ជមានសម្រាប់ ការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៥ ២១៧ លានដុល្លារកើន ៤៩,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៤៨៨,៦១ លានដុល្លារ។ ក្នុងនេះកម្ពុជានាំទំនិញទៅសិង្ហបុរីមានចំនួន ១១៩,៨៩ លានដុល្លារ ធ្លាក់ចុះ ៩៥,២ ភាគរយ និងការនាំទំនិញពីសិង្ហបុរីមកកម្ពុជាបានទឹកប្រាក់ ៥ ០៩៧,១ លានដុល្លារ កើនឡើង ៤១៧ ភាគរយ។
ដោយឡែកសម្រាប់រយៈពេល ៤ ខែដើមឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីមានចំនួន ១ ២០១,៩៨ លានដុល្លារ ធ្លាក់ចុះ ៥៧,៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះការនាំទំនិញពីកម្ពុជាទៅសិង្ហបុរីមានទឹកប្រាក់ ៥០,២២ លានដុល្លារ កើន ២៤៨,៣ ភាគរយ និងការនាំចូលមាន ១ ១៥១,៧៥ លានដុល្លារ ធ្លាក់ ៥៨,៩ ភាគរយ។
យោងតាមធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយបើធៀប ឆ្នាំ ២០២០។ សិង្ហបុរីឈរលេខរៀងទី ៣ ជាប្រទេស វិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទឹកប្រាក់ ២,៧ ពាន់លានដុល្លារ តាមពីក្រោយប្រទេសចិនដែលមានចំនួន ១៨ ពាន់លានដុល្លារ, និង កូរ៉េ ៤,៩ ពាន់លានដុល្លារ៕ LA