ភ្នំពេញៈ កម្ពុជា-មីយ៉ាន់ម៉ា បាននិងកំពុងខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយគ្នាឱ្យបានកាន់តែខ្លាំង តាមរយៈការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសំខាន់ៗចំនួន ២ ដើម្បីអាចឈានដល់ការចុះហត្ថលេខានាពេលខាងមុខ។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃប្រទេសមីយ៉ាន់ម៉ា លោក Aung Naing Oo នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៨ ខែឧសភា។
ជាកិច្ចចាប់ផ្តើម លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក Aung Naing Oo ដែលបានផ្តួចផ្តើមរៀបចំកិច្ចពិភាក្សានេះ និងបានគាំទ្រកម្ពុជាក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០២២ នេះ។
បន្ថែមលើនេះលោក សូរស័ក្តិ ក៏បានលើកឡើងថា៖ «ខ្ញុំសូមស្នើឱ្យភាគីទាំង ២ ត្រូវបង្កើនការផ្លាស់ប្តូរយោបល់គ្នាឱ្យបានកាន់តែច្រើនថែមទៀតលើវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគី សំដៅលើកកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ»។
ចំណែកលោក Aung Naing Oo ក៏បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាពីភាពជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ លោកក៏បានជម្រាបភាគីកម្ពុជាអំពីវឌ្ឍនភាពពាក់ព័ន្ធនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីវិនិយោគរវាងកម្ពុជា-មីយ៉ាន់ម៉ា និងការចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (The Double Taxation Avoidance Agreement) រវាងប្រទេសទាំង ២ ផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងមានបំណងពន្លឿនបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងទាំង ២ នេះ ដើម្បីអាចឈានដល់ការចុះហត្ថលេខានាពេលខាងមុខ»។
ជាកិច្ចបញ្ចប់ តំណាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ក៏បានធ្វើការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌតំបន់អាស៊ានផងដែរ៕