ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២២ មានទឹកប្រាក់ប្រមាណជាង ២០៥ លានដុល្លារ កើនជាង ៣៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ការនាំចេញ នាំចូលទំនិញរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីចាប់ពីខែមករា ដល់ខែមេសា មានតម្លៃសរុប ២០៥,១៧ លានដុល្លារ កើនឡើងពីចំនួន ១៥២,៩២ លានដុល្លារ នារយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលស្មើនឹងកំណើន ៣៤,៧ ភាគរយ។
បើតាមតារាងទិន្នន័យខាងលើការនាំចេញទំនិញពីកម្ពុជាទៅម៉ាឡេស៊ីមានតម្លៃជាង ៣៥,១៦ លានដុល្លារ ធ្លាក់ចុះ -១,៩ ភាគរយ និងការនាំទំនិញពីម៉ាឡេស៊ីមកវិញ មានតម្លៃជាង ១៧០ លានដុល្លារ កើនឡើង ៤៦ ភាគរយ។ តាមរយៈតួលេខនេះបង្ហាញថា ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ -១៣៤,៨៤ លានដុល្លារធៀបជាមួយប្រទេសម៉ាឡេស៊ី។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាធម្មតានៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនីមួយៗ បញ្ហាឱនភាព និងឧត្តមភាពនៃជញ្ជីងពាណិជ្ជកម្មតែងតែកើតមាន ដោយប្រទេសខ្លះមានតម្រូវការខ្ពស់ចំពោះផលិតផលអ្វីមួយដែលប្រទេសមួយផ្សេងទៀតផលិតបាន និងប្រទេសខ្លះត្រូវការនាំចូលធនធានធម្មជាតិ ឬផលិតផលពាក់កណ្តាលសម្រេច ដើម្បីមកផលិតសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
លោកនិយាយថា៖ «ចំពោះជញ្ជីងពាណិជ្ជកម្មនេះយើងឃើញមានឱនភានភាពខ្លាំង ប៉ុន្តែវាមិនមែនមានន័យថា កម្ពុជានាំទំនិញពីម៉ាឡេស៊ីមកសម្រាប់ប្រើប្រាស់ក្នុងស្រុកទាំងអស់នោះទេ ព្រោះការនាំចូលមួយចំនួន គឺសម្រាប់ជាធាតុផ្សំ ឬផ្នែកគ្រឿងម៉ាស៊ីន សម្រាប់បម្រើឱ្យការផលិតដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ»។
ទោះបែបនេះក្តី លោកក៏បានជំរុញឱ្យកម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មផលិតផលក្នុងស្រុករបស់ខ្លួនបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូល និងងាកទៅជំរុញការនាំចេញឱ្យបានកាន់តែច្រើនទៅទីផ្សារម៉ាឡេស៊ី និងប្រទេសជាច្រើនផ្សេងទៀត។
ប្រទេសម៉ាឡេស៊ីតែងទិញផលិតផលកសិកម្មមួយចំនួនពីកម្ពុជាមានដូចជា អង្ករ ដូងប្រេង និងម្រេច ជាដើម។ ក្រៅពីនោះក៏មាន ក្រណាត់ និងផលិតផលឧស្សាហកម្មមួយចំនួនទៀត។ ចំណែកផលិតផលសំខាន់ៗដែលកម្ពុជានាំចូលពីប្រទេសម៉ាឡេស៊ីមានដូចជា គ្រឿងបន្លាស់រថយន្ត អាហារ និងភេសជ្ជៈ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់ជាង ៥០០ លានដុល្លារ កើនឡើង ១៣,១៤ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ីមានតម្លៃជាង ១០១ លានដុល្លារកើន ២,៦២ ភាគរយ និងការនាំទំនិញពីម៉ាឡេស៊ីមកកម្ពុជាមានតម្លៃជាង ៣៩៩ លានដុល្លារ កើន ១៦,១៦ ភាគរយ។ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕