
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា (ឆ្វេង) និងភាគីមីយ៉ាន់ម៉ា។ រូបថត សហការី
ភ្នំពេញៈ កម្ពុជា-មីយ៉ាន់ម៉ា បាននិងកំពុងពន្លឿនលើការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសំខាន់ៗចំនួន ២ ដើម្បីឈានដល់ការចុះហត្ថលេខានាពេលខាងមុខនេះ ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែខ្លាំង។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយរដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃប្រទេសមីយ៉ាន់ម៉ា ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៨ ឧសភា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា កម្ពុជាពិតជាអរគុណដល់មីយ៉ាន់ម៉ា ដែលបានគាំទ្រកម្ពុជាក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០២២ នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ខ្ញុំសូមស្នើឱ្យភាគីទាំង ២ ត្រូវបង្កើនការផ្លាស់ប្តូរយោបល់គ្នាឱ្យបានកាន់តែច្រើនថែមទៀតលើវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគី សំដៅលើកកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ»។
ជាមួយគ្នានេះ លោក Aung Naing Oo រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស ប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ គឺបង្ហាញពីភាពជោគជ័យរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងពង្រីកដៃគូពាណិជ្ជកម្ម។
លោកបានបន្ថែមថា ចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីវិនិយោគរវាងកម្ពុជា-មីយ៉ាន់ម៉ា និងការចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងប្រទេសទាំង ២ កំពុងត្រូវបានពន្លឿន។
លោកបានបញ្ជាក់ថា៖ «យើងមានបំណងពន្លឿនបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងទាំង ២ នេះឱ្យបានឆាប់ ដើម្បីអាចឈានដល់ការចុះហត្ថលេខានាពេលខាងមុខ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចព្រមព្រៀងសំខាន់ទាំង ២ នេះ គឺជាការជួយសម្រួលពាណិជ្ជកម្មគ្នាទៅវិញទៅមក ដែលនឹងអាចផ្តល់ប្រយោជន៍ច្រើនរវាងប្រទេសទាំង ២ ជាពិសេសប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបប្រទះវិបត្តិកូវីដ ១៩ និងវិបត្តិនយោបាយជាដើម។
លោកបន្ថែមទៀតថា ចំពោះកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (The Double Taxation Avoidance Agreement) នឹងជួយសម្រួលបានច្រើនដល់អ្នកវិនិយោគលើការបង់ពន្ធ ដែលនេះជាចំណុចមួយយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែម។
លោកថ្លែងថា៖ «ថ្វីដ្បិតទំហំពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងកម្ពុជានៅមានកម្រិតនៅឡើយ ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងនេះនឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែធំ។ ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា យើង និងមីយ៉ាន់ម៉ា តែងជួយសម្រួលពាណិជ្ជកម្មគ្នាទៅវិញទៅមក។ ដូចនេះ បើមានកិច្ចព្រមព្រៀងទាំង ២ ពិសេសកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានឹងអាចជួយសម្រួលដល់អ្នកវិនិយោគទាំងនៅកម្ពុជា និងមីយ៉ាន់ម៉ា»។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចនៅឡើយ ដោយនៅរយៈពេល ៣ ឆ្នាំ មុនពេលមានវិបត្តិកូវីដ ១៩ ពាណិជ្ជកម្មនៃប្រទេសទាំង ២ មានតម្លៃប្រមាណជិត ២០ លានដុល្លារប៉ុណ្ណោះ៕ LA