ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) របស់​សហភាព​អឺរ៉ុប​មិនបាន​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​នោះទេ ខណៈ​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហភាព​អឺរ៉ុប​សម្រេចបាន​ជាង ៤ ១៩០ លាន​ដុល្លារ​អាមេរិក​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣ ៨៦៣ ​លាន​ដុល្លារ​។

ក្នុងឱកាស​នៃ​ជំនួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​ប្រមាណ ២ ១០០ ​នាក់ នាទី​ក្រុង Zurich ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី​ ២១ ខែឧសភា លោក ហ៊ុន សែន បាន​លើកឡើង​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ​របស់​សហភាព​អឺរ៉ុប មិនបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​មកកាន់​ទីផ្សារ​អឺរ៉ុប​ទេ ដោយ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​កម្ពុជា​មក​ទីផ្សារ​អឺរ៉ុប​មាន ៤ ១៩០ ​លាន​ដុល្លារ​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​រឿង EBA វា​មិនជា​បញ្ហា​ទេ រឿង​កូវីដ​បានជា​បញ្ហា​។ ការនាំចេញ​មាន​កំណើន​រហូត​រឿង EBA ចង់​ដក ២០ ឬ ៣០ ​ស្រេច​តែ​គេ​ទៅ ចំណែក​យើង​នាំចេញ​ចេះតែ​នាំ​ចេញមក​។ ខ្ញុំ​ចង់ឱ្យ​សេដ្ឋកិច្ច​យើង​រឹងមាំ ព្រោះ EBA គង់តែ​ដាច់​ទេ គ្រាន់តែ​យូរហើយ​និង​ឆាប់​ឱ្យតែ​សេដ្ឋកិច្ច​របស់​យើង​ឡើងដល់​កម្រិត​ណាមួយ​ហើយ​នោះ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​វាយនភណ្ឌ​ក្នុងប្រទេស​កម្ពុជា​បាននិង​កំពុង​ដំណើរការ​ល្អ និង​មានការ​កើនឡើង​។ វិស័យនេះ​មិន​ត្រឹមតែ​មិន​បិទទ្វារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​រោងចក្រ​បើក​ថ្មី​ជាច្រើន​ផងដែរ​ ដោយសារ​តែមាន​តម្រូវការ​បញ្ជាទិញ​ពី​អាមេរិក និង​អឺរ៉ុប​កាន់តែខ្លាំង​។ ជាមួយ​គ្នានេះ ក៏មាន​រោងចក្រ​ប្រមាណ ៥០០ បាន​បន្ថែម​ម៉ោង​ធ្វើការ​។ មកដល់​ពេលនេះ​នៅសល់​តែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​បាន​នាំចេញ​សម្ភារ​អគ្គិសនី សម្ភារ​សំណង់ រថយន្ត ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត ផលិតផល​ឱសថ ទឹកបរិសុទ្ធ ដែក និង​ផលិតផល​ផ្សេងៗ​ទៀត​ទៅកាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​ ២២ ឧសភា ឆ្នាំ​ ២០២២ មិនអាច​ទាក់ទង​បានទេ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហគមន៍​អឺរ៉ុប​មិនមាន​អ្វី​ប៉ះពាល់​ខ្លាំង​ដល់​ការនាំ​ចេញពី​កម្ពុជា​ទេ​។ ការនាំចេញ​របស់​កម្ពុជា​នៅតែ​បន្ត​មាន​សកម្មភាព​ដដែល ដោយ​មាន​ភាពបត់បែន​សម្រាប់​នាំទៅ​ប្រទេស​ទាំងអស់នោះ​។

លោក​បាន​បន្តថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ គឺជា​ឱកាស​សម្រាប់​កម្ពុជា​ ដោយសារ​តែ​កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ដែល​ធ្វើឱ្យ​ចំនួន​រោងចក្រ​មានការ​កើនឡើង​ចំនួន​ជាង ៦៦៣ ដែល​ក្នុងនោះ​រោងចក្រ​ប្រមាណ ២០ បាន​រត់​ចេញពី​ប្រទេស​មាន​ហានិភ័យ​ពី​ជំងឺ​កូវីដ និង​បាន​បង្វែរ​ទិសដៅ​មក​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​គេ​មក​ប្រទេស​កម្ពុជា​យើង​នេះ គឺជា​ឱកាស​មួយ និង​ជា​សក្តានុពល​សម្រាប់​ផលិតកម្ម​របស់​កម្ពុជា​ក្នុងការ​នាំចេញ​ទៅកាន់​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ទៀត​លើ​ពិភពលោក​»​។

គណៈកម្មការ​អឺរ៉ុប​បានចេញ​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​ ១២ កុម្ភៈ ឆ្នាំ​ ២០២០ ដោយបាន​សម្រេច​ដក​ការលើកលែង​ពន្ធ ២០ ​ភាគរយ​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ចំពោះ​ទំនិញ​នាំ​ចេញពី​កម្ពុជា ក្រោម​ហេតុផល​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ទោះ​យ៉ាងណា គណៈកម្មការ​មួយ​នេះ​បាន​អះអាងថា ទ្វារ​ចរចា​នៅតែ​បើកចំហ​សម្រាប់​កម្ពុជា​ក្នុងការ​ឈាន​ទៅ​កែទម្រង់​លើ​ការរំលោភ​សិទ្ធិ​មនុស្ស ដើម្បី​បានទទួល​ប្រព័ន្ធ​អនុគ្រោះ EBA ពេញលេញ​មកវិញ​៕ LA

វីដេអូ៖