ភ្នំពេញៈ កម្ពុជានាំចេញម្រេចបានបរិមាណជិត ៤ ពាន់តោន ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ កើនឡើងជិត ៨០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈអ្នកនៅក្នុងឧស្សាហកម្មនេះសម្តែងក្តីបារម្ភអំពីផលប៉ះពាល់ដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ចាប់ពីខែមករាដល់មេសា ឆ្នាំ ២០២២ ការនាំចេញម្រេចសម្រេចបាន ៣ ៨៣៤,៦៧ តោន កើន ៧៩,០៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះការនាំចេញទៅវៀតណាមមានបរិមាណច្រើនជាងគេ គឺ ៣ ៥៤០,០១ តោន, អាល្លឺម៉ង់ ២៥៥,៦០ តោន,ម៉ាឡេស៊ី ១៣,៦៤ តោន, បែលហ្ស៊ិក ៨,៨០ តោន, បារាំង ៨,៦១ តោន, សាធារណរដ្ឋឆេក ២,៣០ តោន, និងជប៉ុន ២,០១ តោន ជាដើម។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២២ ខែឧសភាថា ការប្រមូលម្រេចរបស់កសិករនៅតំបន់ខ្លះបានបញ្ចប់ហើយ និងខ្លះនៅបន្តប្រមូលផល ដោយសារតែភ្លៀងធ្លាក់ច្រើនពេក និងកង្វះខាតកម្លាំងពលកម្មផងដែរ។
លោកបានបន្ថែមថា នៅក្នុងអំឡុងពេលការប្រមូលផលកំពុងសម្រុកខ្លាំងនេះ តម្លៃម្រេចបានធ្លាក់មកនៅត្រឹមជាមធ្យម ១៣ ០០០ រៀលក្នុង ១ គីឡូក្រាម ខណៈនៅពេលប្រមូលផលដំបូង (ក្នុងខែមករា) ម្រេចមានតម្លៃប្រមាណ ១៦ ០០០ រៀល។ គិតមកទល់ពេលនេះ ការប្រមូលផលម្រេចបានប្រមាណពី ៦០ ទៅ ៧០ ភាគរយនៃចំនួនម្រេចសរុបប្រមាណជាង ២ ម៉ឺនតោន ដែលកសិករតែងប្រមូលផលជារៀងរាល់ឆ្នាំ។
លោកបញ្ជាក់ថា៖ «វៀតណាម គឺជាឈ្មួញធំរបស់កម្ពុជា។ ការនាំចេញទៅប្រទេសនេះក៏មិនទាន់បញ្ហាអ្វីដែរ គ្រាន់តែថាវៀតណាមទម្លាក់តម្លៃម្រេចយើងបន្តិច ដោយសារតែកសិករយើងកំពុងសម្រុកប្រមូលផល»។
ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បានប្រាប់ឱ្យដឹងដែរថា ម្រេចកំពត កំពុងតែប្រមូលផល និងបាននាំចេញបណ្តើរៗបានជាង ១០ ភាគរយនៃការនាំចេញសរុបប្រចាំឆ្នាំប្រមាណ ១២០ តោន។
លោកបញ្ជាក់ថា៖ «យើងទើបនាំចេញបានតិចតួច។ តម្លៃ និងទិន្នផលម្រេចឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំ ២០២១ ដែរ ដោយសារតែមិនសូវរងផលប៉ះពាល់ពីអាកាសធាតុ។ កសិករខ្នាតតូច និងមធ្យមបានចុះកុងត្រាជាមួយក្រុមហ៊ុននាំចេញអស់ហើយ នៅតែកសិករធំៗមិនទាន់មានក្រុមហ៊ុនចុះកុងត្រាជាមួយ ដោយហេតុថា ការទិញម្រេចកំពត គឺជាការទិញបែបសមធម៌ ដូចនេះអ្នកដាំដុះធំៗមិនទាន់មានការចុះកុងត្រានៅឡើយទេ»។
លោកបន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ ៨ ក្នុងចំណោមក្រុមហ៊ុនជាង ៣០ ដែលបានចុះកុងត្រាជាមួយដៃគូ ដើម្បីនាំចេញទៅក្រៅប្រទេស។
លោក ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរែល និយាយថា ក្នុងរយៈពេលជាង ៤ ខែមកនេះ ក្រុមហ៊ុនលោកនាំម្រេចកំពត ៣ ប្រភេទ រួមមានស ក្រហម និងខ្មៅ ក្នុងរង្វង់ជាង ៥ តោនទៅក្រៅប្រទេសដូចជា បារាំង កូរ៉េ និងកាហ្សាក់ស្ថាន។ លោកបានបន្ថែមថា ក្នុងចំណោមម្រេចទាំង ៣ ប្រភេទនេះ ម្រេចក្រហមកំពុងមានការខ្វះខាតសម្រាប់នាំចេញដោយសារអ្នកបញ្ជាទិញមានចំនួនច្រើនជាងការរំពឹងទុក។
លោកបានអះអាងថា៖ «ម្រេចក្រហមមានតម្លៃថ្លៃ ក៏កំពុងមានតម្រូវការច្រើនដែរពីប្រទេសអ្នកបញ្ជាទិញ។ ម្រេចប្រភេទនេះ នៅក្រៅប្រទេសមានតម្លៃចន្លោះពី ២៥ ទៅ ៤០ ដុល្លារ ក្នុង ១ គីឡូក្រាម។ ឆ្នាំនេះមានភ្លៀងច្រើនគួរសម ដែលអាចថា នឹងប៉ះពាល់ដល់ការប្រមូលម្រេចខ្លះដែរ ព្រោះពិបាកហាល និងម្រេចធ្លាក់គ្រាប់ច្រើន»៕ LA