ភ្នំពេញៈ អ្នកឯកទេស​ជំនាញ​លើ​បាទីក​ (Batik)​ និង​គ្រឿងអលង្ការ​ច្នៃ​ពី​លោហធាតុ​បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​នេះ​ដល់​កម្ពុជា​អំពី​ការ​រុំ​លោហធាតុ ដែល​វា​ជា​សិល្បៈ​នៃ​ការធ្វើ​គ្រឿង​អលង្ការ ពិសេស​ការច្នៃ​គ្រឿងអលង្ការ​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។

កាលពី​ថ្ងៃទី​ ២២ ឧសភា ឆ្នាំ ​២០២២ ស្ថានទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​ចំនួន ២ ដើម្បី​ណែនាំ​អំពី​បាទីក​ (Batik) និង​គ្រឿងអលង្ការ​ច្នៃ​ពី​លោហធាតុ​នៅ​ខេត្តសៀមរាប និង​មួយទៀត​នឹង​រៀបចំ​ធ្វើ​នៅក្នុង​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២២​។

បើតាម​ការចុះផ្សាយ​របស់​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹងថា សិក្ខាសាលា​នេះ​គឺត្រូវធ្វើ​ឡើង​នៅក្នុង​គោលបំណង​ណែនាំ​អំពី​បាទីក ​(Batik)​ និង​គ្រឿងអលង្ការ​ច្នៃ​ពី​លោហធាតុ​ជាមួយ​នឹង​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មិត្តភក្តិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ប្រជាជន​ឥណ្ឌូនេស៊ី សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SMEs) សិស្ស​និស្សិត និង​គ្រូបង្វឹក​មកពី Batik House Indonesia​។

ស្ថានទូត​បាន​ពន្យល់ថា Batik មកពី​ពាក្យ Javanese amba(wide/large) និង titik(dot) ​ដែល​មានន័យថា ធ្វើ​គំនូរ ឬ​សរសេរ​។ បច្ចេកទេស​បាទីក ប្រើ​ក្រមួន​ដែល​ត្រូវបាន​គូរ ឬ​បោះត្រា​លើ​ក្រណាត់​ដែល​ក្លាយជា​វត្ថុ​ធន់​នឹង​ពណ៌​។ នៅ​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ​ ២០១៩ បាទី​ក​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ​ថា ជា​ស្នាដៃ​ដ៏អស្ចារ្យ និង​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ហេតុ​ដូច្នេះ​ហើយ​ប្រជាជន​ឥណ្ឌូនេស៊ី​ប្រារព្ធ​ថ្ងៃទី​ ២ ខែតុលា ជា​ថ្ងៃ​បុណ្យជាតិ Hari Batik ឬ National Batik Day​។ Batik ត្រូវបាន​គេ​ប្រើ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ឥណ្ឌូនេស៊ី​គ្រប់រូប​ពី​ការ​ស្លៀកពាក់ ការតុបតែង​។

ស្ថានទូត​បន្តថា គ្រឿងអលង្ការ​ច្នៃ​ពី​ខ្សែ​លោហធាតុ គឺជា​បច្ចេកទេស​ដែក​សម្រាប់​ធ្វើការ​ (​មិន​រលាយ​)​ ដែល​ប្រើ​ខ្សែ​លោហធាតុ​រុំ​នៅលើ​ចំណុច​សំខាន់ ដែលជា​ត្បូង​ដើម្បី​បង្កើត​គ្រឿង​អលង្ការ​។ ឥណ្ឌូនេស៊ី ជា​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​ត្បូង​ធម្មជាតិ (​រួមទាំង​គជ់ខ្យង​)​។ ដោយ​ប្រើ​បច្ចេកទេស​រុំ​លួស​លើ​ត្បូង​ទាំងនេះ​ត្រូវបាន​ច្នៃ​ទៅជា​គ្រឿងអលង្ការ​ដ៏​ស្រស់ស្អាត​ជាមួយ​នឹង​តម្លៃ​សមរម្យ​។

សារព័ត៌មាន AKP បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្តី លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ​២២ ខែឧសភា នៅ​ខេត្តសៀមរាប ថា Batik សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​មិន​ត្រឹមតែ​ជា​បេតិកភណ្ឌ​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានក្លាយ​ទៅជា​ឧស្សាហកម្ម​ច្នៃប្រឌិត​ដែល​គាំទ្រ​មនុស្ស​រាប់លាន​នាក់ មាន​ទីផ្សារ និង​អ្នកគាំទ្រ​គ្រប់​វ័យ ទាំង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​អន្តរជាតិ​។

លោក​បន្តទៀតថា សិល្បៈ​នៃ​ការរុំ​លោហធាតុ គឺជា​សិល្បៈ​នៃ​ការធ្វើ​គ្រឿងអលង្ការ ដែល​មាន​តាំងពី​បុរាណ មុនពេល​រកឃើញ​នូវ​បច្ចេកទេស​ផ្សារ​ដែក​ទំនើបៗ ដោយ​ការ​ចងខ្សែ​រុំ​ជុំវិញ​ត្បូង​ទៅជា​គ្រឿងអលង្ការ​ដ៏​ស្រស់ស្អាត​។ គ្រឿងអលង្ការ​ច្នៃ​ពី​លោហធាតុ​នេះ មាន​ភាពល្បីល្បាញ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជាពិសេស នៅ​ទីក្រុង Yogyakarta, East Java និង​ South Sumatra យូរ​មកហើយ​។

បើតាម​លោក Sudirman Haseng ការវិវត្ត​នៃ​គ្រឿងអលង្ការ​ច្នៃ​ពី​លោហធាតុ​នេះ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​រួម​ជាមួយ​នឹង​ការកើនឡើង​នៃ​ចំនួន​សិប្បករ​ពី​ថ្ម​ដ៏​មានតម្លៃ ហើយ​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​។

លោក​និយាយថា​៖ «​ការទូត​សង្គម​-​វប្បធម៌ បាន​ផ្តល់​ការយល់ដឹង​ដ៏​ទូលំ​ទូលាយ​ក្នុង​ចំណេះដឹង​អំពី​វប្បធម៌​ និង​សង្គម​ដទៃទៀត ហើយ​ដើម្បី​សម្រេច​គោលបំណង​នេះ ការអប់រំ​គឺជា​ឧបករណ៍​ដ៏​សំខាន់​។ សម្រាប់​ឥណ្ឌូនេស៊ី កម្ពុជា គឺជា​ដៃគូ​របស់​យើង​ជា​មិត្ត ជា​បងប្អូន​នៅក្នុង​តំបន់​។ ដូច្នេះ​ហើយ វា​មាន​សារៈសំខាន់​សម្រាប់​យើង​ក្នុង​ការ​ធានាថា យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត​របស់​ប្រទេស​មានការ​យល់ដឹង និង​ចំណេះដឹង​ទូលំទូលាយ​អំពី​ប្រទេស​ឥណ្ឌូនេស៊ី​»​។

លោក នាក់ ណេរ៉ុន អភិបាលរង​ខេត្តសៀមរាប​បានឱ្យដឹង​ដែរ​ថា ខេត្ត​សៀមរាប​បាន​ភ្ជាប់​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្ត​សិនត្រល់ចាវ៉ា នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។ តាមរយៈ​ចំណង​មេត្រីភាព​ភាគី​ទាំង​ ២ ​បាន​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ប្រសើរ​។

លោក​បន្តថា សម្រាប់​ការរៀបចំ​សិក្ខាសាលា ដើម្បី​ចែករំលែក​ការយល់ដឹង​ពី​សិល្បៈ និង​វប្បធម៌​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​គ្រឿងអលង្ការ​ដែល​ផលិត​ដោយ​ដៃ​នាពេលនេះ គឺ​បានធ្វើឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ បាន​ឈ្វេងយល់​ពី​វប្បធម៌​បាន​កាន់តែច្បាស់​ផងដែរ​។ ដោយ​ក្នុង​សិក្ខាសាលា​នេះ អ្នកចូលរួម​គឺ​បាន​អនុវត្ត​ផ្ទាល់​ក្នុងការ​គូស​គំនូរ​សិល្បៈ​ឥណ្ឌូនេស៊ី ដូចនេះ​អ្នក​ចូលរួមបាន​យល់​កាន់តែច្បាស់​អំពី​វប្បធម៌​ឥណ្ឌូនេស៊ី​។

លោក​លើកឡើង​ទៀតថា កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​សិល្បៈ​សម្បូរ​បែប​ហើយ​ផ្សារភ្ជាប់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ដោយសារតែ​តម្លៃ​នៃ​សិល្បៈជាតិ​នេះហើយ​ទើប​ធ្វើឱ្យ​កម្ពុជា​មាន​កិត្តិនាម​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​រហូត​មកដល់​បច្ចុប្បន្ន​។ លោក​បាន​បន្ថែមថា​៖ «​ក្នុងន័យ​នេះហើយ​ទើប​គេ​យល់ឃើញ​ថា សិល្បៈ​ជា​អត្តសញ្ញាណ​ជាតិ និង​បាន​រួមចំណែក​លើកស្ទួយ​កិត្តិយស​ជាតិ​»៕ LA