ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយធនាគារក្នុងស្រុកចំនួន ២ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបង់កម្រៃសេវាសាធារណៈក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI។
កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នាយកដ្ឋាននាវាជំនួញសមុទ្របានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារអេស៊ីលីដា និង ABA បន្ថែមលើដៃគូដែលមានស្រាប់ គឺធនាគារវីង ក្នុងគោលបំណងសម្រួលការបង់សេវាសាធារណៈឱ្យកាន់តែប្រសើរ និងមានជម្រើសកាន់តែសម្បូរបែប។
លោក ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែឧសភាថា ការពង្រីកដៃគូសហការលើការងារបង់កម្រៃសេវាសាធារណៈនេះ ជាការបើកឱកាសបន្ថែមរវាងវិស័យសាធារណៈជាមួយនឹងវិស័យឯកជន បន្ទាប់ពីកម្រៃសេវាសាធារណៈចំពោះការស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែរបស់កម្ពុជាក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យអនុវត្តអំឡុងឆ្នាំ ២០១៩ កន្លងទៅ។
លោកបញ្ជាក់ថា៖ «យើងពង្រីកការសហការជាមួយធនាគារបន្ថែមនេះ ដើម្បីផ្តល់ជម្រើសកាន់តែប្រសើរដល់ក្រុមហ៊ុនឯកជនផ្នែកនាវាទាំងអស់។ តម្លៃសេវាសម្រាប់នាវាមួយគ្រឿង ត្រូវបង់ ១០០ ដុល្លារនៅដដែលនៅគ្រប់កំពង់ផែទាំងអស់ដោយក្នុង ១ ខែមាននាវាពី ២០០-៣០០ គ្រឿងដែលបង់កម្រៃសេវាសាធារណៈ Port EDI នេះ។ ចំពោះតម្លៃនេះ គឺមិនមានការបែងចែកតាមទំហំនាវានោះទេ ដោយគ្រប់នាវាទាំងអស់ត្រូវបង់ក្នុងតម្លៃនេះ»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បាននិយាយថា ការជ្រើសរើសប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកបង់សេវាសាធារណៈ ឬការទូទាត់វិក្កយបត្រផ្សេងៗតែងតែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។
លោកបញ្ជាក់ថា៖ «ពិតណាស់យើងគាំទ្រ និងចង់ឱ្យមានជម្រើសធនាគារ ឬជម្រើសបង់ប្រាក់កាន់តែច្រើន ដើម្បីអាចសម្រួលដល់វិស័យឯកជនលើការងារកម្រៃសេវាសាធារណៈ Port EDI។ មិនត្រឹមតែ Port EDI ផ្នែកដឹកជញ្ជូន និងភ័ស្តុភារ ក៏ងាកមកប្រើសេវា និងការផ្ញើឯកសារតាមប្រព័ន្ធអេឡិចត្រូនិកវិញដែរ ដែលធ្វើយើងចំណេញពេលវេលា និងទទួលបានការឆ្លើយតបឆាប់រហ័សជាងមុន»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានប្រាប់ថា ការពង្រីកដៃគូសហការរបស់ក្រសួងសាធារណការលើកបង់សេវា Port EDI នេះ នឹងផ្តល់ផលល្អសម្រាប់ក្រុមហ៊ុនឯកជន តាមរយៈការចំណេញពេលវេលា និងមានសុវត្ថិភាព។
លោកនិយាយថា៖ «វិស័យសាធារណៈនាពេលបច្ចុប្បន្នបានធ្វើការងារជាច្រើនសម្រាប់ការអភិវឌ្ឍលើប្រព័ន្ធឌីជីថលដូចជាការចុះបញ្ជី និងការស្នើសុំលិខិតនានា ក៏ដូចជាការទូទាត់ប្រាក់ជាដើម។ បច្ចុប្បន្ននៅបណ្តាប្រទេសមួយចំនួន គេបានងាកមកប្រើប្រាស់ការទូទាត់តាមឌីជីថលហើយ ដោយសារវាបានផ្តល់ប្រសិទ្ធភាពខ្ពស់ និងមានហានិភ័យទាប»។
ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរពីការធ្វើដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ នៅពេលប្រព័ន្ធ Port EDI នេះដំណើរការវានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ។
រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ បាននិងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅតាមកំពង់ផែគោលដៅ ដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តគម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរមានភាពងាយស្រួល និងស្របតាមច្បាប់៕ LA