ភ្នំពេញៈ ក្រុម​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន និង​អ្នក​នាំចេញ​បាន​អះអាង​ថា ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ជាពិសេស​វិបត្តិ​នៃ​ការផ្គត់ផ្គង់​ប្រេង​ដែល​បណ្តាល​មកពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ទៅក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា​កើនឡើង​ប្រមាណ​ពី ១៥-២០ ​ភាគរយ​បើ​ធៀប​នឹង​ខែមេសា កន្លងមក​។ ការណ៍​នេះ​កំពុង​យាយី​ដល់​ការកើនឡើង​ថ្លៃដើម​ផលិតកម្ម​នៅ​កម្ពុជា​។

ការងើប​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​សកល​ពី​វិបត្តិ​ជំងឺ​កូវីដ ​១៩ ដែល​ជំរុញឱ្យមាន​តម្រូវការ​ប្រេងឥន្ធនៈ​ក្នុង​បរិមាណ​ច្រើន ស្រប​ពេល​ការផ្គត់ផ្គង់​ធ្លាក់ចុះ​ (​វិបត្តិ​នៅ​អ៊ុយក្រែន​) បានធ្វើឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៣ ខែឧសភា ឱ្យដឹងថា ផ្អែក​តាម​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ២១-៣១ ខែឧសភា ឆ្នាំ​ ២០២២ គឺ​សាំង​ធម្មតា ត្រូវ​លក់​តម្លៃ ៥ ៦០០ ​រៀល​ក្នុង ​១ ​លីត្រ និង​ប្រេងម៉ាស៊ូត តម្លៃ ៥៤០០ ​រៀល​។ កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ សាំង​ធម្មតា មានតម្លៃ ៤ ២០០ ​រៀល និង​ម៉ាស៊ូត តម្លៃ ៣ ៨០០ ​រៀល​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២៣ ខែឧសភា​ថា ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ រួមទាំង​ប្រភព​ថាមពល កំពុង​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​គ្រប់​ចង្វាក់​ផលិតកម្ម ដោយ​ចាប់តាំងពី​ថ្លៃដើម​ផលិត រហូត​ដល់​ការដឹកជញ្ជូន​ផលិតផល​សម្រេច​។ សម្រាប់​តម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា​គឺ​ទើប​ចាប់ផ្តើម​កើនឡើង​កាលពី​ខែមេសា ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ បាន​ហក់ឡើង​ជា​បន្តបន្ទាប់​ ក្រោយពី​ការចូល​លុកលុយ​របស់​កង​យោធា​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ​។

លោក​និយាយថា​៖ «​តម្លៃ​ដឹកជញ្ជូន​ទំនិញ​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ពេលនេះ​បាន​កើនឡើង​ក្នុង​រង្វង់​ពី ១៥-២០ ​ភាគរយ​ចាប់ពី​ខែមេសា​មក ប៉ុន្តែ​សម្រាប់​តម្លៃ​ដឹកជញ្ជូន​ជា​អន្តរជាតិ គឺ​ឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ដែលជា​អំឡុងពេល​កូវីដ​ ១៩ រីក​រាលដាល​ខ្លាំង​មក​ម្ល៉េះ​»​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់ថា ចាប់តាំងពី​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ នៅលើ​ពិភពលោក​មាន​ភាព​ធូរស្រាល តម្លៃ​ប្រេង​បាន​កើនឡើង​ជា​បន្តបន្ទាប់ គ្រាន់តែ​ការ​ហក់ឡើង​ខ្ពស់ គឺ​ចាប់ផ្តើម​ពី​ពេល​មាន​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។ សម្រាប់​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា តម្លៃ​ទើប​ចាប់ផ្តើម​ឡើង​កាលពី​ខែមេសា មក​ព្រោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​មិនអាច​ទ្រទ្រង់​ការខាតបង់​ដែល​បណ្តាល​មកពី​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​បាន​។

លោក​ប្រាប់ថា​៖ «​ទោះបី​ការដឹកជញ្ជូន​ក្នុងស្រុក​បាន​ឡើង​តម្លៃ​មួយចំនួន​ក៏ដោយ ក៏​ប្រាក់​ចំណេញ​នៅ​មិនទាន់​មាន​ទេ គឺ​បានត្រឹមតែ​រួចខ្លួន​ប៉ុណ្ណោះ​»​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន បាន​ប្រាប់​ថា ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​មិនទាន់​មាន​អ្វី​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទេ ដោយសារ​រោង​ម៉ាស៊ីន​កិនស្រូវ​សុទ្ធតែ​ប្រើប្រាស់​ភ្លើងអគ្គិសនី ហើយ​តម្លៃ​អគ្គិសនី​ក៏​មិនមាន​ការដំឡើង​ថ្លៃ​ដែរ​។ លោក​បន្តថា ទោះយ៉ាងណា​តម្លៃ​ផលិតកម្ម​នៅលើ​ការដាំដុះ​អាចមាន​ផលប៉ះពាល់​ខ្លះ ពិសេស​លើ​តម្លៃ​ឈ្នួល ការជួល​គ្រឿងចក្រ​សម្រាប់​ភ្ជួរ រាស់ និង​ច្រូតកាត់ ជាដើម​។ ដោយឡែក​សម្រាប់​ថ្លៃ​ប្រេង​បូមទឹក​ក្នុង​រដូវ​នេះ គឺ​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ ដោយសារ​ការធ្វើ​ស្រូវវស្សា ភាគច្រើន​បំផុត​គឺ​ប្រើប្រាស់​ទឹកភ្លៀង​។

លោក​បន្តថា​៖ «​មកដល់​ពេលនេះ តម្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​គឺ​មាន​ការប្រែប្រួល​ខ្លះ ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​បានគិត​តម្លៃ​ប្រេង​បន្ថែម​ (Fuel Charge) ២០ ​ភាគរយ ហើយ​តម្លៃ​ដឹកជញ្ជូន​អន្តរជាតិ គឺ​នៅ​ដដែល ដោយសារ​តម្លៃ​ដែល​គាត់​បាន​ឡើង​នោះ​គឺ​ឡើង​តាំងពី​ប្រេង​មិនទាន់​ឡើងថ្លៃ​មក​ម្ល៉េះ​»​។

ទាក់ទង​នឹង​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​លោក សារ៉ន បាន​ប្រាប់ថា ជា​ទស្សនៈ​របស់​លោក គឺ​មិនមាន​អ្វីដែល​បញ្ហា​ធំ​នោះឡើយ​ដរាប​ណា​បរិមាណ​ប្រេង​នៅមាន​ការផ្គត់ផ្គង់​លើ​ទីផ្សារ ព្រោះ​ប្រេង​មាន​ឥទ្ធិពល​លើ​តម្លៃ​ដើម​ផលិតកម្ម ដាំដុះ​តិចតួច​បំផុត គឺ​ប្រមាណ ១៣ ​ភាគរយ​សម្រាប់​ស្រូវប្រាំង ហើយ​ស្រូវវស្សា មិនមាន​ការប្រើប្រាស់​ប្រេងឥន្ធនៈ​សម្រាប់​បូមទឹក​នោះឡើយ​៕ LA

វីដេអូ៖