ភ្នំពេញៈ កម្ពុជាបាននាំចេញផលនេសាទស្រស់សរុបចំនួន ១ ២៩១ តោនក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២ ដោយថយចុះជាង ១១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
របាយការណ៍បឋមរបស់រដ្ឋបាលជលផលបង្ហាញថា ការនាំចេញផលនេសាទទឹកសាប និងទឹកប្រៃចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២២ មានបរិមាណសរុប ១ ២៩១ តោន ថយចុះ ១៧២តោនស្មើនឹង ១១,៧៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ និងស្មើនឹង ១២,៩១ ភាគរយនៃផែនការដែលបានកំណត់ ១ ម៉ឺនតោន។ ក្នុងនោះដែរ ចំពោះបរិមាណនាំចេញសរុបនេះ គិតជាទឹកប្រាក់មានតម្លៃសរុបជិត ៣៩ លានដុល្លារ។
លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា មូលហេតុការនាំចេញផលនេសាទថយចុះ គឺដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស។ លោកបន្ថែមថា ផលនេសាទនាំចេញភាគច្រើនជាផលនេសាទទឹកសាប និងជាប្រភេទត្រីធម្មជាតិ ខណៈត្រីចិញ្ចឹមមានតិចតួច។ កតា្តធម្មជាតិគឺពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរអាកាសធាតុ រីឯកត្តាមនុស្ស សំដៅការកើនឡើងនៃចំនួនប្រជាជន និងបទល្មើស។
លោកបញ្ជាក់ថា៖ «ត្រីដែលយើងនាំចេញភាគច្រើនជាប្រភេទត្រីកែស ត្រីរ៉ស់ ដោយនាំទៅវៀតណាម និងថៃជាដើម។ ពីមុនមាននាំទៅចិនខ្លះដែរតែដោយសារតែកូវីដ ១៩ ផ្ទុះឡើងវិញនៅប្រទេសចិន យើងក៏ផ្អាកសិន។ ក្រៅពីត្រីធម្មជាតិ យើងក៏មាននាំចេញត្រីចិញ្ចឹមតាមបែបវារីវប្បកម្មខ្លះដែរ តែតិចតួចនៅឡើយ។ យើងរំពឹងថាការនាំចេញត្រីទៅក្រៅប្រទេសនឹងអាចមានកំណើនឡើងវិញ ពិសេសបន្ទាប់ពីយើងទទួលបានភ្លើងបៃតងពីអគ្គរដ្ឋបាលគយចិនក្នុងការនាំចេញសាកល្បង (ត្រីប្រា) នៅចុងខែមិថុនាខាងមុខនេះ»។
លោកបន្តថា អគ្គរដ្ឋបាលជលផលកំពុងធ្វើការផ្សព្វផ្សាយបន្ថែមលើការចិញ្ចឹមត្រីប្រានេះ ដោយធ្វើយ៉ាងណាឱ្យវារីវប្បករចិញ្ចឹមតាមលក្ខខណ្ឌតម្រូវ។
លោក វ៉ិត ធារិទ្ធ ម្ចាស់កសិដ្ឋានផលិតពូជត្រី ៧ មករាដែលជាកសិដ្ឋាន ១ នៅក្នុងចំណោមកសិដ្ឋាន ៣ ដែលទទួលបានការអនុញ្ញាតនាំចេញត្រីប្រាទៅប្រទេសចិន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នវារីវប្បករជួបបញ្ហាច្រើន ដោយសារការចំណាយថ្លៃដើមចិញ្ចឹមត្រីកើនឡើង ប៉ុន្តែតម្លៃត្រីលើទីផ្សារក្នុងស្រុកធ្លាក់ចុះ។
លោកបន្ថែមថា ការនាំចេញនឹងទទួលបានតម្លៃល្អ ដោយកន្លងទៅខាងកសិដ្ឋានទាំង ៣ បានពិភាក្សាជាមួយរោងចក្រកែច្នៃរួចហើយ ដោយអាចបានតម្លៃចន្លោះពី ៥ ៥០០ រៀលទៅ ៦ ០០០ រៀល គ្រាន់បើជាងលក់ក្នុងស្រុក ដែលបានត្រឹមតែជាង ៤ ០០០ រៀល។
ទិន្នន័យពីក្រសួងកសិកម្មបានបង្ហាញថា កាលពីឆ្នាំ ២០២១ ការនាំចេញផលនេសាទស្រស់ មានចំនួន ២ ៩១៦ តោន ស្មើនឹង ៣៦,៤៥ ភាគរយនៃផែនការចំនួន ៨ ០០០ តោន និងកើនឡើងចំនួន ៩៧១ តោន ខណៈផលនេសាទកែច្នៃរួចនាំចេញបានចំនួន ១៥០ តោន ស្មើនឹង ៧,៥០ ភាគរយនៃផែនការចំនួន ២ ០០០ តោន និងថយចុះចំនួន ៨៤ តោនបើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២០៕ LA
វីដេអូ៖