ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនឈានមុខគេនៅកម្ពុជាបានរាយការណ៍ប្រាក់ចំណូលសរុបកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។
លោក គិត ម៉េង ប្រធានមិនមែននាយកប្រតិបត្តិក្រុមហ៊ុន PPSEZ បានឱ្យដឹងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ២០ ខែឧសភាថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលសរុបចំនួន ១៨ ០៥៦ ៧៦៣ ០០០ រៀល (ឬជាង ៤, ៤៤៦ លានដុល្លារ) កើនឡើង ១៥២,៨៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមាន ៧ ១៤០ ៥៩៤ ០០០ រៀល (ឬ ១ ៧៥៨ លានដុល្លារ) កាលពីត្រីមាសទី ១ ឆ្នាំមុន។ ជាលទ្ធផល ក្រុមហ៊ុននេះ បានរាយការណ៍ការខាតបង់សុទ្ធចំនួន ២ ៧៥៧ ០០៩ ០០០ (ឬ ៦៧ ៨៦១ ដុល្លារអាមេរិក)ធៀបនឹងការខាតបង់សុទ្ធចំនួន ៣ ៧២៧ ០៤៨ ០០០ រៀល (ឬ ៩១៧ ១៣៥ ដុល្លារ) កាលពីត្រីមាសដូចគ្នានៃឆ្នាំ ២០២១។
ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយនេះនៅតែរឹងមាំ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៤២៧ ៣៦៦ ០៥២ ០០០ រៀល (ឬជាង ១០៥ លានដុល្លារ) ដែលរួមមានទ្រព្យសកម្មមិនមែនបច្ចុប្បន្នចំនួន ១៧០ ៨៥៨ ៧៦៣ ០០០ រៀល (ជាង ៤២ លានដុល្លារ) និងទ្រព្យសកម្មបច្ចុប្បន្នចំនួន ២៥៦ ៥០៧ ២៨៩ ០០០ រៀល (ជាង ៦៣ លានដុល្លារ) ខណៈដែលភាគហ៊ុនសរុបមានចំនួន ២៤២ ១៦២ ៣៦៣ ០០០ រៀល (ជាង ៥៩,៥៧៤ លានដុល្លារ) ធ្លាក់ចុះ ២,៣៦ ភាគរយធៀបនឹង ២៤៨ ០០២ ៩៧៤ ០០០ រៀល (ឬជាង ៦១ លានដុល្លារ) កាលពីឆ្នាំ ២០២១។ នេះបើយោងតាមលោក គិត ម៉េង។
ក្រុមហ៊ុន PPSEZ បានឱ្យដឹងថា៖ «កាលពីត្រីមាសទី ១ ឆ្នាំ ២០២២ ប្រតិបត្តិការអាជីវកម្មរបស់យើងទទួលបានប្រាក់ចំណេញ ខណៈប្រាក់ចំណូលដីធ្លី និងចំណូលពីការជួលមានចំនួន ២ ៥២៨ ៤៣៩ ០០០ រៀល (ឬប្រហែល ៦២១ ៩៨២ ដុល្លារ) ធៀបនឹង ២ ១២៦ ៦១០ ០០០ រៀល (ឬជាង ៥២៣ ០៨៧ ដុល្លារ) កាលពីត្រីមាសទី ១ នៃឆ្នាំ ២០២២»។
ក្រុមហ៊ុនបន្តថា៖ «ប្រាក់ចំណូលពីការជួលត្រូវបានគណនាលើមូលដ្ឋានបន្ទាត់ត្រង់ក្នុងរយៈពេលជួលនៃការជួលបន្ត។ ការចំណាយសរុបនៃការលើកទឹកចិត្តដែលផ្តល់ទៅឱ្យអ្នកជួលត្រូវបានទទួលស្គាល់ថា គឺជាការកាត់បន្ថយប្រាក់ចំណូលពីការជួលក្នុងរយៈពេលជួលដោយផ្អែកលើបន្ទាត់ត្រង់»។ «យើងចាប់ផ្តើមទទួលស្គាល់ប្រាក់ចំណូលពីអាជីវកម្មសំណង់។ ដោយសារទិសដៅយុទ្ធសាស្ត្ររបស់យើង យើងមានគោលបំណងពង្រីកសេវាកម្មសំណង់របស់យើង ដើម្បីបម្រើអ្នកជួលរបស់យើង និងអតិថិជនខាងក្រៅផងដែរ»។
ក្រុមអ្នកសង្កេតការណ៍ទីផ្សារមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ក្រុមហ៊ុនមួយនេះ បន្ទាប់ពីក្រុមហ៊ុន Inter Logistics (Cambodia) Co Ltd ដែលជាសមាជិករបស់ក្រុមហ៊ុន Royal Group of Companies Ltd កាលពីថ្ងៃទី ២១ ខែធ្នូ បានប្រកាសថាខ្លួនបានទិញភាគហ៊ុន ៤៥,០៩ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន PPSP សរុប ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនឈានមុខគេរបស់ប្រតិបត្តិករតំបន់ឧស្សាហកម្មមួយនេះ។ សេចក្តីប្រកាសនេះបានបណ្ដាលឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន PPSP កើនឡើង ៤,៥ ភាគរយ។
ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលផ្ញើទៅផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន PPSEZ បានរាយការណ៍ប្រាក់ចំណូលសរុប ១១៧,៧៦៧ ពាន់លានរៀល (២៩ លានដុល្លារ) កើនឡើង ៧៤,៥៣ ភាគរយ និងប្រាក់ចំណូលសុទ្ធ ៧,៧៩៧ ពាន់លានរៀលសម្រាប់ឆ្នាំ ២០២១ និង ៨០,៦៦ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ទ្រព្យសកម្មសរុបមានចំនួន ៤២៦,២៣៤ ពាន់លានរៀល និងមូលធនសរុប ២៤៨ ០០៣ ពាន់លានរៀល កើន ១០,៩៨ ភាគរយ និង ២,០៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន PPSEZ មានអ្នកជួលមកពីប្រទេសជប៉ុន ចិន សិង្ហបុរី អាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលី ដែលតំណាងឱ្យឧស្សាហកម្មជាច្រើនរួមមាន គ្រឿងបន្លាស់រថយន្ត សម្លៀកបំពាក់ អាហារ និងភេសជ្ជៈ ផលិតផលប្លាស្ទិក ផលិតផលអេឡិចត្រូនិក និងគ្រឿងអលង្ការ៕ LA