ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ១ ៥០០ លានដុល្លារពីការប្រមូលពន្ធ-អាករក្នុងរយៈពេល ៤ ខែឆ្នាំ ២០២២ កើនឡើងជាង ២៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកសេដ្ឋកិច្ចឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងមក។
របាយការណ៍អគ្គនាយកដ្ឋានពន្ធដារ (GTD) ចេញផ្សាយកាលពីថ្ងៃទី ២៤ ខែឧសភា ឱ្យដឹងថា រយៈពេល ៤ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករដែល GDT ប្រមូលបានមានចំនួនជាង ១ ៥០២ លានដុល្លារ ស្មើ ៥៣,២៧ ភាគរយនៃផែនការធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ កើនឡើងជាង ៣៤០ លានដុល្លារ ឬ ២៩,៣៦ ភាគរយ។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ ២០២២ មានចំនួនប្រមាណ ២៣៧ លានដុល្លារ ស្មើនឹង ៨,៤ ភាគរយនៃផែនការបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែមេសាឆ្នាំ ២០២១ កើនឡើងជិត ១១១ លានដុល្លារស្មើនឹង ២៩,៣៦ ភាគរយ។
GDT បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៤ បានរក្សាកំណើនគួរឱ្យកត់សម្គាល់ធៀបនឹងខែមេសាឆ្នាំ ២០២១ ក្នុងរង្វង់ ៨០ ភាគរយទៅ ៩០ ភាគរយ ក្នុងនោះពន្ធលើប្រាក់ចំណូល ៨១,៩៨ ភាគរយ, អាករលើតម្លៃបន្ថែម ៨៤,៤៤ ភាគរយ, ពន្ធលើប្រាក់បៀវត្សរ៍ ៨៨,៥៥ ភាគរយ, និងពន្ធប្រថាប់ត្រាទៅលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៧៧,៣៣ ភាគរយ ខណៈកំណើនខ្ពស់សម្រាប់ចំណូលអាករពិសេស ១១០,៥៨ ភាគរយ និងពន្ធលើឈ្នួលផ្ទះ និងដី ១១៤,៦០ ភាគរយ។ សរុបរួមសម្រាប់រយៈពេល ៤ ខែ ឆ្នាំ ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗទាំង ៦ បានរក្សាកំណើនគួរឱ្យកត់សម្គាល់ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា៖ «លទ្ធផលកំណើនចំណូលនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ច បន្ទាប់ពីការបើកប្រទេសឡើងវិញចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ហើយលទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីជោគជ័យ និងកិច្ចខំប្រឹងប្រែងនៃការអនុវត្តកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធាននានា»។
លោកបន្ថែមថា៖ «តាមរយៈកំណែទម្រង់ពន្ធដារ GDT មានប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីច្បាស់លាស់ ដែលជាមូលដ្ឋាននៃការគ្រប់គ្រងចំណូលពន្ធគ្រប់ជ្រុងជ្រោយ និងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ»។
លោកកត់សម្គាល់ថា តាមរយៈការចុះបញ្ជីពន្ធដារ និងការគ្រប់គ្រងប្រមូលចំណូលពន្ធដារតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានដែលបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ GDT មានមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការតាមដានពិនិត្យផ្ទៀងផ្ទាត់ ដើម្បីចាត់វិធានការក្នុងការគេចវេះពន្ធ និងជំរុញកំណើនចំណូលពន្ធប្រកបដោយតម្លាភាព។ GDT ក៏បានចាត់វិធានការទៅលើសហគ្រាសដែលគេចវេះពន្ធជាលក្ខណៈប្រព័ន្ធ ដោយបានប្តឹងជាករណីបទល្មើសពន្ធដារផងដែរ។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ជាង ២ ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ១០ ជុំរួចមកហើយដែលសរុបជាប្រាក់ជាង ២ ពាន់លានដុល្លារ ដើម្បីទប់លំនឹងសេដ្ឋកិច្ច សង្គម និងជួយក្រុមគ្រួសារដែលងាយរងគ្រោះតាមរយៈការឧបត្ថម្ភសាច់ប្រាក់។
កាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ទើបបានដាក់ចេញកញ្ចប់ថវិកាចំនួន ១៥០ លានដុល្លារដោយផ្តល់តាមរយៈធនាគារសហគ្រាសតូច និងមធ្យមកម្ពុជា ក្នុងការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបសម្រាប់ជួយស្តារឡើងវិញវិស័យទេសចរណ៍ដែលត្រូវបានញាំញីយ៉ាងធ្ងន់ធ្ងរពីវិបត្តិសុខភាពសកលនារយៈពេលជាង ២ ឆ្នាំមកនេះ៕ LA