ភ្នំពេញៈ កម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) របស់រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយប្រមាណ ៩២ លានដុល្លារអាមេរិកដល់កម្ពុជា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក តាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែចង្វាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រពជាដើម។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានឱ្យដឹងថា កម្មវិធី CAVAC របស់រដ្ឋាភិបាលអូស្ត្រាលីបានអនុវត្តសកម្មភាព ដើម្បីជួយដល់វិស័យកសិកម្មកម្ពុជាឱ្យមានភាពធន់តាំងពីឆ្នាំ ២០១០ មក ដោយកម្មវិធីនេះបានសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ៣០ ទីតាំង ការបង្កើនប្រាក់ចំណូលគ្រួសារសម្រាប់កសិករខ្នាតតូចតាមរយៈការជំរុញផលិតភាពក្នុងវិស័យកសិកម្ម ជំរុញសមត្ថភាព ឆ្លើយតបនឹងការធ្វើពាណិជ្ជកម្ម និងការធ្វើពិពិធកម្ម។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កម្មវិធី CAVAC បានជួយច្រើនដល់វិស័យកសិកម្មកម្ពុជា ជាពិសេសជួយលើប្រព័ន្ធស្រោចស្រព ដោយកន្លងទៅបានជួយដល់កសិករក្នុងការជំរុញកំណើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការផ្សព្វផ្សាយ ផ្តល់ចំណេះដឹងទាំងមុខរបរ និងធ្វើអាជីវកម្មផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។
លោកបន្ថែមថា CAVAC បានជួយដល់ការស្រាវជ្រាវ និងផ្សព្វផ្សាយវិស័យកសិកម្មជាច្រើន ជាពិសេសជួយដល់កសិករខ្នាតតូច ដើម្បីទទួលចំណេះដឹងថ្មីទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន។
លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីកម្មវិធី CAVAC នឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២ នេះទៅ រដ្ឋាភិបាលអូស្ត្រាលីនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាទៅលើគម្រោងថ្មីមួយទៀត គឺការធ្វើពិពិធកម្មវិស័យកសិកម្មរបស់កម្ពុជា ក្រោមភាពជាដៃគូថ្មី កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចធន់ (CAP-RED) ដែលនឹងផ្តោតលើវិស័យសំខាន់ៗ រួមមាន វិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល និងវិស័យអប់រំ»។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីដើមខែមេសា លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាធ្លាប់បានបញ្ជាក់ថា ក្រោយពីបញ្ចប់កម្មវិធី CAVAC ទៅរដ្ឋាភិបាលអូស្ត្រាលី មានកម្មវិធីមួយទៀត គឺកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានថវិកាចំនួន ៨៧ លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ៦១ លានដុល្លារអាមេរិក។
លោក Kang បានបញ្ជាក់ថា៖ «កម្មវិធី CAP-RED ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់កម្ពុជា និងការគាំទ្រកាន់តែស៊ីជម្រៅរបស់អូស្ត្រាលី ក្នុងពេលយើងប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ថា ក្នុងរយៈពេលកន្លងមករដ្ឋាភិបាលកម្ពុជាបានជួយដល់វិស័យស្រូវអង្ករកម្ពុជាច្រើនណាស់ រាប់តាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ការរៀបចំបន្សុទ្ធពូជស្រូវ និងកម្មវិធីផ្សេងៗទៀត រួមទាំងការជួយរកទីផ្សារឱ្យសហគមន៍។
លោកបញ្ជាក់ថា៖ «កន្លងមកសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយកម្មវិធី CAVAC លើការបង្កើតម៉ាកសញ្ញាម្លិះអង្គរ និងម៉ាកសញ្ញា ២ ថែមទៀតដែលនឹងប្រកាសនាពេលខាងមុខ។ យើងក៏បានទទួលការជួយជ្រោមជ្រែងពី CAVAC ក្នុងការតាំងពិព័រណ៍ផលិតផលកសិកម្មកម្ពុជា»។
លោករំពឹងថា កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលនឹងត្រូវអនុវត្តក្រោយបញ្ចប់កម្មវិធី CAVAC នឹងជំរុញបន្ថែមទៀតដល់វិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងវិស័យស្រូវ តាមរយៈការជួយលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងទីផ្សារ៕ LA