ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យវិនិយោគិន និងធុរជននៅអឺរ៉ុបមកស្វែងរកឱកាសអាជីវកម្ម និងវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា ខណៈរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច។
ថ្លែងនៅក្នុងព្រឹត្តិការណ៍កម្មវិធីរាត្រីកម្ពុជាដែលរៀបចំដោយក្រុមហ៊ុនពហុផលិតផលក្នុងស្រុក WorldBride Group នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី ២៤ ខែឧសភា នៅទីក្រុង Davos-Klosters ប្រទេសស្វ៊ីស លោកនាយករដ្ឋមន្ដ្រីដែលកំពុងមានវត្តមាននៅទីក្រុងនេះបានឱ្យដឹងថា ថ្មីៗនេះជាមួយភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលកូវីដ ១៩ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលបន្ធូរបន្ថយតម្រូវការធ្វើតេស្ត និងតម្រូវការផ្សេងៗទៀតសម្រាប់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងរួច ដើម្បីសម្រួលដល់សកម្មភាពអាជីវកម្ម និងទេសចរណ៍។
លោកថ្លែងថា៖ «សេចក្ដីសម្រេចនេះអាចធ្វើទៅបាន ដោយសាររាជរដ្ឋាភិបាលមានស្មារតីបុរេសកម្ម និងបានខ្នះខ្នែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជនបានយ៉ាងរហ័ស និងទាន់ពេល ដោយគិតត្រឹមថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ មានប្រជាជនជាង ៩៣,៣៦ ភាគរយបានទទួលវ៉ាក់សាំងរួចរាល់ដែលនាំឱ្យកម្ពុជាសម្រេចបានភាពស៊ាំក្នុងសហគមន៍ពេញលេញ។ សមិទ្ធផលនេះបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ រហូតទល់ពេលនេះ»។
លោកបញ្ជាក់ថា៖ «ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។
លោកថ្លែងថា៖ «ទស្សនវិជ្ជារបស់យើង គឺផ្ដោតលើការខិតខំប្រែក្លាយបញ្ហាប្រឈមបណ្ដាលមកពីបញ្ហានេះឱ្យទៅជាកាលានុវត្តភាពក្នុងកិច្ចការកែទម្រង់ផ្ទៃក្នុងគួបផ្សំជាមួយនឹងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងឌីជីថល និងការពង្រឹងភាពធន់ សង្គមសេដ្ឋកិច្ច»។
លោកបញ្ជាក់ថា៖ «កម្ពុជាបានចាកចេញពីវិបត្តិជំងឺកូវីដ ១៩ ជាមួយភាពជឿជាក់ ភាពទាក់ទាញ ភាពប្រកួតប្រជែងខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ខ្ញុំសូមអញ្ជើញ និងស្វាគមន៍ចំពោះវិនិយោគិនទាំងឡាយទៅធ្វើការស្វែងយល់ ធ្វើដំណើរទេសចរណ៍ និងចាប់យកឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា»។
លោក សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម និងការវិនិយោគក្នុងប្រទេស។
លោកបន្តថា បច្ចុប្បន្នកម្ពុជាបានធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកថ្លែងថា៖ «ជាមួយនឹងលទ្ធភាពទាំងអស់នេះកម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចទីផ្សារសេរី និងបើកចំហខ្លាំងបំផុតក្នុងតំបន់»។ លោកបញ្ជាក់ថា៖ «ប្រទេសនេះមានស្ថិរភាព គាំទ្រអាជីវកម្ម និងស្វាគមន៍វិនិយោគិនមកពីជុំវិញពិភពលោក។ ចំពោះភ្ញៀវអន្តរជាតិរបស់យើងសូមបញ្ជាក់ឡើងវិញថា ក្រុមហ៊ុន WorldBridge Group សូមស្វាគមន៍លោកអ្នកទាំងក្នុងឋានៈជាដៃគូប្រកបដោយសក្តានុពល និងជាមិត្ត»។
យោងតាមលោកនាយករដ្ឋមន្ដ្រី រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការលើកកម្ពស់គុណភាពសេវាឡូជីស្ទិក ការកាត់បន្ថយការចំណាយទាំងពេលវេលា និងថវិកា ការលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្ដិសុខ ជាដើម។
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃគម្រោង EBA ពីកម្ពុជាជាការផ្អាកមួយ ដែលប៉ះពាល់ដល់ការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាចំនួន ១ ភាគ ៥ ឬ ១ ពាន់លានអឺរ៉ូ (១,០៩ ពាន់លានដុល្លារ) ទៅកាន់ប្លុក ២៧ ប្រទេសមួយនេះ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ កាលពីឆ្នាំ ២០២០ មានចំនួន ៤,៣ ពាន់លានអឺរ៉ូ និងឆ្នាំ ២០២១ មានចំនួន ៤,៥ ពាន់លានអឺរ៉ូ៕ LA