ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០% និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅខែកញ្ញាឆ្នាំ ២០២៣។
ការបង្ហាញលទ្ធផលសម្រេចបានកើតមានឡើង នៅពេលលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងដែលកំពុងស្ថាបនាកាលពីថ្ងៃទី ២៦ ខែឧសភានេះ។
យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣ គិតរហូតមកទល់ពេលនេះសម្រេចបាន ៧៣,៧០ ភាគរយ។
ការងារនៅសល់មានដូចជា ការងារដូរទំហំការងារស្ពាននៅប្រឡាយ ៩៤ និងប្រឡាយ ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ ២០២៣ខាងមុខ។ នេះបើយោងតាមក្រសួងសាធារណការ៕