ភ្នំពេញ: លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាននិងសហការី ជួបពិភាក្សាការងារជាមួយ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពិភាក្សាការងារអំពីការដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២ ព្រមទាំងការគាំទ្រលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables–PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ ២០២២។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
លោក ពេជ ឫទ្ធី បានប្រាប់ លោក Chris Humphrey អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខ័ណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក ពេជ ឫទ្ធី ក៏បានលើកឡើងអំពីការរៀបចំ និងវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាពមួយចំនួនរបស់កម្ពុជា ពាក់ព័ន្ធនឹងវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក កសិកម្ម និងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតាមរយៈការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានជាដើម។
ក្នុងជំនួបនោះ លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានស្វាគមន៍វឌ្ឍនភាពល្អប្រសើររបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព។
លោកក៏បានលើកឡើងអំពីគម្រោងរបស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចលើកទី១០ ជាបន្តបន្ទាប់ នៅកម្ពុជា និងស្នើសុំព័ត៌មាននៃកាលបរិច្ឆេទ និងទីតាំងជាក់លាក់សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងពេលវេលាសមស្រប។
ភាគីទាំង ២ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាឱ្យភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ដែលនឹងជំរុញបន្ថែមនូវពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់៕