ភ្នំពេញៈ លោក លី តៃសេង ចាងហ្វាង និងអគ្គនាយកកាសែត ភ្នំពេញប៉ុស្តិ៍ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានច្បាស់លាស់ និងទាន់ពេលវេលាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដើម្បីជាប្រយោជន៍ សម្រាប់អ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ ធុរជន និងវិនិយោគិន ព្រមទាំងសាធារណជនទូទៅ។
ថ្លែងនៅក្នុងវេទិកា RCEP Media & Think Tank ដែលត្រូវបានរៀបចំឡើងតាមអនឡាញដោយកាសែត China Daily កាលពីថ្ងៃទី ២៩ ខែឧសភា លោក លី តៃសេង បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់តំបន់ និងពិភពលោក ហើយនឹងផ្តល់ការជំរុញយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ ១៩។ កិច្ចព្រមព្រៀង RCEP បានបង្ហាញអំពីកត្តាជំរុញដ៏រឹងមាំមួយ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យតំបន់នេះក្លាយជាទីកន្លែងឈានមុខគេក្នុងការជំរុញឱ្យសេដ្ឋកិច្ចពិភពលោកស្ទុះងើបឡើងវិញ ហើយអាចឱ្យតំបន់នេះបន្តក្លាយជាកន្លែងគួរឱ្យទាក់ទាញសម្រាប់ការវិនិយោគផ្សេងៗ។
លោកលើកឡើងថា៖ «កាសែត ភ្នំពេញប៉ុស្តិ៍យើងបាននិងកំពុងរាយការណ៍យ៉ាងទូលំទូលាយអំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូនេះ។ ចាប់តាំងពីវាត្រូវបានផ្សព្វផ្សាយជាលើកដំបូង យើងបានផ្សព្វផ្សាយ និងរំលេចនូវព័ត៌មាននានាដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ទាំងឡាយ ដូចជា បញ្ហានានាដែល RCEP មាន និងឥទ្ធិពលរបស់កិច្ចព្រមព្រៀងនេះមកលើជីវិត និងជីវភាពរស់នៅរបស់ពួកគេ»។
លោកថា សម្រាប់អ្នកអានកាសែតភ្នំពេញប៉ុស្តិ៍មានដូចជាពាណិជ្ជករ ស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល និងវិនិយោគិន និងមានអ្នកជំនាញជាន់ខ្ពស់ជាច្រើនទៀត ដែលសុទ្ធតែពឹងផ្អែកលើការពិតបានពីប្រព័ន្ធផ្សព្វផ្សាយ ដែលបានធ្វើសេចក្តីរាយការណ៍ល្អៗយកទៅធ្វើជាការសិក្សា និងការសម្រេចទៅលើកិច្ចព្រមព្រៀងនានា។
លោកលើកឡើងថា៖ «កាសែតរបស់យើង យើងបានរាយការណ៍ពីការពិតនៃភាពជាដៃគូយ៉ាងទូលំទូលាយ ហើយបានសម្ភាសធុរជនជាច្រើនរូបអំពីរបៀបដែលកិច្ចព្រមព្រៀងភាពជាដៃគូនេះនឹងជំរុញសេដ្ឋកិច្ចរបស់យើង។ ការរាយការណ៍របស់យើងស្តីពីកិច្ចព្រមព្រៀង RCEP ពិតជាបានជួយឱ្យអ្នកអានរបស់យើងទទួលបានការយល់ដឹងស៊ីជម្រៅអំពីកិច្ចព្រមព្រៀងភាពជាដៃគូនេះ»។
លោក Zhang Jianping អនុប្រធានគណៈកម្មាធិការសិក្សានៃវិទ្យាស្ថានស្រាវជ្រាវប្រទេសចិនបានឱ្យដឹងថា RCEP បានបង្កើតគំរូដ៏ល្អមួយនៃការតភ្ជាប់រវាងប្រទេសហត្ថលេខីសម្រាប់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ។
លោកបញ្ជាក់ថា៖ «RCEP នេះ បានបង្កើតទំនាក់ទំនងយ៉ាងសំខាន់ជាមួយបណ្ដាប្រទេសនានា។ កិច្ចព្រមព្រៀងនេះ បង្កើតកត្តាជំរុញបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ តើយើងអាចធ្វើឱ្យ RCEP ក្លាយជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍបានដូចម្ដេច?»។
លោក លី តៃសេង បានសង្កត់ធ្ងន់ថា RCEP គឺជាកិច្ចព្រមព្រៀងភាពប្រទាក់ក្រឡា និងរស់រវើក។ ការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងការយល់ដឹងកាន់តែស៊ីជម្រៅរបស់វានឹងចាំបាច់ ពីព្រោះការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់វាពឹងលើប្រទេសហត្ថលេខីទាំងអស់។
លោកបន្ថែមថា៖ «ដូច្នេះ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយគួរតែសហការបន្ថែមទៀតនៅក្នុងវេទិកាបែបនេះ ដើម្បីអាចនិយាយអំពីយុទ្ធសាស្ត្រ និងទស្សនវិស័យលើការរាយការណ៍ និងធ្វើការប្តេជ្ញាចិត្តក្នុងការរាយការណ៍បន្ថែមទៀតអំពីកិច្ចព្រមព្រៀងភាពជាដៃគូក្នុងតំបន់របស់យើង»។
កាលពីខែកុម្ភៈ ធនាគារពិភពលោក (WB) បានរាយការណ៍ថា កម្ពុជាឈរចំណាត់ថ្នាក់លេខ ៣ ទាំងការកើនឡើងប្រាក់ចំណូលពិតប្រាកដ និងកំណើនការនាំចេញក្នុងចំណោមសមាជិករបស់ RCEP។ កម្ពុជាត្រូវបានរំពឹងថានឹងមានកំណើន ៦,៥ ភាគរយ។ RCEP មានសក្តានុពលលើកស្ទួយមនុស្សចំនួន ២៧ លាននាក់បន្ថែមទៀតប្រែក្លាយទៅជាប្រជាជនដែលមានប្រាក់ចំណូលមធ្យម ត្រឹមឆ្នាំ ២០៣៥៕LA