ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការអះអាងថាកំណើននៃការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២២ មានចំនួន ៨៤ គ្រឿង ខណៈរយៈពេលដូចគ្នាឆ្នាំមុនមានចំនួន ៩ គ្រឿង ដែលនេះបង្ហាញពីការកើនឡើងជាង ៨០០ ភាគរយ។
ក្នុងកម្មវិធីផ្សាយផ្ទាល់ក្រោមប្រធានបទ «ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា» កាលពីថ្ងៃទី ២៧ ខែឧសភា លោក ស៊ុន ចាន់ថុល បាននិយាយថា លោកពិតជាមានមោទនភាព និងពេញចិត្តចំពោះកំណើនការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជានាពេលនេះ។
លោកបន្តថា យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាល ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអព្យាក្រឹតកាបូន ឆ្នាំ ២០៥០ ដោយជំរុញ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០ ភាគរយ និងម៉ូតូអគ្គិសនីក្នុងអត្រា ៧០ ភាគរយ។
ជាមួយគ្នានេះលោកក៏អំពាវនាវឱ្យប្រជាជនខ្មែរងាកមកប្រើរថយន្តអគ្គិសនី (EV) ជំនួសរថយន្តប្រើចំហេះឥន្ធន: ព្រោះចំណាយតិច ខណៈក្រសួងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតសេចក្តីប្រកាសរួមទាក់ទងការបង្កើត ឬ ដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនទីតាំង។
លោកបញ្ជាក់ថា ក្រសួងសូមស្វាគមន៍អ្នកវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី ក៏ប៉ុន្តែត្រូវធ្វើតាមនីតិវិធី និងអាចទាក់ទងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ ដើម្បីពិនិត្យលើនីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។
លោកនិយាយថា៖ «បច្ចុប្បន្នការបញ្ចូលថាមពលអគ្គិសនីយានយន្តត្រូវចំណាយ ៤ ដុល្លារអាចធ្វើដំណើរបាន ១០០ គីឡូម៉ែត្របើប្រៀបធៀបនឹងប្រេងឥន្ធនៈត្រូវចំណាយជាង ១០ ដុល្លារ។ បើថ្ងៃក្រោយរថយន្តទាំងអស់ប្រើអគ្គិសនី យើងត្រូវបង្កើតរោងចក្រអគ្គិសនីបន្ថែមឱ្យបានច្រើន»។
បើតាម លោក ស៊ុន ចាន់ថុល ក្រុមហ៊ុនផលិតយានយន្តនឹងលែងផលិតយានយន្តដែលប្រើប្រេងឥន្ធនៈ ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបនឹងឈប់ផលិតយានយន្តប្រើប្រេងឥន្ធនៈនៅឆ្នាំ ២០៣៥ ហើយកម្ពុជាត្រូវរៀបចំខ្លួនឱ្យហើយក្នុងករណីគេលែងផលិតរថយន្តប្រើប្រេងឥន្ធនៈ។ លើសពីនេះ ពន្ធ និងអាករនាំចូលរថយន្ត EVs ត្រូវបានអនុគ្រោះនៅត្រឹមតែ ៦៣ ភាគរយ ខណ:រថយន្តប្រើសាំងជាប់ពន្ធអាករជាមធ្យម ១២០ ភាគរយឯណោះ។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែឧសភាថា កំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាគឺដោយសារតែរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានក្រុមហ៊ុននាំចូលច្រើន និងមានចំណាប់អារម្មណ៍ប្រើប្រាស់របស់ប្រជាពលរដ្ឋ ព្រោះមានចំណាយតិច។
លោកបញ្ជាក់ថា៖ «ការប្រើយានយន្តអគ្គិសនីវាមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺការចំណាយវាធូរថ្លៃជាងប្រេងបើយើងគិតក្នុង ១០០ គីឡូម៉ែត្រយើងចំណាយលើប្រេងម៉ាស៊ូត ឬប្រេងសាំងអស់ ១០ ដុល្លារ ឬលើសពីនេះ ប៉ុន្តែបើយើងប្រើរថយន្តអគ្គិសនីយើងចាយ ៤ ដុល្លារប៉ុណ្ណោះ។ អ៊ីចឹងយើងចំណេញច្រើន»។
ក្រសួងសាធារណការឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ ២០២១ ក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនីចំនួន ១៤៨ គ្រឿងក្នុងនោះរថយន្តចំនួន ១១០ គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨ គ្រឿង និងបានសហការជាមួយដៃគូអភិវឌ្ឍន៍មាន UNDP ក្នុងការដំឡើងស្ថានីយសាកអាគុយរថយន្តនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប៕ LA