ភ្នំពេញៈ ក្រុមវិនិយោគិនឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាបានរួមគ្នា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការពង្រឹង «ច្បាប់បរធនបាលកិច្ច» របស់កម្ពុជាក្នុងការជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនកាន់តែច្រើន។
Cambodian Investment Management ជាក្រុមហ៊ុនមួយដែលគ្រប់គ្រងការវិនិយោគរួមគ្នាជាច្រើន និងផ្តល់សេវាកម្មចម្រុះក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Prince Trust ដែលជាសមាជិកក្រុមហ៊ុន Prince Holding Group (Prince Group) និងគេហទំព័រអចលនទ្រព្យ «Realestate.com.kh» បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី ២៧ ខែឧសភា ក្នុងគោលបំណងលើកកម្ពស់ច្បាប់បរធនបាលកិច្ចដល់វិនិយោគិន។
លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Investment Management បានកត់សម្គាល់ថា MoU នឹងតំណាងឱ្យភាពជោគជ័យរបស់ក្រុមហ៊ុនឈានមុខទាំងឡាយធ្វើការរួមគ្នា ដើម្បីធានាសុវត្ថិភាព និងសន្ដិសុខដល់វិនិយោគិន ដែលនឹងចូលមកវិនិយោគនៅកម្ពុជា។
លោក Anthony Galliano ដែលបានបញ្ជាក់ពីភាពជោគជ័យរបស់លោកក្នុងការគ្រប់គ្រងអាជីវកម្មនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៩ បានថ្លែងថា៖ «សារៈសំខាន់គឺយើងបង្កើតជាសម្ព័ន្ធ (Alliance) នៅទីនេះ។ សារនេះគឺថា «ចូលមកវិនិយោគនៅកម្ពុជា»។
លោកថា Cambodian Investment Management បានចូលប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៩ ជាក្រុមហ៊ុនតូចមួយ ដែលមានបុគ្គលិកតែ ២ នាក់ប៉ុណ្ណោះហើយធំធាត់ និងរីកចម្រើនទៅមុខជាលំដាប់នៅកម្ពុជា។
លោកបានបន្តថា៖ «កម្ពុជាបានបើកចំហសម្រាប់អាជីវកម្មជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយក្នុងពិភពលោក និងជាកំណត់ត្រាកំណើនសេដ្ឋកិច្ចល្អបំផុតមួយ»។
ទាក់ទងនឹងជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល កម្ពុជាក៏ទទួលរងឥទ្ធិពលពីសង្គ្រាមនេះផងដែរ និងរងផលប៉ះពាល់ដោយគោលនយោបាយ «គ្មានការឆ្លងជំងឺកូវីដ ១៩» របស់ប្រទេសចិនដែលប៉ះពាល់ដល់វិនិយោគិនចិនចូលមកព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខា MoU នេះលោក Michael Chiam នាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Trust ដែលជាក្រុមធុរកិច្ចឈានមុខគេមួយរបស់កម្ពុជាបានកត់សម្គាល់ថា៖ «យើងបានបង្កើតច្បាប់បរធនបាលកិច្ចនេះ ដើម្បីជួយវិនិយោគិនបរទេសដែលស្វែងរកការវិនិយោគនៅកម្ពុជា តាមរយៈការលើកកម្ពស់ច្បាប់បរធនបាលកិច្ច»។
លោក Michael Chiam បានថ្លែងថា៖ «រួមជាមួយនឹងភាពជឿជាក់ខ្លាំង និងការយល់ដឹងអំពីទីផ្សាររបស់ក្រុមហ៊ុន Cambodian Investment Management និងក្រុមហ៊ុន Realeastate.com.kh យើងនឹងអាចប្រើប្រាស់ឥទ្ធិពល ប្រកបដោយភាពប្រកួតប្រជែងដែលមានរៀងៗខ្លួនក្នុងការដោះស្រាយឆ្លើយតបតម្រូវការរបស់វិនិយោគិនអចលនទ្រព្យបរទេសដែលកំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគនៅកម្ពុជា»។
ប្រទេសកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវច្បាប់បរធនបាលកិច្ចដែលសហគមន៍ត្រូវការ និងទន្ទឹងរង់ចាំកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩ ដែលក្រោយមកនៅចុងឆ្នាំនោះពិភពលោកបានរងផលប៉ះពាល់ ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ដែលបានអូសបន្លាយអស់រយៈពេលជាង ២ ឆ្នាំរហូតមកដល់ពេលនេះ៕LA