ភ្នំពេញៈ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនប្រមាណជាង ៩៦៥ លានដុល្លារបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា ADB បានរួមចំណែកដ៏សំខាន់ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ដើម្បីគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកបច្ចេកទេស និងជាពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកបានថ្លែងថា បើទោះបីកម្ពុជាបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែនៅចំពោះមុខ កម្ពុជាមើលឃើញអំពីបញ្ហាប្រឈមមួយចំនួនដែលមានដូចជា បញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយដែលបាននិងកំពុងកើតមានឡើង ហើយបានបង្កជាកង្វល់ និងវិបត្តិសេដ្ឋកិច្ចជាសកល ដោយបានផ្តល់ផលប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាពិតជាអំណរគុណដល់ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលបានផ្តល់នូវសុភវិនិច្ឆ័យចំពោះកម្ពុជា ជាពិសេសវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ (Country Partnership Strategy - CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាងស្តីពីគម្រោង ឬកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025) ដែលក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពី ADB ចំនួនប្រមាណជាង ៩៦៥ លានដុល្លារបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា»។
លោក ឈួន សំរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួនប្រមាណជាង ៩៦៥ លានដុល្លារនេះ នឹងត្រូវជួយលើវិស័យមួយចំនួនដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម, ថាមពល, អប់រំ និងសុខភាពជាដើម។
លោកបានគូសបញ្ជាក់ទៀតថា៖ «សម្រាប់ផែនការហិរញ្ញប្បទាននេះ គឺត្រូវប្រើប្រាស់ចំពោះវិស័យអាទិភាពសំខាន់ៗក្នុងរយៈពេល ៣ ឆ្នាំ។ បន្ទាប់មក ផ្អែកលើផែនការនេះទើបក្រុមការងារជំនាញសិក្សាលើគម្រោងនីមួយៗ ថាតើអាចអនុវត្តបានទទួលបានជោគជ័យ មានផលចំណេញសេដ្ឋកិច្ចខ្ពស់ ទើបអាចឈានដល់ការចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ឬហិញ្ញប្បទានឥតសំណង។ ដូចនេះយើងត្រូវការពេលវេលាប្រហែល ១ ឆ្នាំទៀត សម្រាប់គម្រោងនីមួយៗ»៕ LA