ភ្នំពេញៈ ទឹកប្រាក់ជាង ៥០៤ លានដុល្លារត្រូវបានកម្ពុជារកបានពីការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងផលិតសំឡេងឡើងវិញនៅក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២២ ដោយកើនជាង ៥៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
យោងតាមតារាងស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២២ ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនីមួយចំនួន មានទឹកប្រាក់សរុបជាង ៥០៤ លានដុល្លារ កើនឡើង ៥៧,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ជិត ៣២១ លានដុល្លារ។ ទឹកប្រាក់នៃការនាំចេញផលិតផលទាំងអស់នេះស្មើនឹងប្រមាណ ៦,៦ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២២ ដែលមានចំនួនជាង ៧ ៦០៦ លានដុល្លារ។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ ២០២២ ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនីមានទឹកប្រាក់ ជិត ១៣៩ លានដុល្លារ កើនឡើង ជាង ១០១ ភាគរយ បើធៀបនឹងខែមេសា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់ត្រឹមតែ ៦៨,៩៤ លានដុល្លារ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ទាំងនោះរួមមាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, ឧបករណ៍ថត និងផលិតសំឡេងឡើងវិញ, ឧបករណ៍ថត និងផលិតរូបភាពទូរទស្សន៍ឡើងវិញ, និងបំណែកភាគព្រមទាំងគ្រឿងបន្ទាប់បន្សំរបស់ឧបករណ៍ទាំងនេះ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាលោក ជា ចាន់ដារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សកម្មភាពនៃការផលិតទំនិញនាំចេញសំខាន់ៗនៅកម្ពុជាកំពុងកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលោកសង្កេតឃើញមានកំណើនរោងចក្របើកដំណើរការជាបន្តបន្ទាប់ ដែលក្នុងចំណោមរោងចក្រទាំងនោះ ក៏មានរោងចក្រផលិតឧបករណ៍អគ្គិសនី និងគ្រឿងអគ្គិសនីផងដែរ។ លោកបន្តថា កំណើននៃការនាំចេញផលិតផលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គឺដោយសារផលិតផលកម្ពុជាមានគុណភាពកម្រិតស្តង់ដា និងមានការបញ្ជាទិញច្រើននៅលើទីផ្សារអន្តរជាតិ។
លោកគូសបញ្ជាក់ថា ការកើនឡើងទឹកប្រាក់នាំចេញផលិតផលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងផលិតសំឡេងឡើងវិញរបស់កម្ពុជា គឺមកពីកត្តាចម្បងៗមួយចំនួនដូចជា ភាពល្អប្រសើរនៃស្ថានភាពនយោបាយ, ការរក្សាបាននូវនិរន្តរភាពនៃផលិតកម្មក្នុងអំឡុងពេលដែលប្រទេសជាច្រើនលើពិភពលោកជួបបញ្ហាបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ ១៩, ទំនុកចិត្តរបស់អ្នកវិនិយោគ, និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរផងដែរ។
លោកបញ្ជាក់ថា៖ «កំណើននាំចេញផលិតផលគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងផលិតផលជាច្រើនទៀតរបស់កម្ពុជាទៅទីផ្សារអន្តរជាតិនឹងបន្តកើនឡើងបន្ថែមទៀត ខណៈឥទ្ធិពលនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន និង RCEP នឹងធ្វើឱ្យកម្ពុជាមានឱកាសកាន់តែច្រើន»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា កំណើនការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី នេះគឺជាមោទនភាពថ្មីមួយទៀតដែលកម្ពុជាសម្រេចបាន ខណៈផលិតផលទាំងអស់នេះអាចចាត់ទុកថាជាឧស្សាហកម្មមួយដែលមានភាពរឹងមាំ និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ជាងផលិតផលវាយនភណ្ឌ។ ជាមួយនឹងការកែសម្រួលច្បាប់វិនិយោគ និងការបង្កើតបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់ជាមួយប្រទេសនានា ការនាំចេញរបស់កម្ពុជានឹងមានសម្ទុះឡើងលើគ្រប់វិស័យ។
លោកបន្តថា ផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី មិនត្រឹមជាផ្នែកមួយសំខាន់សម្រាប់នាំចេញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចក្លាយជាមេដែកមួយក្នុងការទាក់ទាញឧស្សាហកម្មធំៗ ដូចជា រោងចក្រដំឡើងរថយន្ត ផលិតគ្រឿងម៉ាស៊ីន និងអេឡិចត្រូនិកឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «កំណើននៃការនាំចេញនេះ មិនត្រឹមតែជួយផ្សព្វផ្សាយពីសក្តានុពលផលិតកម្មនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកក្នុងការប៉ះប៉ូវចំណូលថវិកាក្នុងស្រុកដែលបាត់បង់ពីវិស័យទេសចរណ៍ផងដែរ»។
បើតាមអគ្គនាយកដ្ឋានគយកាលពីឆ្នាំ ២០២១ ការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងផលិតសំឡេងឡើងវិញមានទឹកប្រាក់សរុប ១ ០៨១ លានដុល្លារ កើនឡើង ៤១,៩ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ៧៦២,៤៧ លានដុល្លារ៕ LA