ភ្នំពេញៈ កម្ពុជានាំចេញគ្រាប់សណ្តែកសៀង និងសណ្តែកបាយ ចំនួន ៦៤ ៦៦០ តោន នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនឡើងប្រមាណ ១០០ ភាគរយរៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈប្រទេសវៀតណាម គឺជាទីផ្សារទទួលទិញធំជាងគេ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍សភាពការណ៍កសិកម្មប្រចាំខែមេសា ឆ្នាំ ២០២២ របស់ក្រសួងកសិកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២២ ការនាំចេញគ្រាប់សណ្តែកសៀង សម្រេចបានចំនួន ៥៣ ៩៦០ តោន កើនឡើង ១០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះប្រទេសវៀតណាមទទួលទិញ ៥១ ៧១០ តោន និងថៃ ២ ២៥០ តោន។ ចំណែកការនាំចេញសណ្តែកបាយមានចំនួន ១០ ៧០០ តោន កើនឡើង ១០០ ភាគរយ ដែលការនាំចេញទាំងអស់គឺទៅប្រទេសវៀតណាម។
ទោះយ៉ាងណារបាយការណ៍ក្រសួងកសិកម្ម មិនបង្ហាញពីចំនួនទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញសណ្តែកសៀង និងសណ្តែកបាយទេ ដោយក្រសួងគ្រាន់តែបញ្ជាក់ថា ការនាំចេញកសិផលក្រៅពីស្រូវអង្ករ (ដំឡូងមី, គ្រាប់ស្វាយចន្ទី, ពោត, ផ្លែចេកស្រស់, ស្វាយ ដូងប្រេង, ថ្នាំជក់, ម្រេច, ក្រូចត្លុង, និងបន្លែ ជាដើម) ក្នុងរយៈពេល ៤ ខែ មានទឹកប្រាក់សរុបជាង ១ ០៨៧,១៨ លានដុល្លារ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៣១ ខែឧសភាថា កំណើនទិន្នផលដែលកសិករប្រមូលបាន និងកិច្ចខិតខំជួយសម្របសម្រួលរបស់អាជ្ញាធរខេត្តបានធ្វើឱ្យការនាំចេញកសិផលពីខេត្តព្រៃវែងទៅប្រទេសវៀតណាមកើនជាលំដាប់។ លោកបានបន្តថា សម្រាប់បរិមាណនាំចេញសរុបរបស់សណ្តែកសៀង និងសណ្តែកបាយ លោកមិនមានទិន្នន័យទេ ខណៈតម្លៃក្នុងឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។
លោកលើកឡើងថា៖ «ការនាំចេញកសិផលពីកម្ពុជាទៅវៀតណាមបានបង្ហាញពីសញ្ញាវិជ្ជមានស្ទើរគ្រប់មុខទំនិញ ពិសេសការនាំចេញស្រូវ។ កំណើននេះនឹងមានច្រើនបន្ថែមទៀត ខណៈការដាំដុះក្នុងវិស័យកសិកម្មកំពុងកើនឡើង»។
បើតាមលោក សំណាង នៅក្នុងខេត្តព្រៃវែងមានច្រកនាំចេញកសិផលធំៗចំនួន ២ គឺច្រកបន្ទាយចក្រី (ស្រុកព្រះស្តេច) និងច្រកកោះរកា (ស្រុកពាមជរ)។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ទិន្នន័យនេះបញ្ជាក់ថា ទិន្នផលក្នុងវិស័យកសិកម្មនៅកម្ពុជាកំពុងកើនឡើង ជាពិសេសបន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាច្រើនក្នុងន័យធ្វើយ៉ាងណាឱ្យកម្ពុជាអាចធានាបានឯករាជភាពសម្រាប់ការផ្គត់ផ្គង់ចំណីអាហារក្នុងស្រុក និងបង្កើនសក្តានុពលនាំចេញ។ លោកបន្តថា ជាក់ស្តែងក្នុងពេលនេះចំនួននៃការបណ្តាក់ទុនក្នុងវិស័យកសិកម្មនៅកម្ពុជា ក៏កំពុងកើនឡើងដែរ។
លោកអះអាងថា៖ «វឌ្ឍនភាពនៃកំណើននាំចេញកសិផលនេះមិនត្រឹមតែជួយធ្វើឱ្យប្រជាកសិករ និងរដ្ឋាភិបាលទទួលបានចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងជួយបង្កើននូវទំនុកចិត្តរបស់ប្រទេសនានាក្នុងការប្រមូលទិញកសិផលពីកម្ពុជាផងដែរ»។
អាជីវករលក់សណ្តែកគ្រប់ប្រភេទ ក្នុងផ្សារអូរឫស្សី អ្នកស្រី នាក់ ភាព បានប្រាប់ថា តម្លៃសណ្តែកសៀង និងសណ្តែកបាយ ក្នុងឆ្នាំនេះបានកើនឡើងតិចតួចធៀបនឹងឆ្នាំមុន ប៉ុន្តែការលក់ឆ្នាំនេះល្អជាងមុន។ អ្នកស្រីបន្តថា នៅពេលនេះសណ្តែកសៀង (លេខ ១) មានតម្លៃជាមធ្យម (លក់ដុំ) ៣ ៨០០ រៀលក្នុង ១ គីឡូក្រាម កើនឡើងពី ៣ ២០០ រៀល នារយៈពេលដូចគ្នាឆ្នាំមុន និងសណ្តែកបាយ (លេខ ១) មានតម្លៃ ៥ ២០០ រៀល ដោយតម្លៃនេះប្រហាក់ប្រហែលនឹងឆ្នាំមុន។
អ្នកស្រីប្រាប់ទៀតថា ដោយសារផលិតផលសណ្តែកទាំង ២ សុទ្ធតែស្តុកទុកបានយូរ ដូច្នេះតម្លៃវាមិនសូវប្រែប្រួលដូចផលិតផលមួយចំនួនមានតាមរដូវនោះទេ។
បើយោងតាមក្រសួងកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញ គ្រាប់សណ្តែកសៀង ១០៥ ៦៥៥,០៤ តោន កើនឡើង ២៦៤,២៤ ភាគរយ ដោយនាំទៅប្រទេសវៀតណាម ៨២ ៧០៥ តោន, ថៃ ២២ ៩៥០ តោន និងអារ៉ាប់ ០,០៤ តោន។ ការនាំចេញសណ្ដែកបាយមានចំនួន ២៩ ១៩២,៣៥ តោន កើនឡើង ១៨៩,៦១ ភាគរយ នាំទៅវៀតណាម ២៩ ១៧០ តោន និងកោះតៃវ៉ាន់ ២២,៣៥ តោន៕ LA