ភ្នំពេញៈ កម្ពុជា-ហុងគ្រី បានប្តេជ្ញាចិត្តនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ក្រោយពីទំហំពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះនៅក្នុងឆ្នាំ ២០២១ ដោយសារវិបត្តិជំងឺកូវីដ ១៩ នៅទូទាំងសកលលោក។
ការប្តេជ្ញានេះបានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ នៅក្នុងជំនួបពិភាក្សារវាងលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក CSABA ORY ឯកអគ្គរដ្ឋទូតហុងគ្រីបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
លោក ឱក ប៊ុង បានថ្លែងថា រដ្ឋាភិបាលហុងគ្រីបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាលើវិស័យសំខាន់ៗមានដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម អប់រំ និងវប្បធម៌ ចាប់តាំងពីដំណាក់កាលដំបូងនៃការកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍រហូតដល់បច្ចុប្បន្ន។
លោកបន្តថា ហុងគ្រី គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជាក្នុងសហភាពអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៤,៤៣ លានដុល្លារ នៅឆ្នាំ ២០២០ ដែលមានកំណើន ៣២ ភាគរយបើប្រៀបនឹងឆ្នាំ ២០១៩ ប៉ុន្តែវាបានថមថយបន្តិចក្នុងឆ្នាំ ២០២១ តែមានភាពល្អប្រសើរខ្លះក្នុងឆ្នាំ ២០២២ នេះដោយពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២,២៣ លានដុល្លារ ក្នុងរយៈពេល ៣ ខែដំបូង។
លោកថ្លែងថា៖ «បន្ថែមពីលើនេះ កម្ពុជា-ហុងគ្រី ក៏បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី ១ នៅដើមឆ្នាំ ២០២១ និងបានសហការគ្នារៀបចំវេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីលើកទី ១ នាត្រីមាសទី ១ ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅយ៉ាងរលូន និងទទួលលទ្ធផលប្រកបដោយផ្លែផ្កា»។
លោក ឱក ប៊ុង បញ្ជាក់ថា ខណៈកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀតក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី វិស័យពាណិជ្ជកម្ម និងការវិនិយោគបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានខិតខំធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខ័ណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោក CSABA ORY បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ និងបន្តលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនហុងគ្រីឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គី សេរីវឌ្ឍន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញរបស់កម្ពុជាទៅប្រទេសហុងគ្រីមានចំនួនច្រើនមុខទំនិញ ប៉ុន្តែមុខទំនិញនីមួយៗនៅមានបរិមាណតិចតួច។ ទោះយ៉ាងណាអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហុងគ្រីមានប្រមាណ ២៥-៣០ ភាគរយនៃការនាំចេញមុខទំនិញទាំងអស់ទៅកាន់ប្រទេសនេះ។
លោកថ្លែងថា៖ «មួយទៀត កម្ពុជាក៏បាននាំចេញផលិតផលវាយនភណ្ឌទៅប្រទេសហុងគ្រីផងដែរ ដោយសារប្រទេសហុងគ្រី ជាសមាជិកនៃសហគមន៍អឺរ៉ុបផងដែរ»។
បើតាម លោក សេរីវឌ្ឍន៍ នេះគឺជាឱកាសសម្រាប់កម្ពុជាក្នុងការនាំចេញនូវផលិតផល និងមុខទំនិញរបស់ខ្លួន ខណៈពេលដែលសហគមន៍អឺរ៉ុបទាំងមូលបានយកពន្ធពីកម្ពុជា ប៉ុន្តែមានលក្ខណៈដោយឡែក និងជាពិសេសនៅតាមប្រទេសនីមួយៗមានគោលនយោបាយក្នុងការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាលក្ខណៈទ្វេភាគីជាមួយកម្ពុជា៕ LA