ភ្នំពេញៈ ប្រទេសចិននៅបន្តឈរលំដាប់ទី ១ ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេដោយមានបរិមាណជិត ១៥ ម៉ឺនតោននៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជាដែលមានជាង ២៨ ម៉ឺនតោន នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ចាប់ពីខែមករា-ខែឧសភា ឆ្នាំ ២០២២ ការនាំចេញអង្ករកម្ពុជាទៅទីផ្សារក្រៅប្រទេសសម្រេចបាន ២៨៣ ៦៧៥ តោន កើនឡើង ២១,៧៣ ភាគរយបើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះដែរចំពោះខែឧសភា ការនាំចេញអង្ករសម្រេចបាន ៦២ ៥៣៧ តោន កើនឡើង ៥៤,២៨ ភាគរយបើធៀបនឹងខែឧសភា ឆ្នាំ ២០២១។
ជាមួយគ្នានេះដែរគេសង្កេតឃើញថា ទីផ្សារចិននៅតែស្រូបយកអង្ករពីកម្ពុជាបានច្រើនជាងគេ ដោយនៅក្នុងរយៈពេល ៥ ខែនេះ កម្ពុជានាំអង្ករទៅចិនបានប្រមាណ ១៤៩ ៤៧៧ តោន កើន ៥២,៦៨ ភាគរយ ខណៈការនាំចេញទៅអឺរ៉ុបមានចំនួន ៨១ ៩៣១ តោន កើន ២៨,៨៨ ភាគរយ, តំបន់អាស៊ាន ២៥ ៦៩១ តោន កើន ៩,០៦ ភាគរយ និងទិសដៅផ្សេងៗមានចំនួន ២៦ ៦០៦ តោន កើនឡើង ៩,៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ដោយឡែកប្រភេទអង្ករដែលបាននាំចេញរួមមាន អង្ករក្រអូប ១៨៤ ១១២ តោន កើន ៦៤,៩ ភាគរយ, អង្ករសគ្រាប់វែង ៩៥ ៥៣៩ តោន កើនឡើង ៣៣,៦៨ ភាគរយ, និងអង្ករចំហុយគ្រាប់វែង ៤ ០២៤ តោន កើនឡើង ១,៤២ ភាគរយបើធៀបរយៈពេល ៥ ខែ ក្នុងឆ្នាំ ២០២១។
លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករ កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមិថុនា ថា ការកើនឡើងបរិមាណនាំចេញអង្ករនេះ គឺដោយសារតែការបញ្ចប់ការយកពន្ធពី EU ចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ ២០២២ ដែល EU បានដាក់កាលពីឆ្នាំ ២០១៩ តាមរយៈវិធានរក្សាការពារ Safeguard Measurement។
លោកបន្ថែមថា ទីផ្សារចាប់ផ្តើមវិលរកស្ថានភាពដើមមុនការដាក់ពន្ធនាំចូល ស្របពេលការបញ្ជាទិញពីចិននៅមានកំណើនថេរ គឺជាង ៥០ ភាគរយនៃការនាំចេញសរុបពីកម្ពុជា។
លោកថ្លែងថា៖ «ការនាំចេញគឺយើងនាំចេញអង្ករក្រអូបភាគច្រើន គឺមិនសំខាន់យកបរិមាណដូចការនាំចេញអង្ករសដែលមានកម្រិតប្រាក់ចំណេញតិចបំផុតនោះទេ។ ចំពោះតម្លៃវិញមានការកើនឡើងប្រមាណ ១០ ភាគរយ ដោយសារការនាំចេញក្នុងរយៈពេលចុងក្រោយនេះគឺការនាំចេញអង្ករសភាគច្រើន ដែលជាប្រភេទអង្ករមានតម្លៃទាប។ ប៉ុន្តែចំពោះល្បឿនការនាំចេញនេះយើងយល់ថា គោលដៅដែលក្រសួងកសិកម្ម ក៏ដូចជាសហព័ន្ធស្រូវអង្ករ ជំរុញការនាំចេញឱ្យបានចន្លោះពី ៧៥ ទៅ ៨០ ម៉ឺនតោន គឺពិតជាអាចសម្រេចបាន»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា តម្រូវការស្បៀងអាហារពិភពលោកអាចជាកាលានុវត្តភាពរបស់កម្ពុជាក្នុងការបង្កើនផលិតភាពដំណាំស្រូវ និងជំរុញការនាំចេញអង្ករឱ្យបានជាអតិបរមា។
លោកបានបញ្ជាក់ថា៖ «បើមើលលើរបាយការណ៍ យើងឃើញថា បរិមាណនៃការនាំចេញអង្ករក្រអូបមានចំនួនច្រើនជាងគេ ដោយសារប្រទេសដែលបញ្ជាទិញភាគច្រើនមានតម្រូវការលើអង្ករក្រអូប។ ដូចនេះក្រសួងកសិកម្ម ក៏ដូចជាអ្នកពាក់ព័ន្ធគួរបង្កើតគោលនយោបាយមួយសមស្រប ដើម្បីជំរុញឱ្យមានការដាំដុះស្រូវសម្រាប់ផលិតជាអង្ករក្រអូប ដោយត្រូវធ្វើយ៉ាងណាប្រែក្លាយកសិកម្មកម្ពុជាពីការផលិតដោយគ្រាន់តែប្រើប្រាស់ក្នុងស្រុកទៅជាប្រទេសនាំចេញផលិតផលកសិកម្មទៅកាន់ពិភពលោកវិញ»។
តាមរបាយការណ៍ពីក្រសួងកសិកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៦១៧ ០៦៩ តោន ការថយចុះ -១០,៦៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានបរិមាណ ៦៩០ ៨២៩ តោន។ ប្រទេសគោលដៅដែលបាននាំចេញទៅ រួមមាន ប្រទេសចិន,តំបន់អឺរ៉ុប (២០ ប្រទេស), ប្រទេសជាសមាជិកអាស៊ាន (៤ ប្រទេស), និងទិសដៅប្រទេសផ្សេងៗទៀតចំនួន ២២ ប្រទេស៕ LA