ភ្នំពេញៈ ខណៈសកម្មភាពសេដ្ឋកិច្ចកាន់តែមានភាពប្រសើរចាប់តាំងពីកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោកបើកប្រទេសឡើងវិញ លំហូរវិនិយោគពីក្នុងស្រុក និងក្រៅស្រុកត្រូវបានរដ្ឋាភិបាលកម្ពុជាបន្តអនុម័តជាបន្តបន្ទាប់ដែលនេះឆ្លុះបញ្ចាំងអំពីទំនុកចិត្តអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃចុងក្រោយនៃខែឧសភាបានអនុម័តលើកគម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ៤ ដែលមានទឹកប្រាក់សរុប ១៧,១ លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ ០០០ កន្លែង ដែលធ្វើឱ្យចំនួនគម្រោង CDC អនុម័តក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ កើនដល់ ៧២ គម្រោង និងមានទុនវិនិយោគសរុប ២ ៦៦២,៣៨ លានដុល្លារ។
បើតាមការគណនារបស់ភ្នំពេញប៉ុស្តិ៍ដោយផ្អែកលើសេចក្តីប្រកាសព័ត៌មាននៅលើបណ្តាញសង្គមរបស់ CDC គម្រោងដែលត្រូវបានអនុម័តក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ មានចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគសរុប ២ ៦៦២,៣៨ លានដុល្លារ និងបង្កើតការងារបាន ៦០ ៩៤៩ កន្លែង ដោយគម្រោងភាគច្រើនស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងស្បែកជើង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីការធ្វើដំណើរជាអន្តរជាតិនៅមិនទាន់បើកទូលាយដូចមុនពេលមានវត្តមានជំងឺកូវីដ ១៩ ប៉ុន្តែចំនួននៃគម្រោងវិនិយោគដែលស្នើសុំវិនិយោគនៅកម្ពុជាបានកើនឡើងជាប្រចាំ។ កំណើននៃការបណ្តាក់ទុនថ្មីៗអាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ច្បាប់វិនិយោគថ្មីមានភាពអំណោយផល, មានទីតាំងភូមិសាស្ត្រល្អ ជាពិសេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀងតំបន់ RCEP ផងដែរ។
លោកបន្ថែមទៀតថា ក្រៅពីចំណុចខាងលើកម្ពុជាក៏សម្បូរកម្លាំងពលកម្មជំនាញ និងមានតម្លៃសមរម្យ ដែលអាចចូលរួមក្នុងចង្វាក់ផលិតកម្ម និងចំនួនប្រជាជនចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ មានអត្រាខ្ពស់ផងដែរ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នកម្ពុជាបានក្លាយជាកន្លែងឆក់ទាញវិនិយោគិនថ្មីៗជាច្រើន ហើយគម្រោងវិនិយោគនៅពេលនេះក៏មិនមែនសុទ្ធតែក្នុងវិស័យឧស្សាហកម្មធុនស្រាល (វាយនភណ្ឌ) ទៀតទេគឺមានស្ទើរគ្រប់វិស័យដែលរួមមានទាំងរោងចក្រដំឡើងរថយន្តផងដែរ»។
យោងតាមលោក លឹម ហេង ក្រៅពីទទួលបានកំណើននៃការវិនិយោគថ្មីៗ នៅពេលនេះសភាពាណិជ្ជកម្មកម្ពុជា ក៏ទើបបើកសាខាតំណាងរបស់ខ្លួននៅក្នុងប្រទេសកាណាដា ផងដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ភាពជោគជ័យនៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ កំពុងធ្វើឱ្យកម្ពុជាទទួលបានទំនុកចិត្តក្នុងការចូលមកបណ្តាក់ទុនកាន់តែច្រើន ហើយការចូលមកបណ្តាក់ទុននៅពេលនេះ ក៏ជាប្រភេទឧស្សាហកម្មធុនមធ្យមផងដែរ។ នៅពេលមានការវិនិយោគបែបនេះកាន់តែច្រើន វានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរឹងមាំ។
លោកបញ្ជាក់ថា៖ «ជាមួយនឹងស្ថិរភាពនយោបាយ និងការទទួលបានទីផ្សារអន្តរជាតិកាន់តែច្រើន ខ្ញុំគិតថានឹងមានក្រុមហ៊ុន/រោងចក្រលំដាប់យក្សកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជាក្នុងពេលឆាប់ៗនេះ»។
លោកបន្ថែមថា ការប្រកាសបើកប្រទេសឡើងវិញមុនគេក្នុងតំបន់កំពុងបង្ហាញទៅវិនិយោគិនអន្តរជាតិថា កម្ពុជាគឺជាទីតាំងបណ្តាក់ទុនដ៏ល្អបំផុតនៅក្នុងតំបន់។
រយៈពេល ៤ ខែឆ្នាំ ២០២២ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៧ ៦០៦,២០ លានដុល្លារ កើន ៣២,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំណែកការនាំចូលមានទឹកប្រាក់ ១០ ០៤៣,៣០ លានដុល្លារ កើនឡើង ៥,៥ ភាគរយ។ នេះបើតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ LA