ភ្នំពេញៈ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នឹងត្រូវរៀបចំឡើងជាលើកដំបូងនៅប្រទេសកម្ពុជា ក្នុងរយៈពេល ២ ថ្ងៃ នាខែមិថុនានេះ ដើម្បីជំរុញការវិនិយោគ, ការបង្កើនកិច្ចសហប្រតិបត្តិការ, និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យបានកាន់តែធំ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) នឹងរៀបចំកម្មវិធី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូងនៅថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។ វេទិកានេះនឹងមានក្រុមហ៊ុនជាង ២៥០ មកពីប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសបារាំង ចូលរួម។ វេទិកានេះ ក៏នឹងមានការអញ្ជើញចូលរួមពីលោក Francois Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការអឺរ៉ុប និងការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេសអាស៊ានផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន «វេទិកាធុរកិច្ចបារាំង-កម្ពុជា» កាលពីថ្ងៃទី ១ ខែមិថុនា លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា CCE បានថ្លែងថា នេះជាលើកដំបូងដែល CCIFC និង CCE សហការគ្នា ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំដ៏ពិសេសនេះដែលតំណាងឱ្យព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំ។
លោកបានបន្ថែមថា គោលបំណងនៃវេទិកានេះ គឺដើម្បីបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់ធុរកិច្ច ហើយក៏ដូចជាបង្ហាញថា កម្ពុជាជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនក្នុងការនាំចេញទៅទីផ្សារអាស៊ី និងពិភពលោកផងដែរ។
លោកបញ្ជាក់ថា៖ «វេទិកានេះនឹងពង្រឹងបន្ថែមទៀតលើទំនាក់ទំនងរវាងប្រទេសបារាំង-កម្ពុជា និងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់បារាំងក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
លោក Soreasmey Kebin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំងប្រចាំកម្ពុជាបានឱ្យដឹងថា ការរៀបចំវេទិកានេះ គឺដោយសារកម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបើកសេដ្ឋកិច្ចខ្លួនឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ ១៩ បានធូរស្រាល។
លោកបន្ថែមថា៖ «វេទិកានេះបង្កើតឡើងនៅក្នុងគោលដៅ ២ គឺទី ១ ដើម្បីបង្ហាញពីសក្តានុពលទាក់ទាញរបស់កម្ពុជាទៅវិនិយោគិនពីបារាំង ដោយធ្វើយ៉ាងណាជំរុញ និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា និងទី ២ ដើម្បីបង្ហាញដល់សាធារណជនឱ្យបានដឹងថា ការធ្វើធុរកិច្ចរបស់បារាំងនៅកម្ពុជានៅតែមានភាពរឹងមាំ»។
លោក Philippe Baudry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា បានបង្ហាញពីការរំពឹងទុកថា ក្រោយការរៀបចំវេទិកាធុរកិច្ចនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងនឹងកើនឡើងជាបន្តបន្ទាប់។
តាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ មានចំនួន ១៧៦,៧២ លានដុល្លារ កើន ៤២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ ក្នុងនោះការនាំចេញទៅបារាំងមាន ១៣៣,៤៩២ លានដុល្លារ កើន ៣៧,៤ ភាគរយ និងកម្ពុជានាំចូលពីបារាំង មាន ៤៣,២២៨ លានដុល្លារ កើន ៥៩,៣ ភាគរយ៕ LA