ភ្នំពេញៈ កម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination» នៅទីក្រុងមេដាន ប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ នឹងបន្តរៀបចំធ្វើនៅប្រទេសនានាក្នុងតំបន់អាស៊ានទាំងមូល ដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងការជំរុញកំណើនភ្ញៀវទេសចរនៅក្នុងតំបន់ និងកម្ពុជា។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី ២៦ ខែឧសភា បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ និងស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលបានជំរុញឱ្យរដ្ឋជាសមាជិកពិចារណាពីការបើកវិស័យទេសចរណ៍ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) និងស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ ១៩ ដំណាក់កាលទី ២ (Recovery) ឆ្នាំ ២០២២-២០២៣។
ក្រសួងទេសចរណ៍បញ្ជាក់ថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកឯកជននៅកម្ពុជា-ឥណ្ឌូនេស៊ី បង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារឥណ្ឌូនេស៊ី រួមជាមួយនឹងការផ្សព្វផ្សាយអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនភាពទាក់ទាញកម្ពុជាជាគោលដៅទេសចរណ៍ម៉ាយ (MICE) និងផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការជំរុញការផ្សព្វ-ផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី ដែលនៅក្នុងឱកាសនោះ ក្រសួងទេសចរណ៍នឹងរៀបចំសន្និសីទសារព័ត៌មាន ការរៀបចំជំនួបពិភាក្សាការងារផ្ទាល់ (Table Top Sales) រវាងអ្នកលក់ក្នុងស្រុក និងអ្នកទិញឥណ្ឌូនេស៊ី និងសិក្ខាសាលាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ប្រតិបត្តិករទេសចរណ៍ និងសមាគមទេសចរណ៍ធំៗប្រទេសឥណ្ឌូនេស៊ីប្រមាណ ២០០ នាក់។
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយក្រៅប្រទេសនៃក្រសួងទេសចរណ៍ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែមិថុនាថា កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» ត្រូវបានរៀបចំធ្វើនៅប្រទេសហ្វីលីពីនម្តងរួចមកហើយ និងពេលនេះបន្តរៀបចំធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀត ហើយក៏នឹងបន្តរៀបចំធ្វើបន្តបន្ទាប់ទៀតនៅក្នុងប្រទេសនានានៅក្នុងតំបន់អាស៊ាន។
លោកពន្យល់ថា កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» នេះ គឺក្នុងគោលបំណងជំរុញទេសចរណ៍នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យមកលេងកម្សាន្តនៅប្រទេសកម្ពុជា និងតំបន់ទាំងមូលស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ខណៈប្រទេសក្នុងតំបន់ទាំងមូលស្ទើរតែបើកប្រទេសវិញអស់ហើយ។
លោកថ្លែងថា៖ «យើងធ្វើកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» នៅប្រទេសឥណ្ឌូនេស៊ីនេះ ដើម្បីទំនាក់ទំនងផ្នែកឯកជនស្របតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីដែលជំរុញឱ្យអាស៊ានបើកប្រទេសឡើងវិញទាំងអស់។ យើងចង់ឱ្យគាត់រៀបចំជាកញ្ចប់ទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីបង្កើនភ្ញៀវទេសចរនៅក្នុងតំបន់អាស៊ាន។
បើតាមលោក ប្រាក់ វុទ្ធី កាលពីការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia»នៅប្រទេសហ្វីលីពីន គឺមានការចាប់អារម្មណ៍ និងចូលរួមច្រើន ពិសេសក្រុមហ៊ុនប្រទេសជាម្ចាស់ផ្ទះមានការរីករាយដែលកម្ពុជាបានទៅធ្វើមុនគេបង្អស់ក្នុងចំណោមប្រទេសផ្សេងទៀត ខណៈប្រទេសនេះបានបើកប្រទេសមុនគេផងដែរ។
លោកបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» ក្នុងប្រទេសហ្វីលីពីន ក្រុមហ៊ុនទេសចរណ៍ជាច្រើននៅក្នុងប្រទេសនេះបានសន្យារៀបចំកញ្ចប់ទស្សនកិច្ចមកកាន់កម្ពុជា។ ដោយឡែក កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» នៅប្រទេសឥណ្ឌូនេស៊ីនេះក៏នឹងធ្វើដូចនៅហ្វីលីពីនដែរ។
ក្រសួងទេសចរណ៍បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាលនឹងបន្តរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» នៅក្នុងប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនទេសចរណ៍ឯកជន ក្នុងន័យជំរុញកំណើនភ្ញៀវទេសចរឱ្យមកដើរលេងកម្សាន្តក្នុងប្រទេសកម្ពុជា និងតំបន់ទាំងមូល ខណៈប្រទេសស្ទើរតែទាំងអស់នៅក្នុងតំបន់អាស៊ានបានបើកប្រទេសឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាលច្រើន។
បើយោងតាមក្រសួងទេសចរណ៍ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់ក្នុងឆ្នាំ ២០២៥ និងទេសចរផ្ទៃក្នុង ១១ លាននាក់នៅក្នុងឆ្នាំ ២០២៣។ សម្រាប់ចក្ខុវិស័យឆ្នាំ ២០២២ នេះកម្ពុជារំពឹងនឹងសម្រេចឱ្យបានទេសចរអន្តរជាតិពី ៨០ ម៉ឺន ១ លាននាក់ និងទេសចរផ្ទៃក្នុង ៨ លាននាក់៕ LA