ភ្នំពេញៈ ធនាគារ SME Bank បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ មានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួន ១ ៨៣៤ ដែលទទួលបានឥណទានពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) ជាមួយនឹងទំហំឥណទានចំនួន ២២១ លានដុល្លារ ស្មើនឹង ៩២ ភាគរយនៃគម្រោងថវិកាសរុប ២៤០ លានដុល្លារ។
SME Bank បានឱ្យដឹងទៀតថា ក្នុងនោះឥណទានសម្រាប់វិស័យអាទិភាពមាន ៤៣ ភាគរយ ខណៈវិស័យទូទៅមាន ៥៧ ភាគរយ និងសហគ្រិនជាស្ត្រី ៣០ ភាគរយ។
លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ធនាគារ SME) បានលើកឡើងកាលពីខែកុម្ភៈកន្លងទៅថា ដោយមើលឃើញពីការទទួលបាននូវលទ្ធផលជាវិជ្ជមានចេញពីការអនុវត្ត SCFS II និងតម្រូវការចាំបាច់ក្នុងការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចផ្តល់ថវិកាបន្ថែម ៥០ លានដុល្លារដល់ធនាគារ SME ដើម្បីបន្តអនុវត្ត SCFS II រួមនឹងថវិកាបដិភាគ ៥០ លានដុល្លារទៀតពីគ្រឹស្ថានហិរញ្ញវត្ថុ (PFIs)។
លោកថ្លែងថា៖ «ដូច្នេះថវិកាសរុបនៃគម្រោងនេះនឹងកើនឡើងដល់ ២៤០ លានដុល្លារ (ធនាគារ SME ១២០ លានដុល្លារ និងបដិភាគ ពី PFIs ១២០ លានដុល្លារ)»៕