គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សាជីវកម្មធានាឥតទានកម្ពុជា(CGCC) បានផ្តល់ធានាឥណទានដល់៤៤៨ ក្រុមហ៊ុនអាជីវកម្មដែលគិតជាប្រាក់ ៤៥,៥លានដុល្លារ។
សេវាធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅគាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ។
បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាឥណទានលើកម្ចីដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។
ដូច្នេះ ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីស្នើសុំកម្ចីទៅកាន់ PFIs ជាមុនសិន។
ការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យដែល PFIs ប្រើប្រាស់ដើម្បីវាយតម្លៃលើសំណើសុំឥណទាន អាចជួយឱ្យក្រុមហ៊ុនអាជីវកម្មត្រៀមខ្លួនបានល្អប្រសើរជាមុន ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC។
លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា លើកឡើងថា៖«ការបង្រួមគម្លាតតម្រូវការ និងការផ្គត់ផ្គង់ឥណទានដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងបេសកកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជាសម្រាប់ផ្តល់ការធានាឥណទានលើកម្ចីដល់អាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ»។
កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កម្ចី ដែលបញ្ចេញក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
គម្រោងនេះ ជួយគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជាក្នុងការផ្តល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ ទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម៕