ភ្នំពេញៈ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និង EuroCham Cambodia កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជួយគាំទ្រដល់ការវិវត្តនៃគោលដៅរបស់រដ្ឋាភិបាលឆ្ពោះទៅការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោក សេង សុភាព ប្រធាន CADT បានឱ្យដឹងថា នវានុវត្តន៍ឌីជីថលគឺជាប្រធានបទដែលត្រូវឆ្លងកាត់ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិដូចគ្នា។ ភាពជាដៃគូជាមួយ EuroCham នឹងជំរុញការផ្លាស់ប្តូរឌីជីថល និងការបង្កើនសមត្ថភាពប្រកួតប្រជែង។ MoU នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមស្រាវជ្រាវ និងក្រុមអភិវឌ្ឍន៍របស់ CADT ឱ្យមានសេវាកម្មដែលសមស្របជាងមុន ហើយសំខាន់បំផុតគឺបង្កើតឱកាសថ្មីសម្រាប់ទេពកោសល្យឌីជីថលវ័យក្មេងរបស់កម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបក្នុងការនាំយកប្រព័ន្ធអេកូឡូស៊ីរបស់យើងជាមួយសមាជិក EuroCham ដើម្បីបង្កើនការយល់ដឹង និងបង្កើតគំនិតផ្តួចផ្តើមថ្មីៗដូចជាពិព័រណ៍អាជីព និងព្រឹត្តិការណ៍ផ្សព្វផ្សាយបច្ចេកវិទ្យា។ ចំណុចលេចធ្លោមួយដែលខ្ញុំពិតជារំភើបនោះគឺជាកម្មវិធីបណ្តុះបណ្តាលរយៈពេល ៥០ ម៉ោង។ សមាជិក EuroCham នឹងចំណាយពេល ៥០ ម៉ោងជាមួយសិស្សរបស់យើងក្នុងទម្រង់នៃសិក្ខាសាលា ដើម្បីភ្ជិតគម្លាតជំនាញ និងបង្កើនការយល់ដឹងបន្ថែម»។
លោកបានបន្តថា ប្រព័ន្ធអេកូឡូស៊ីឌីជីថលកំពុងរីកចម្រើននៅកម្ពុជា។ ផ្នត់គំនិតឧស្សាហកម្មជំនាន់ទី ៤ នឹងជួយភ្ជាប់កន្លែងដែលខ្វះខាតតាមរយៈការប្រើប្រាស់ទិន្នន័យ និងធ្វើការសម្រេចចិត្តអាជីវកម្មកាន់តែឆ្លាតវៃ។
លោក Matthew Tippetts ប្រធានគណៈកម្មាធិការឌីជីថល និងបច្ចេកវិទ្យារបស់ EuroCham បានថ្លែងថា MoU នេះគឺជាជំហានដំបូងក្នុងភាពជាដៃគូរួមរវាង EuroCham និង CADT។
លោកបានថ្លែងថា៖ «សមាជិករបស់យើងអាចចែករំលែកចំណេះដឹង និងជំនាញរបស់ពួកគេជាមួយនិស្សិត CADT ខណៈពេលដែលធ្វើការកាន់តែជិតស្និទ្ធលើគំនិតផ្តួចផ្តើមបណ្តុះបណ្តាល ហាត់ការ និងការជ្រើសរើសបុគ្គលិក។ យើងមានកិត្តិយស និងសាទរយ៉ាងខ្លាំងចំពោះឱកាសនេះ»។
លោក Denis Saint Marie នាយកប្រតិបត្តិ EuroCham បានឱ្យដឹងថា ជាមួយ MoU នេះស្ថាប័នរបស់លោកអាចជួយគាំទ្រដល់ការធ្វើឱ្យសេដ្ឋកិច្ចមានលក្ខណៈឌីជីថល។
លោកបានថ្លែងបញ្ជាក់ថា៖ «គោលដៅរបស់យើងរួមមានការទាក់ទាញ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អឺរ៉ុបមកកាន់ព្រះរាជាណាចក្រកម្ពុជាដែលអាចជួយអភិវឌ្ឍទេពកោសល្យក្នុងស្រុកផងដែរ។ យើងសូមសរសើរចំពោះវឌ្ឍនភាពដែលបានធ្វើរួចហើយដោយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេវាកម្មរដ្ឋាភិបាលអេឡិចត្រូនិក»។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខានេះបានឱ្យដឹងថា MoU រវាង CADT និង EuroCham គឺជាការបង្ហាញដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្ឌិត្យសភា និងអ្នកនៅក្នុងឧស្សាហកម្មនេះ។
លោកបានលើកឡើងថា៖ «កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍទេពកោសល្យឌីជីថលតាមរយៈកម្មវិធីសិក្សាផ្អែកលើការងារផងដែរ។ កម្មវិធីនេះនឹងអាចឱ្យនិស្សិតទទួលបានបទពិសោធផ្ទាល់ដែលផ្តល់ឱ្យពួកគេនូវជំនាញការងារដែលតម្រូវដោយឧស្សាហកម្ម និងបង្កើនលទ្ធភាពការងាររបស់ពួកគេសម្រាប់ទីផ្សារការងារបច្ចុប្បន្ន និងនៅពេលអនាគត»៕LA