ភ្នំពេញៈ កម្ពុជានាំចេញអង្ករទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ក្នុងរង្វង់ប្រមាណ ២៥ ពាន់តោន ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ កើនឡើងជាង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២២នេះ ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន មានប្រមាណ ២៥ ៦៩១ តោន កើនឡើង ១៧,៥៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នៅក្នុងនោះនាំចេញទៅប្រទេសម៉ាឡេស៊ី ១៥ ១២០ តោន កើនឡើង ៥,៣៣ ភាគរយ, ព្រុយណេ ៨ ០២២ តោន កើនឡើង ២,៨៣ ភាគរយ, សិង្ហបុរី ១ ៥៤៩ តោន កើនឡើង ០,៥៥ ភាគរយ និងវៀតណាម ១ ០០០ តោនកើនឡើង ០,៣៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រទេសម៉ាឡេស៊ី ជាប្រទេសធំជាងគេនៅក្នុងសហគមន៍អាស៊ានដែលទិញអង្ករកម្ពុជា ហើយក៏ជាប្រទេសធំជាងគេទី៣ ក្នុងចំណោម ៩០ គោលដៅដែលបាននាំចេញក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ (២០១៧-២០២១) ដែលបាននាំចេញសរុបចំនួន ២០៤ ៥៦៥ តោន ឬជិត ៧% នៃបរិមាណនាំចេញសរុប៣ ១៤៨ ៦៩៧ តោន។
លោកបានបន្ថែមថា ដោយឡែកនៅក្នុងឆ្នាំ ២០២១ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ីបានចំនួន ៤៦ ១៨១ តោន ដែលគិតជាទឹកប្រាក់មានចំនួនប្រមាណជា ៣២,០៧ លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនៃការនាំចេញ គឺស្ថិតក្នុងលំដាប់លេខ ៣ បន្ទាប់ពីប្រទេសចិនដែលឈរក្នុងលំដាប់លេខ ១ និងប្រទេសបារាំងឈរលំដាប់លេខ ២។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងប្រទេសម៉ាឡេស៊ី ប្រជាជនដែលមានវ័យចំណាស់ភាគច្រើនបានស្គាល់កេរ្តិ៍ឈ្មោះអង្ករក្រអូបកម្ពុជា តាំងពីសម័យមុនសង្គ្រាម ដែលកម្ពុជាធ្លាប់បាននាំចេញទៅលក់នៅទីនោះ ហើយនៅសម័យកាលនោះអង្ករក្រអូបកម្ពុជាពូជស្រូវឈ្មោះ “សូម៉ាលី” ដែលបច្ចុប្បន្ន អង្ករដែលវេចខ្ចប់ដោយដាក់ឈ្មោះ “សូម៉ាលី” គឺនៅតែបន្តពេញនិយមនៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី»។
លោកបានបន្តថា ប្រទេសម៉ាឡេស៊ីជាទីផ្សារដែលមានសក្តានុពល និងស័ក្តិសមបំផុតសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដោយសារការដឹកជញ្ជូនមានរយៈចម្ងាយជិត ងាយស្រួលដឹកជញ្ជូន៕