ភ្នំពេញៈ កម្ពុជា ទទួលបានចំណូលជាង ១៧០ លានដុល្លារ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ពីការនាំចេញកៅស៊ូ និងឈើកៅស៊ូ។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា ចំណូលសរុបគិតត្រឹមខែឧសភា ក្នុងឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន១៧០ ២៨២ ០៣១ដុល្លារ ដោយក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១ ៨១៣ ៣៩១ដុល្លារ។ដោយឡែកចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១០៥ ០៤៨តោន កើនឡើង ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ខណៈដែលការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១៣ ០២៦ម៉ែត្រគុប។
ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមវិញ លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២២ ថ្លៃ១ ៦០៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៧១ដុល្លារ ក្នុងមួយតោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
លោកបានគូសបញ្ជាក់ថា៖«ក្នុងខែឧសភាតម្លៃមធ្យមនៃប្រភេទកៅស៊ូធម្មជាតិបានបង្ហាញការធ្លាក់ចុះរបស់ទីផ្សារអន្តរជាតិ បើធៀបខែមេសាចំពោះកម្ពុជាទីផ្សារកៅស៊ូអាស្រ័យទីផ្សារអន្តរជាតិ ព្រោះផលិតផលនាំចេញស្ទើរតែ១០០% ការធ្លាក់នេះបណ្តាលមកពី (១) ការភ័យខ្លាចនៃអតិផរណា (២) ការដំឡើងអត្រាការប្រាក់នៅក្នុងសហរដ្ឋអាមេរិក(៣) តម្លៃរូបិយប័ណ្ណធ្លាក់ចុះក្នុងបណ្តាប្រទេសនាំចេញកៅស៊ូសំខាន់ៗនិងការបន្តបិទខ្ទប់ក្នុងផ្នែកខ្លះនៃប្រទេសចិន។ វាជាផ្នែកនៃសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន»។
បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%៕