ភ្នំពេញៈ កម្ពុជាបាននាំចេញជ័រកៅស៊ូ ក្នុងបរិមាណជាង ១០ ម៉ឺនតោន ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២នេះ មានការកើនឡើង ៣ភាគរយ ខណៈដែលតម្លៃបានថយចុះជាង ៧០ដុល្លារ ក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា ការនាំចេញជ័រកៅស៊ូ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២២នេះ សម្រេចបានចំនួន ១០៥ ០៤៨តោន កើនឡើង ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈដែលការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៣ ០២៦ម៉ែត្រគុប។
ចំណែកចំណូលសរុបគិតត្រឹមខែឧសភា ក្នុងឆ្នាំ ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១៧០ ២៨២ ០៣១ដុល្លារ ដោយក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១ ៨១៣ ៣៩១ ដុល្លារ។
ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមវិញ លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ ២០២២ ថ្លៃ ១ ៦០៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៧១ ដុល្លារ ក្នុងមួយតោន ស្មើនឹង ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
លោកបានគូសបញ្ជាក់ថា៖ «ក្នុងខែឧសភា តម្លៃមធ្យមនៃប្រភេទកៅស៊ូធម្មជាតិបានបង្ហាញការធ្លាក់ចុះរបស់ទីផ្សារអរន្តជាតិ បើធៀបខែមេសា។ ចំពោះកម្ពុជាទីផ្សារកៅស៊ូ គឺអាស្រ័យទីផ្សារអន្តរជាតិ ព្រោះជាផលិតផលនាំចេញស្ទើរតែ ១០០ ភាគរយ ការធ្លាក់នេះបណ្តាលមកពី ទី១ ការភ័យខ្លាចនៃអតិផរណា, ទី២ ការដំឡើងអត្រាការប្រាក់នៅក្នុងសហរដ្ឋអាមេរិក, ទី៣ តម្លៃរូបិយប័ណ្ណធ្លាក់ចុះក្នុងបណ្តាប្រទេសនាំចេញកៅស៊ូសំខាន់ៗនិងការបន្តបិទខ្ទប់ក្នុងផ្នែកខ្លះនៃប្រទេសចិន។ ហើយវាជាផ្នែកនៃសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែនផងដែរ»។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគមួយចំនួន ដែលជាប្រភេទរោងចក្រផលិតសម្បកកង់យានយន្ត ជាផលិតកម្មមួយ មានតម្រូវការកៅស៊ូខ្ពស់។ ដោយលោករំពឹងថា រោងចក្រទាំងនេះ នឹងអាចជួយដល់កៅស៊ូក្នុងស្រុក ទាំងតម្លៃនិងស្ថិរភាពទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា៖ «កន្លងមក មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូរបស់យើង បានចុះទៅសិក្សាជាមួយរោងចក្រនៅខាងខេត្តស្វាយរៀង ដើម្បីសិក្សាពីតម្រូវការកៅស៊ូធម្មជាតិ សម្រាប់ការកែច្នៃនៅរោងចក្រនេះ ដោយយើងឃើញថា រោងចក្រនេះមានតម្រូវការកៅស៊ូខ្ពស់។ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានប្រមែប្រមូលផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជាទៅកែច្នៃនៅឡើយទេ។ ម្យ៉ាងវិញទៀត ការផលិតសម្បកកង់យានយន្ត មិនមែនត្រូវការកៅស៊ូធម្មជាតិសុទ្ធយកកែច្នៃនោះទេ ត្រូវលាយផ្សំជាមួយនឹងសមាសធាតុគីមីដទៃទៀត»។
ប៉ុន្តែលោកអះអាងថា អគ្គនាយកដ្ឋានកៅស៊ូនឹងបន្តប្រឹងប្រែង ស្នើសុំកិច្ចសហការពីក្រុមហ៊ុននេះ និងក្រុមហ៊ុនដទៃទៀត ដែលវិនិយោគលើផលិតផលសម្បកកង់យានយន្តនេះ ដោយអគ្គនាយកដ្ឋានកៅស៊ូនឹងសម្របសម្រួល ក្នុងការទិញផលិតផលកៅស៊ូធម្មជាតិពីក្រុមហ៊ុន និងកសិករនៅក្នុងស្រុក។
លោក ជា សាឃិន ប្រធានសហគមកសិកម្មកៅស៊ូគ្រួសារស្រុកមេមត់ បានប្រាប់ឱ្យដឹងដែរថា ការប្រមូលផលកៅស៊ូបានច្រើនជាងមុន ដោយសារតែមានភាពអំណោយផលពីអាកាសធាតុ ប៉ុន្តែនៅក្នុងខែឧសភាកន្លងទៅតម្លៃកៅស៊ូបានធ្លាក់ថ្លៃជាងខែមេសា បន្តិចមកវិញ ដោយសារកសិករប្រមូលផលលក់ច្រើន។
លោកបានបន្ថែមថា ជាទូទៅ កៅស៊ូប្រមូលដើមឆ្នាំតែងតែមានតម្លៃល្អ ដោយសារតែតម្រូវការមានច្រើន ហើយការប្រមូលនៅមានតិចតួចនៅឡើយ ប៉ុន្តែនៅពេលការប្រមូលស្រុះគ្នា កៅស៊ូតែងតែធ្លាក់ថ្លៃបន្តិចមកវិញ ជាធម្មតា។ នៅក្នុងខែឧសភានេះ តម្លៃជ័រកៅស៊ូជាមធ្យម តម្លៃ ១៦០០ដុល្លារ ក្នុងមួយតោន ថយចុះ ៤៣ដុល្លារ បើធៀបនឹងខែមេសា (ឆ្នាំ ២០២២) និងថយចុះ ១០០ដុល្លារ បើធៀបនឹងខែឧសភា ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា៖ «ដើមឆ្នាំនេះ មិនសូវមានខ្យល់កន្ត្រាក់ដូចឆ្នាំមុន ដូចកៅស៊ូមិនសូវមានការខូចខាត។ សហគមន៍យើង ចង់ឱ្យមានរោងចក្រកែច្នៃផលិតផលកៅស៊ូ ដំណើរការឱ្យបានច្រើន ដើម្បីជួយទិញកៅស៊ូពីកសិករ និងអាចផ្តល់ស្ថិរភាពតម្លៃ និងទីផ្សារ បានយូរអង្វែងសមាជិករបស់សហគមន៍ មិនមានការពង្រីកផ្ទៃដីដាំដុះបន្ថែមនោះទេ ដោយសារតែទីផ្សារមិនទាន់ស្ថិរភាពល្អ ហើយស្ថិតនៅក្នុងវិបត្តិកូវីដ១៩នៅឡើយ ស្របពេលដែលតម្លៃដីធ្លីក៏ឡើងថ្លៃផងដែរ»។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា កើនឡើងជាង ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ តាមរយៈកំណើននេះ អគ្គនាយកដ្ឋានកៅស៊ូបានព្យាករថា ចាប់ពីឆ្នាំ ២០២២ តទៅ កម្ពុជានឹងអាចនាំចេញកៅស៊ូបានជាមធ្យម ៤០ម៉ឺនតោន ក្នុងមួយឆ្នាំៗ ដោយនឹងអាចនាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏ដូចជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានផងដែរ៕