ភ្នំពេញៈ កម្ពុជារំពឹងថា អាចនឹងនាំចេញមៀនប៉ៃលិនជាផ្លូវការទៅប្រទេសចិន នៅក្នុងខែកញ្ញាខាងមុខ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបារម្ភពីបញ្ហាប្រឈមមួយចំនួនដែលអាចប៉ះពាល់ដល់ការនាំចេញ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា មកទល់ពេលនេះ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យសុំចុះបញ្ជីចម្ការមៀនចំនួន ៦៤ និងរោងចក្រវេចខ្ចប់ ៧ ហើយ ដោយអគ្គនាយកដ្ឋានបានពិនិត្យវាយតម្លៃចម្ការ និងរោងចក្រវេចខ្ចប់ទាំងនេះ និងបានផ្ញើបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់ទៅអគ្គរដ្ឋបាលគយចិន ដើម្បីទទួលបានការអនុញ្ញាតនាំចេញ។ ចំណែកបរិមាណនាំចេញអាស្រ័យតាមសមត្ថភាពកែច្នៃរបស់រោងចក្រវេចខ្ចប់ និងផែនការបញ្ជាទិញជាក់ស្តែងពីចិន។
លោកប្រាប់ថា៖ «សម្រាប់ការចាប់ផ្តើមនាំចេញផ្លែមៀនស្រស់លើកដំបូងទៅទីផ្សារប្រទេសចិន នារដូវប្រមូលផលខាងមុខ យើងនឹងមានក្រុមហ៊ុនចំនួន ៧ និងកសិដ្ឋាន ៦៤ ដែលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅចិន បន្ទាប់ពីទទួលបានការអនុម័តពីនាយកដ្ឋានអនាម័យ និងភូតគាមអនាម័យនៃអគ្គរដ្ឋបាលគយចិន។ ក្រោយពីនោះបងប្អូនម្ចាស់ចម្ការមៀន និងរោងចក្រវេចខ្ចប់ដទៃទៀតក៏អាចទំនាក់ទំនងដាក់ពាក្យស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មជាបន្តបន្ទាប់ បើមានចំណាប់អារម្មណ៍ចូលរួមនៅក្នុងដំណើរការជំរុញការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន»។
ទោះបីជាការនាំចេញផ្លែមៀនស្រស់ អាចធ្វើឡើងនៅក្នុងរដូវប្រមូលផលនាពេលដ៏ខ្លីខាងមុខនេះក្តី លោក មុន្នីវុធ បារម្ភថា អាចនឹងជួបបញ្ហាប្រឈមខ្លះៗដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល និងការរឹតបន្តឹងរបស់ប្រទេសចិន លើការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងកូវីដ ១៩ ពីប្រទេសខាងក្រៅជាដើម។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សម្រាប់ខេត្តប៉ៃលិន កសិករអាចនឹងប្រមូលជាបណ្តើរៗនៅក្នុងខែកញ្ញាខាងមុខ ប៉ុន្តែកសិករ និងម្ចាស់ចម្ការមៀនប៉ៃលិន ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងមានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អនៅមានកម្រិតតិចតួច ប្រហែល ៣០ ភាគរយប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «យើងតែងចុះណែនាំដល់កសិករ និងម្ចាស់ចម្ការនៅក្នុងខេត្តប៉ៃលិនទាំងអស់ឱ្យទៅចុះបញ្ជី និងចូលរួមការបណ្តុះបណ្តាលពីការអនុវត្តកសិកម្ម ដើម្បីទទួលបានការអនុញ្ញាតនាំចេញផ្លែមៀនស្រស់ទៅចិន នៅពេលដែលគេអនុញ្ញាតឱ្យនាំចេញជាផ្លូវការ ប៉ុន្តែកសិករភាគច្រើននៅរង់ចាំមើលសិន ទាល់តែអាចនាំចេញបានមែន ទើបពួកគាត់នាំគ្នាមកចុះ»។
បើតាមការឱ្យដឹងពីលោក សុផាត បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំដុះ និងប្រមូលផលមៀនប៉ៃលិនប្រមាណជិត ៤ ០០០ ហិកតា។
នៅខេត្តបាត់ដំបង មានផ្ទៃដីដាំដុះមៀនប៉ៃលិន ច្រើនជាងខេត្តប៉ៃលិន ដោយមានជិត ៧ ០០០ ហិកតា ខណៈផ្ទៃដីប្រមូលផលមានជាង ៥ ០០០ ហិកតា។ នេះបើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង។
លោក វជិរា បន្តថា ការប្រមូលមៀនប៉ៃលិន គឺអាស្រ័យលើការបញ្ជារបស់អ្នកដាំដុះមានន័យថា ផ្លែឈើនេះមិនមានរដូវប្រមូលផលច្បាស់លាស់ដូចផ្លែឈើដទៃទៀត កសិករអាចប្រមូលផលទៅតាមការបញ្ជាដោយប្រើប្រាស់ថ្នាំកសិកម្ម ដែលគេអាចបញ្ជាឱ្យចេញផ្លែខែសីហា ឬកញ្ញាក៏បាន។
លោកបានបន្ថែមថា ខាងមន្ទីរបានត្រៀមលក្ខណសម្បត្តិសម្រាប់ការនាំចេញគ្រប់គ្រាន់ហើយ ដោយនៅឡើយតែកសិករ និងម្ចាស់ចម្ការប៉ុណ្ណោះ នៅមិនទាន់បានសហការ ១០០ ភាគរយ ខណៈបច្ចុប្បន្នមន្ត្រីជំនាញកំពុងតែខិតខំប្រឹងប្រែងជំរុញលើការងារនេះ។
លោកលើកឡើងថា៖ «យើងកំពុងជំរុញបន្ថែមដល់កសិករ ក៏ដូចជាម្ចាស់ចម្ការ ដើម្បីឱ្យយល់ពីលក្ខណៈបច្ចេកទេស ច្បាប់ និងលក្ខខណ្ឌស្តង់ដាផ្សេងៗ ព្រោះរាល់ការនាំចេញទៅចិន ទាល់តែយើងធ្វើតាមលក្ខណៈបច្ចេកទេសអនុវត្តកសិកម្មល្អ (GAP) និងចុះបញ្ជីចម្ការឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង ចៀសវាងការដាំដុះថែទាំខុសបច្ចេកទេស ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ចម្ការដទៃទៀត»។
បើតាមក្រសួងកសិកម្ម ការដាំមៀនប៉ៃលិនកំពុងកើនឡើងខ្ពស់ដោយមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ក្នុងនោះផ្ទៃដីប្រមូលផលមាន ៨ ពាន់ហិកតា ដោយ ១ ហិកតា ទទួលបានផលពី ១៥ ទៅ ២០ តោន។ ក្នុង ១ ឆ្នាំៗ ទិន្នផលមៀនប៉ៃលិនប្រមូលបានជាង ១០ ម៉ឺនតោន៕ LA