ភ្នំពេញៈ កម្ពុជាបាននាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ក្នុងទឹកប្រាក់ជាង ៧០២ លានដុល្លារ នារយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ កើនជិត ៣៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យឱ្យដឹងថា ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២២ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុបជាង ៧០២ លានដុល្លារ កើនឡើង ៣៥,៩ ភាគរយពីចំនួនជិត ៥១៧ លានដុល្លារ កាលពីរយៈពេល ៥ ខែដំបូងឆ្នាំ ២០២១។ ទឹកប្រាក់ពីការនាំចេញទាំងនេះ គឺស្មើនឹងប្រមាណ ៧,៥ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។
ចំពោះខែឧសភា ឆ្នាំ ២០២២ ការនាំចេញស្បែកជើង ស្រោមជើង វត្ថុប្រហាក់ប្រហែលមានតម្លៃ ១៣១ លានដុល្លារ កើន ២៧,៧ ភាគរយ ពីចំនួន ១០៣ លានដុល្លារ កាលពីខែឧសភា ឆ្នាំមុន។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែមិថុនាថា ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលបានកើនឡើងជាបន្តបន្ទាប់ ទោះក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ខ្លាំងក៏ដោយ។ កំណើននេះ គឺដោយសារកម្លាំងផលិតកម្មនៅកម្ពុជាមានភាពរឹងមាំ តាមរយៈការគ្រប់គ្រងដ៏មានប្រសិទ្ធភាពនៃការរីករាលដាលកូវីដ ១៩ និងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩។
លោកបន្តថា បន្ថែមលើនេះចំនួនការចូលមកវិនិយោគទៅលើរោងចក្រដេរស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលក៏កំពុងកើន ខណៈកម្ពុជាជាប្រទេសមានច្បាប់វិនិយោគអំណោយផលមានកម្លាំងពលកម្មសម្បូរតម្លៃសមរម្យ ពិសេសកម្ពុជាមានទីផ្សារនាំចេញកាន់តែធំតាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកិច្ចព្រមព្រៀង RCEP ជាដើម។
លោកថ្លែងថា៖ «មានកត្តាជាច្រើនធ្វើឱ្យការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនឡើង ជាពិសេសភាពអំណោយផលនៃច្បាប់វិនិយោគរបស់កម្ពុជា»។
យោងតាម លោក លឹម ហេង ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ផលិតនៅកម្ពុជាត្រូវបាននាំទៅគោលដៅសំខាន់ៗមួយចំនួនដូចជា អាមេរិក, អឺរ៉ុប, កាណាដា, អង់គ្លេស និងប្រទេសក្នុងតំបន់។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា ផលិតកម្មស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល បាននិងកំពុងដើរតួនាទីជាផ្នែកសំខាន់ក្នុងការនាំប្រាក់ចំណូលចូលជាតិ និងបង្កើតការងារឱ្យប្រជាជនខ្មែរ។ បច្ចុប្បន្នកម្ពុជាទទួលបានការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ក្នុងឧស្សាហកម្មផលិតស្បែកជើង ខណៈដែលទីផ្សារនាំចេញភាគច្រើនទៅប្រទេសមានសេដ្ឋកិច្ចរីកចម្រើនដូចជា អាមេរិក និងតំបន់អឺរ៉ុប។ លោកបន្តថា ការបញ្ជាទិញផលិតផលស្បែកជើងនឹងមានសម្ទុះកាន់តែខ្លាំងនៅពេលការបើកព្រំដែនឆ្លងប្រទេសត្រូវធ្វើឡើងដូចមុនពេលមានវិបត្តិជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា៖ «ខ្ញុំមើលឃើញការនាំចេញស្បែកជើងពីកម្ពុជាទៅទីផ្សារអន្តរជាតិ នឹងមានកំណើនខ្ពស់ចាប់ពីឆ្នាំនេះតទៅ ព្រោះនៅពេលវិស័យទេសចរណ៍មានដំណើរការល្អ តម្រូវការស្បែកជើងនឹងហក់ឡើងទៅតាមនោះដែរ»។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗថា ការផលិត និងនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលនឹងបន្តកើនថែមទៀត ព្រោះកម្ពុជាទទួលបានកំណើននៃរោងចក្រដែលប្តូរទីតាំងពីប្រទេសផ្សេងដូចជា ចិន និងមីយ៉ាន់ម៉ា ចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២២ នេះខ្ញុំគិតថា ប្រាក់បានពីការនាំចេញស្បែកជើងនឹងអាចកើនចន្លោះពី ២០ ទៅ ៣០ ភាគរយ ធៀបឆ្នាំ ២០២១ ព្រោះនៅពេលការធ្វើដំណើរកើនឡើងតម្រូវការស្បែកជើងនឹងឡើងទៅតាមនោះដែរ»។
បើតាមលោក ឃុនថៃ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម៕ LA