ភ្នំពេញៈ អ្នកជំនាញ​បានឱ្យ​ដឹងថា បំណុល​សាធារណៈ​របស់​កម្ពុជា​ស្ថិត​នៅក្នុង​កម្រិត​ទាប​ប្រហែល ២៤ ​ភាគរយ​ធៀប​នឹង​ផលិតផល​សរុប​ក្នុងស្រុក​ដែលជា​កម្រិត​មូលដ្ឋាន​ដ៏ទាប​ជាង​បណ្តា​ប្រទេស​ទាំងឡាយ​នៅក្នុង​តំបន់ និង​ពិភពលោក​។

យោងតាម​ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ដើម​ខែមិថុនា គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ដោយ​គិត​ទាំង​បំណុល​មរតក កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន​ ៩,៨១​ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​សុទ្ធសឹង​ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស ដោយ​ក្នុង​នោះ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ប្រមាណ ៦៨ ​ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី ៣២ ​ភាគរយ​។

ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ៣១៧,២៤​ លាន​ដុល្លារ​សមមូល​នឹង ២២៨,២១ ​លាន SDR ស្មើ​ប្រមាណ ១៤​ ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត (១ ៦០០ ​លាន SDR) ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ ៥២​ ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ប្រមាណ ៤៨ ​ភាគរយ​។ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង ដោយហេតុថា កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ពុំមាន​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាល់តែ​សោះ​។

យោងតាម​ក្រសួង​៖ «​ជារួម​ឥណទាន​ទាំងនេះ សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមាណ ៥០​ ភាគរយ​។ គោលដៅ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាំងនេះ គឺ​សម្រាប់​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​»​។

យោងតាម​ក្រសួង សូចនាករ​បំណុល​សំខាន់ៗ​ទាំងអស់​នៅក្នុង​ឆ្នាំ ​២០២២ គឺ​ស្ថិត​នៅក្រោម​កម្រិត​កំណត់​ដែល​ក្នុងនោះ​សូចនាករ​បំណុល​សំខាន់ តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ និង​ធានា​ជា​សាធារណៈ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ​គឺ​ស្ថិតនៅ​កម្រិត ២៤,៩ ភាគរយ​បើ​ធៀប​ទៅនឹង​កម្រិត​កំណត់​ចំនួន ៤០ ​ភាគរយ​។

លោក Stephen Higgins ដៃគូ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Mekong Strategic Partners (MSP) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា​ថា តាម​ទស្សនៈ​បំណុល​របស់​រដ្ឋាភិបាល​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ដ៏អស្ចារ្យ​មួយ​។ វា​មិន​ត្រឹមតែ​មាន​កម្រិត​ទាប​ធៀប​នឹង​ប្រទេស​ជិតខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​កម្រិត​ទាប​នៅលើ​មូលដ្ឋាន​សកល​។

លោក​បាន​ថ្លែងថា​៖ «​បំណុល​របស់​កម្ពុជា​ភាគច្រើន​ស្ថិតក្នុង​លក្ខខណ្ឌ​សម្បទាន ខណៈដែល​ចំនួន​បំណុល​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដៃគូ ខណៈ​ការចំណាយ​លើ​សេវាកម្ម វារឹត​តែ​ទាប​ដោយសារ​តែ​តម្លៃ​អត្រា​ការប្រាក់​ទាប​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd ក៏បាន​លើកឡើង​ផងដែរ​ថា ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ចេញពី​ការផ្តល់​ហិរញ្ញប្បទាន​ដោយ​ផ្អែកលើ​ម្ចាស់ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​ទៅ​ជា​ប្រទេស​ខ្ចីប្រាក់​ដែលមាន​អធិបតេយ្យភាព​ដ៏ស្មោះត្រង់​។

លោក​អះអាង​ថា​៖ «​រដ្ឋាភិបាល​ធ្វើ​ការងារ​បានល្អ​ណាស់​ក្នុង​ការ​គ្រប់គ្រង​បំណុល ដោយ​បំណុល​ធៀប​ទៅនឹង GDP ជា​កម្រិត​ទាប​បំផុត​ទី​ ២ ​ក្នុង​តំបន់​អាស៊ាន មាន​តែ​ប្រទេស​ប្រ៊ុយណេ​ដែល​សម្បូរ​ប្រេង​ប៉ុណ្ណោះ​នៅក្នុង​តំបន់​អាស៊ាន​ដែលមាន​បំណុល​តិច​បំផុត​»៕ LA

វីដេអូ៖