ភ្នំពេញៈ ការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៣៤,៥ ភាគរយ ដែលមានទឹកប្រាក់ ៤១៥,៥ ពាន់ពាន់លានរៀល នៅក្នុងឆ្នាំ ២០២១ ខណៈចំនួនគណនី E-Wallet បានកើនឡើងដល់ ១៣,៦ លានគណនី ដែលស្មើនឹងជាង ៨០ ភាគរយនៃចំនួនប្រជាជនសរុប បើធៀបនឹងឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១។
របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ បានបង្ហាញថា ប្រព័ន្ធទូទាត់ និងការទូទាត់របស់កម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការប្រើប្រាស់ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិកបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ។ ចំណែកដ៏ធំនៃយុវជនក្នុងចំនួនប្រជាជនទូរស័ព្ទចល័តខ្ពស់ និងការជ្រៀតចូលអ៊ីនធឺណិត និងក្របខ័ណ្ឌបទប្បញ្ញត្តិគាំទ្របានលើកទឹកចិត្តដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីណែនាំសេវាកម្មទូទាត់ឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងភ្នាក់ងារជាច្រើនទូទាំងប្រទេស ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុផងដែរ។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាបានថ្លែងថា ចំណុចគួរឱ្យកត់សម្គាល់ចុងក្រោយ ដូចដែលមានរៀបរាប់ក្នុងជំពូកថ្មីស្តីពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ (របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១) គឺប្រព័ន្ធទូទាត់ឌីជីថលមានការរីកចម្រើនឆាប់រហ័សព្រមទាំងបានជួយសម្រួលដល់រំហូរប្រតិបត្តិការជួញដូរទំនិញ និងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់បណ្តាលមកពីជំងឺកូវីដ ១៩ ក៏ដោយ។
លោកស្រីបញ្ជាក់ថា៖ «ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិកបានកើន ៣៤,៥ ភាគរយ ស្មើនឹង ៣,៨ ដងនៃផ.ស.ស. ខណៈចំនួនគណនីកាបូបអេឡិចត្រូនិក (E-Wallet) បានកើនដល់ ១៣,៦ លានគណនី ដែលស្មើនឹងជាង ៨០ ភាគរយនៃចំនួនប្រជាជនសរុប»។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ ១៩ ដែលឈានដល់ការបិទខ្ទប់ទ្រង់ទ្រាយធំនៅភ្នំពេញ និងខេត្តកណ្តាល កាលពីឆ្នាំ ២០២១ គឺជាពេលដែលបង្ខំឱ្យមនុស្សចំនួនធំងាកមកប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីកាត់បន្ថយការឆ្លងរាលដាល ហើយមានភាពងាយស្រួល និងចំណេញពេលវេលា។
លោកបន្ថែមថា បើមើលទៅលើប្រព័ន្ធបាគង ដែលជា app របស់ធនាគារជាតិនៃកម្ពុជាបានភ្ជាប់ជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ជាង ២០ គឺមានភាពល្អប្រសើរ។ នៅពេលដែលមានការផ្ទេរប្រាក់ ឬទូទាត់ប្រាក់ឆ្លងពីធនាគារ ១ ទៅធនាគារ ១ ពីគណនី ១ ទៅគណនី ១ គឺវាងាយស្រួលជាងមុន និងមិនតម្រូវឱ្យមានការបង់សេវាអ្វីទាំងអស់។
លោកបានបញ្ជាក់ថា៖ «ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ Digital Payment ចំពេលកាលៈទេសៈលំបាក និងទាមទារឱ្យមានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។ នេះជាលក្ខខណ្ឌ ដែលជំរុញឱ្យការទូទាត់តាមអេឡិចត្រូនិក មានការកើនឡើងក្នុងរយៈពេល ១ ឆ្នាំ ទៅ ២ ឆ្នាំចុងក្រោយនេះ»។
បើយោងតាមរបាយការណ៍ ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ សម្រាប់ការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ ២០២១ ក្នុងនោះតម្លៃសរុបនៃការទូទាត់តាមប្រព័ន្ធអនឡាញ ដោយប្រើគណនី E-Wallet បានកើន ១៧,៣ ភាគរយ គិតជាប្រាក់ជិត ២០០ ពាន់ពាន់លានរៀល ដែលមានចំនួនប្រតិបត្តិការ ៣៤៣,៨ លានដង៕ LA