ភ្នំពេញៈ កំពង់ផែដងទង់ ក្នុងខេត្តកោះកុង នឹងបម្រើដល់វិស័យទេសចរណ៍ និងដឹកជញ្ជូនទំនិញចេញចូល ប្រទេសជិតខាង ខណៈកំពង់ផែនេះនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ ២០២២ នេះហើយ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ខណៈដែលការស្ថាបនាកំពង់ផែនេះ នឹងត្រូវបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០២២ នេះ។
លោកថ្លែងថា កំពង់ផែនេះសាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារខេត្តកោះកុង គឺខេត្តទេសចរណ៍មួយដែរ ដូចនេះការស្ថាបនាកំពង់ផែដងទង់នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រួលដល់ការចតនាវាទេសចរណ៍ និងរថយន្តដឹកជញ្ជូនអ្នកដំណើរផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «កំពង់ផែនេះ គឺប្រើប្រាស់សម្រាប់ជាផែទេសចរណ៍ ហើយក្រសួងសាធារណការ នឹងប្រើប្រាស់សម្រាប់ការដឹកជញ្ជូនមួយចំនួន ដោយមានការបែងចែកទីតាំងឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់»។
លោក ស៊ិន ចន្ធី ប្រធាសមាគមភ័ស្តុភារកម្មកម្ពុជា បានឱ្យដឹងថា ការស្ថាបនាកំពង់ផែដងទង់នៅខេត្តកោះកុងនេះ នឹងជំរុញឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹកកាន់តែមានភាពមមាញឹកបន្ថែមទៀត ព្រោះថាតាមផ្លូវទឹកមានភាពងាយស្រួល ដោយការចំណាយថ្លៃដឹកតិច និងមិនមានការកកស្ទះចរាចរណ៍ដូចផ្លូវគោកឡើយ។
លោកបានបន្ថែមថា កាលពីមុនកំពង់ផែនេះ មានទំហំតូច និងចាស់ទ្រុឌទ្រោម ប៉ុន្តែនៅពេលរដ្ឋាភិបាលបានស្ថាបនាឡើងវិញ ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីជាច្រើនបែបនេះ ច្បាស់ណាស់ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ កាន់តែមានភាពរលូន។
បញ្ជាក់ថា៖ « ខាងវិស័យដឹកជញ្ជូនឯកជន មានបំណងឱ្យការដឹកជញ្ចូនតាមផ្លូវទឹកកាន់តែច្រើន ព្រោះយើងដឹកបានច្រើនតម្លៃធូរថ្លៃ និងមិនស្ទះចរាចរណ៍។ ការបើកឱ្យដំណើរការកំពង់ផែដងទង់ ខេត្តកោះកុងនាពេលខាងមុខនេះ នឹងផ្តល់ផលចំណេញមួយទៀតហើយសម្រាប់វិស័យដឹកជញ្ជូនយើង»។
កំពង់ផែដងទង់ នេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ ម៉ែត្រ x ១៦,៥ ម៉ែត្រ ដោយរដ្ឋាភិបាលបានចំណាយថវិកាជាង ១,៥ លានដុល្លារ ក្នុងការស្ថាបនាសាងសង់ឡើងវិញ ខណៈដែលកំពង់ផែនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាកដល់ការដោះដូរទំនិញរបស់ប្រជាពលរដ្ឋតាមផ្លូវសមុទ្រ។ កំពង់ផែនេះ ត្រូវបានសាងសង់ថ្មីទាំងស្រុង នៅចំណុចផែចាស់នោះដដែល ដើម្បីបម្រើឱ្យការចេញចូលទំនិញតែមួយគត់ ខណៈផែចាស់ពីមុនធ្លាប់បម្រើឱ្យការចេញចូលទំនិញផង និងទេសចរណ៍ផង។
គម្រោងសាងសង់កំពង់ផែនេះ ក៏មានការរំខានពីជំងឺកូវីដ ១៩ ខ្លះដែរ ព្រោះថា សម្ភារមួយចំនួនត្រូវនាំចូល និងជួលពីប្រទេសជិតខាង ប៉ុន្តែបើជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលខ្លាំង ដូច្នេះការសាងសង់អាចនឹងមានការយឺតយ៉ាវខ្លះ។ កំពង់ផែដងទង់នេះ ធ្លាប់បានសាងសង់ និងជួសជុល ៣ ដងរួចមកហើយ ហើយនៅឆ្នាំ ២០២១ នឹងត្រូវសាងសង់ជាផែដងទង់ថ្មី ដែលមានសភាពរឹងមាំ និងត្រូវចំណាយថវិកាអស់ច្រើនជាងលើកមុន៕